អានតួអត្ថបទ
អ៊ីរ៉ង់

បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់៖ លោក​ហាសាន់ រ៉ូហានី ឈ្នះ​​តាំងតែ​ពី​ជុំ​ទី​មួយ

លោក​ហាសាន់ រ៉ូហានី ​ប្រធានាធិបតី​អ៊ីរ៉ង់ ​ដែល​កំពុង​ឈរ​ឈ្មោះ​បោះឆ្នោត​អាណត្តិ​ទីពីរ ​ បាន​ទទួល​ជ័យជំនះ​តាំងតែ​ពី​ជុំ​ទីមួយ ​ដោយ​បាន​ទទួល​សំឡេង​ឆ្នោត​ប្រមាណ​ជា​៥៧% ​ទល់​នឹង​សម្លេង​ជាង​៣៨% ​របស់​លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី។ នេះ​បើ​យោង​តាម​លទ្ធផល​បណ្តោះ​អាសន្ន​ ផ្សាយ​ជា​ផ្លូវការ​ដោយ​អាជ្ញាធរ​អ៊ីរ៉ង់ ​ មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត។ ជ័យ​ជំនះ​នេះ ​នឹង​អនុញ្ញាតិ ​ឲ្យ​លោក​ រ៉ូហានី ​បន្ត​គោល​នយោបាយ​បើក​ទ្វារ​ចំហរ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ ជាមួយ​នឹង​អន្តរជាតិ ​ ដែល​អាច​ផ្តល់​ដង្ហើម​ ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​​ដល់​ប្រជាជន​អ៊ីរ៉ង់។

នារីជនជាតិអ៊ីរ៉ង់ កាន់​បដារូបលោក ហាសាន់ រូហានី ដោយ​ក្តី​សប្បាយ​ បន្ទាប់​ពី​បាន​ដឹង​​លទ្ធផល​ឆ្នោត​
នារីជនជាតិអ៊ីរ៉ង់ កាន់​បដារូបលោក ហាសាន់ រូហានី ដោយ​ក្តី​សប្បាយ​ បន្ទាប់​ពី​បាន​ដឹង​​លទ្ធផល​ឆ្នោត​ Reuters
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សំដី​របស់​លោក​អនុរដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អ៊ីរ៉ង់ បានឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​សន្លឹក​ឆ្នោត ​៤០លាន​សន្លឹក​ដែល​បាន​រាប់​រួច​រាល់ ​គឺ​លោក​ ហាសាន់ រ៉ូហានី បាន​ទទួល​ចំនួន​ ២២,៨​លាន​សន្លឹក​ ចំណែក​លោក​ អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​បាន​ទទួល​ចំនួន​១៥,៤ ​លាន​សន្លឹក។ ចំណែក​បេក្ខជន​តូច​ពីរ​រូប​ទៀត ​បាន​ទទួល​សម្លេង​ឆ្នោត​ស្តួចស្តើង។ យោង​តាម​លទ្ធផល​នេះ ​មាន​ន័យ​ថា​ លោក​ ហាសាន់ រ៉ូហានី ​បាន​ទទួល​សម្លេង​ឆ្នោត​ ៥៧% ​ ទល់​នឹង​លោក​ អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​ដែល​បាន​៣៨,៥%។

 
ថ្វីបើ​នេះ ​មិនមែន​ជា​លទ្ធផល​សរុប​ទាំង​អស់​ តែ​វា​បាន​បង្ហាញ​ពី​ជ័យជំនះ ​ឈ្នះ​ដាច់ ​របស់​លោក​ហាសាន់ រ៉ូហានី ​ដោយ​មិនចាំ​បាច់​រៀប​ចំ​ការ​បោះឆ្នោត​ជុំទី​ពីរ​នោះទេ។ យ៉ាង​ណាមិញ​ ក្រុម​លោក ​អេប្រាហ៊ីម រ៉ាអ៊ីស៊ី ​បាន​ថ្លែង​ការ​អបអរ ​ទទួល​ស្គាល់​ជ័យជំនះ​របស់​គូ​ប្រកួត​ខ្លួន​ តាំង​តែ​ពី​សន្លឹក​ឆ្នោត​ទើប​ត្រូវ​បាន​ចាប់​ផ្តើម​រាប់​ម្លេះ។

បើយោង​តាម​តួលេខ ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ច្រើន ​រហូត​ដល់​ជាង​៧០%។ អ្នក​រាយការណ៍​ព័ត៌មាន​បារាំង​ បាន​លើកឡើង​ថា​ នៅ​តាម​ទីក្រុង​ធំៗ ​ដូចជា​នៅ​រដ្ឋធានី​តេអេរ៉ង់​ជាដើម ​ប្រជាជន​បាន​នាំគ្នា​ពពាក់ពពូន​ទៅ​បោះឆ្នោត ​ ប្រកប​ដោយ​ទឹកចិត្ត​ត្រេកអរ ​បំផុត។ យ៉ាង​ណាមិញ ​ ការិយាល័យ​បោះឆ្នោត​បាន​បន្ត​បើក​ទ្វារ​រហូត​ដល់ ​ម៉ោង​១២​យប់ ​ ព្រោះនៅតែ​មាន​មនុស្ស​បន្ត​គ្នា​ ឈរ​ចាំ​បោះ។ នេះ​ស​បង្ហាញ​ឲ្យឃើញ​ពី​ ចេតនា ​របស់​ប្រជាជន​អ៊ីរ៉ង់​ ដែល​ចង់​ចូលរួម​ ប្រើ​សន្លឹក​ឆ្នោត ​ដើម្បី​កំណត់​ជោគ​វាសនា​របស់​ប្រទេស​ខ្លួន។

ជ័យជំនះ​របស់​លោក ​ហាសាន់ រ៉ូហានី ​នាពេល​នេះ ​ នឹង​បើក​ផ្លូវ​ឲ្យ​លោក​បន្ត​អាណត្តិ​ទីពីរ​របស់​លោក ​ ដើម្បី​អនុវត្ត​បន្ត​នូវ​គោល​នយោបាយ ​បើក​ទ្វារ​សេដ្ឋកិច្ច​អ៊ីរ៉ង់។ អ៊ីរ៉ង់​ ទើបតែ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ ចាប់​ផ្តើម​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បណ្តើរៗ​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥។ តែ​យ៉ាងណា ​សន្ទុះ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ នៅ​មិន​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ​ទេ ​ដោយសារ​ធនាគារ ​និង​អ្នក​វិនិយោគ​នៅ​មាន​ការ​ស្ទាក់ស្ទើរ ​និង​ជា​ពិសេស​ ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ដូណាល់ ត្រាំ ​ដែល​លោក​បាន​បន្ត​ដាក់​សំពាធ​លើ​អ៊ីរ៉ង់។ អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​អ៊ីរ៉ង់ ​នៅតែ​មាន​កម្រិត​ខ្ពស់​ខ្លាំង ​ជា​ពិសេស​ក្នុង​ចំណោម​យុវជន​ ដែល​មាន​រហូត​ដល់​ជិត​៣០%។

នៅមាន​ក្តី​សង្ឃឹម​មួយ​ទៀត ​ដែល​ប្រជាជន​អ៊ីរ៉ង់​ទន្ទឹង ​គឺការ​ធ្វើ​កំណែទ​ម្រង់ ​ច្បាប់​សង្គម ​ការ​បន្ធូរ​បន្ថយ​បន្តិច​ម្តងៗ ​នូវ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ និង​ភាព​ស្មើភាព​គ្នា ​រវាង​ស្ត្រី​និង​បុរស ​ដែល​កន្លង​មក​អ៊ីរ៉ង់​ ត្រូវបាន​គេ​ចង្អុរ​ថ្កោល​ទោស។ តែយ៉ាងណា ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ​មិន​អាច​ធ្វើ​អ្វី​បាន​តែ​ម្នាក់​ឯង ​តាម​ចិត្តចង់​បាន​ទេ ​ព្រោះ​លោក​ត្រូវតែ​សម្រប​ទៅតាម​យោបល់ ​លោក​អាយ៉ាតុឡា ​អាលី ខេមណី ​ដែល​ជា​ប្រមុខ​សាសនា​កំពូល ​និង​ជា​ប្រមុខ​រដ្ឋ​របស់​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ