អានតួអត្ថបទ
យេម៉ែន

ស្លាប់​២៩​នាក់​នៅ​ខាង​ជើង​យេម៉ែន ​ក្រោម​គ្រាប់បែក​ ដែល​ក្រុម​ឧទ្ទាម ​ចោទ​ថា​របស់​អារ៉ាប៊ីសាអូឌីត

កាលពីថ្ងៃពុធ មានប្រតិបត្តិការទំលាក់គ្រាប់បែកមួយ ពីលើទីផ្សារប្រជុំជន ក្នុងក្រុងសាហារ ភាគខាងជើងប្រទេសយេម៉ែន។​ មានមនុស្សយ៉ាងហោចណាស់ ២៩នាក់ បានស្លាប់ ដែលតាមការអះអាងរបស់ក្រុមឧទ្ទាម​ហ៊ូទីស គឺសុទ្ធតែជាប្រជាជនស្លូតត្រង់។​ ក្រុមឧទ្ទាមហ៊ូទីស ក៏បានលើកឡើង​ថា គឺកងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអីឌីទ ដែលបានធ្វើការទំលាក់គ្រាប់បែកនេះ ​មកលើប្រជាជនស្លូតត្រង់។

សាកសព ស្លាប់ដោយគ្រាប់បែក​ ថ្ងៃ​ទី​១​ វិច្ឆកា​ ២០១៧ នៅ​តំបន់​សាហារ​ ខាង​ជើង​​យេម៉ែន
សាកសព ស្លាប់ដោយគ្រាប់បែក​ ថ្ងៃ​ទី​១​ វិច្ឆកា​ ២០១៧ នៅ​តំបន់​សាហារ​ ខាង​ជើង​​យេម៉ែន STRINGER / AFP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័តមាន សាបា បានអះអាងថា ក្រុមហ៊ូទីស បានធ្វើការចោទប្រកាន់ទៅលើអារ៉ាប៊ីសាអូឌីត ដែលជាអ្នកទំលាក់គ្រាប់បែក។ ជនរងគ្រោះស្លាប់ ទាំង២៩នាក់​ គឺសុទ្ធតែជាប្រជាជនស៊ីវីល  ព្រោះអារ៉ាប៊ីសាអូឌីត បានទំលាក់គ្រាប់ ពីលើទីផ្សារ ប្រជុំជន ក្នុងក្រុងសាហារ នៃខេត្តសាណា ភាគខាងជើងយេម៉ែន។ តែយ៉ាងណា យោងតាមប្រភពព័ត៌មាន ពីអ្នកទទួលខុសត្រូវផ្នែកសុខាភិបាល របស់ក្រុមឧទ្ទាមហ៊ូទីស បានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន២៩នាក់ ហើយនឹងរបួសធ្ងន់១៧នាក់ តែមិនអាចបញ្ជាក់ថា អ្នករងគ្រោះ សុទ្ធតែប្រជាជនស៊ីវីលឡើយ។

សូមបញ្ជាក់ថា ខេត្តសាណា គឺជាមូលដ្ឋានធំ របស់ក្រុមឧទ្ទាមហ៊ូទីស។ ក្រុមឧទ្ទាម​ដែលមានអ៊ីរ៉ង់ ជាអ្នកជួយឧបត្ថម្ភគាំទ្រនេះ បានធ្វើសង្រ្គាមបះបោរប្រឆាំងនឹងរដ្ឋាភិបាលយេម៉ែន នៅរវាងខែកញ្ញា ឆ្នាំ២០១៤។ ហើយនៅខែមីនា​ ឆ្នាំ២០១៥ សម្ព័ន្ធអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីត ជាមេដឹកនាំ បានស្ម័គចិត្តមកជួយប្រយុទ្ធការពាររដ្ឋាភិបាលយេម៉ែន។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក  ក្នុងរយៈពេលជាង២ឆ្នាំមកនេះ  សង្រ្គាមនៅយេម៉ែន បានផ្តាច់ជីវិតមនុស្សអស់ ៨៦៥០នាក់ និងរបួសជិត ៦ម៉ឺននាក់។ អង្គកាសិទ្ធិមនុស្សជាច្រើន បានធ្វើការចោទប្រកាន់ ទៅលើកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ដែលបានទំលាក់គ្រាប់បែក ដោយព្រាវៗស្មានៗ ទាំងងងិតងងុល ទៅលើទីតាំងភូមិស្រុក និងទីប្រជុំជន ដែលសំបូរទៅដោយប្រជាជនស្លូតត្រង់។ អង្គការសហប្រជាជាតិ ក៏បានបើកការស៊ើបអង្កេតមួយដែរ។

ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យទី ២៨តុលា មេបញ្ជាការកងទ័ពអារ៉ាប៊ីសាអីឌីត បានលើកឡើងថា​ កងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ បានធ្វើប្រតិបត្តិការទំលាក់គ្រាប់ដោយត្រឹមត្រូវ និងប្រុងប្រយ័ត្នបំផុត។​ បើមានប្រជាជនស៊ីវីលស្លាប់ច្រើន ក៏មិនមែនជាកំហុសរបស់កងទ័ពអារ៉ាប៊ីសាអូឌីតដែរ  គឺមកពីពួកឧទ្ទាមហ៊ូទីសទេ ដែលចូលទៅបន្លំខ្លួន ក្នុងចំណោមប្រជាជនស៊ីវីល។

គួរកត់សំគាល់ថា សង្រ្គាមនៅយេម៉ែន បានអូសបន្លាច ហាក់ដូចជាគ្មានពន្លឺថាមានច្រកចេញទាល់តែសោះ។ ផែនការទំលាក់អាវុធ និងចរចាសន្តិភាព ត្រូវបានបរាជ័យជាច្រើនលើក។ ជាងនេះទៅទៀត គេពុំឃើញមានការស្វះស្វែងណាមួយ ពីសំណាក់សហគមអន្តរជាតិ ក្នុងការដាក់សំពាធទៅលើភាគីជំលោះទេ។ ផ្ទុយទៅវិញ  ថ្មីៗនេះ អ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត បានបន្តចោទគ្នាទៅវិញទៅមក ថាជាអ្នកបង្កសង្រ្គាមវិនាសកម្មនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ