អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់៖ វិបត្តិ​នយោបាយ ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​ដល់ក្នុង​សភា

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​ ៣០​មេសា ​នៅ​ទីក្រុង​បាដាដ ​ប្រទេស​អ៊ីរ៉ង់​ មាន​បាតុកម្ម​បាន​កើតឡើង​ ស្រប​ពេល​ដែល​រដ្ឋសភា​ត្រូវ​បើក​កិច្ច​ប្រជុំ ​ដើម្បី​អនុម័ត​សមាសភាព​រដ្ឋាភិបាល​ថ្មី។ ប៉ុន្តែ​ទីបំផុត​ទៅ​សមាជិក​សភា ​មួយ​ចំនួន​បាន​អវត្តមាន ​ដែល​ធ្វើ​ឲ្យ​អង្គ​ប្រជុំ​ត្រូវ​ខកខាន។ ការនេះ ​បាន​ធ្វើ​ឲ្យ​ក្រុម​បាតុករ​ឡើង​កំហឹង ​ ហើយ​បន្ទោស​សមាជិក​សភា​ពី​ភាព​អសកម្ម ​និង​ឆន្ទៈ​ក្រាញ​ននាល​នឹង​លាភ​សក្ការៈ​ពុក​រលួយ​របស់​ពួកគេ ​ដោយ​មិន​ចង់​ឃើញ​រដ្ឋាភិបាល​កំណែ​ទម្រង់​ថ្មី​ចេញ​រូបរាង្គ។ ក្រុមបាតុករ​បាន​សំរុក​ចូល​ទៅ​ដល់​ក្នុង​សភា ​ហើយ​បាន​បំផ្លាញ​សម្ភារៈ​មួយ​ចំនួន។ ស្ថានភាព​បាន​វិល​ត្រលប់​មក​រក​ភាព​ធូរស្រាល​វិញ​នៅថ្ងៃ​អាទិត្យ​ តែ​យ៉ាងណា ​វិបត្តិ​នយោបាយ​អ៊ីរ៉ាក់​ កំពុង​ធ្វើ​ឲ្យ​មតិ​អន្តរជាតិ​ព្រួយ​បារម្ភ​ជាខ្លាំង។

ក្រុមបាតុករឈីអ៊ីត នៅ​ខាងមុខ​​វិមាន​រដ្ឋសភា​​អ៊ីរ៉ាក់ ថ្ងៃទី​៣០មេសា ២០១៦
ក្រុមបាតុករឈីអ៊ីត នៅ​ខាងមុខ​​វិមាន​រដ្ឋសភា​​អ៊ីរ៉ាក់ ថ្ងៃទី​៣០មេសា ២០១៦ REUTERS/Khalid al Mousily
ផ្សាយពាណិជ្ជកម្ម

តំណាងរាស្ត្រ​កំសាក​ ខ្លាច​បាត់បង់​លាភ​សក្ការៈ

ដើមដំបូង​គឺ​ជា​បាតុកម្ម​អហិង្សា​ទេ​ នៅ​ទីក្រុង​បាដាដ ​ខាង​មុខ​រដ្ឋសភា។ កាល​ពី​ថ្ងៃ​សោរ៍ ​សមាជិក​សភា​ ត្រូវ​បើក​សម័យ​ប្រជុំ​ដើម្បី​អនុម័ត​យល់​ព្រម​លើ​សំណើ​សមាសភាព​រដ្ឋាភិបាល​ថ្មី ​ដែលជា​សំណើ​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​លោក ​Al Abadi។ សំណើ​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ ​គឺ​ក្នុង​ន័យ​មួយ​ដាក់​បញ្ចូល​មនុស្ស​ថ្មី​ទៅ​ក្នុង​រដ្ឋាភិបាល ​ពោល​គឺ​ដាក់​បញ្ចូល​អ្នក​ប្រជាធិបតេយ្យ ​មិនមែន​ពួក​មនុស្ស​ចាស់ៗ ​ដែល​ធ្លាប់​ក្រាញ​ននាល​នឹង​អំណាច​ដូច​សម័យ​មុន​ទេ។ នេះគឺ​ជា​ឆន្ទៈ​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​ដើម្បី​ធ្វើ​កំណែទម្រង់ ​ហើយ​ជា​ពិសេស​លប់​បំបាត់​អំពើ​ពុក​រលួយ ​ស៊ីរូង។

សំណើ​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ ​ត្រូវ​បាន​រដ្ឋសភា​ទាត់ចោល​ច្រើន​ដង​មក​ហើយ ​ ហើយ​កាល​ពី​ថ្ងៃ​២៦​មេសា ​រដ្ឋសភា​បាន​សម្រេច​យល់ព្រម​តែ​ទៅ​លើ​បេក្ខភាព​មួយ​ចំនួន​ប៉ុណ្ណោះ ​ដូចជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អគ្គីសនី ​ក្រសួង​ឧត្តមសិក្សា ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ធនធាន​ទឹក​ជាដើម។ ចំណែក​ក្រសួង​ធំៗ​មួយ​ចំនួន​ទៀត ​រដ្ឋសភា​បាន​បដិសេធ ​ហើយ​តម្រូវ​ឲ្យ​ធ្វើ​សំណើ​ថ្មី។

សំណើថ្មី​បាន​ដាក់​ជូន​រដ្ឋសភា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៣០​មេសា  ​តែ​ជា​លេស​ដោយ​មិន​ចង់​អនុម័ត ​ តំណាងរាស្ត្រ​មួយ​ចំនួន​បាន​អវត្តមាន ​ដែល​ធ្វើ​សម័យ​ប្រជុំ​មិន​គ្រប់​កូរុំ ​ហើយ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​១០​ខែ​ឧសភា​វិញ។ ដោយហេតុ​នេះ​ហើយ ​ ទើប​ក្រុម​បាតុករ ​មាន​ការ​ខឹង​មួរម៉ៅ ​ចំពោះ​ភាព​កំសាក​របស់​សមាជិក​សភា​ក្នុង​ការ​ធ្វើ​កំណែទម្រង់ ​ហើយ​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើហិង្សា ​សម្រុក​ចូល​ទៅ​ដល់​ដំបន់​បៃតង់ ​ដែល​ជា​តំបន់​ហាមឃាត់​ជុំវិញ​សភា ​និង​ស្ថាប័ន​រដ្ឋ​ធំៗ ​ហើយ​ជា​ចុងក្រោយ​ ពួកគេ​បាន​ចូល​ទៅ​ដល់​ក្នុង​សភា ​វាយ​បំផ្លាញ​សម្ភារៈ ​តុកៅអី​ មួយ​ផ្នែក​ផងដែរ។

ក្រុមបាតុករ​ចូលទៅដល់​ខាងក្នុង​វិមាន​រដ្ឋសភា​អ៊ីរ៉ាក់
ក្រុមបាតុករ​ចូលទៅដល់​ខាងក្នុង​វិមាន​រដ្ឋសភា​អ៊ីរ៉ាក់ REUTERS/Ahmed Saad

បាតុករ៖ “សម័យ​ពុក​រលួយ​ ត្រូវតែ​បិទ​បញ្ចប់”
ដូចយើង​ដឹង​ស្រាប់​ហើយ ​ថា​កន្លង​មក​បញ្ហា​វិបត្តិ​ជា​ទូទៅ​នៅ​អ៊ីរ៉ាក់ ​គឺ​កើតឡើង​ពី​ភាព​ប្រទូស្តរាយ​គ្នា ​ ប្រជែង​គ្នា​រវាង​ក្រុម​និកាយ​ឈីអ៊ីត ​និង​និកាយ​ស៊ុនីត។ តែ​យ៉ាង​ណាក៏​ដោយ ​កម្មវត្ថុ​នៃ​បាតុកម្ម ​នៃ​ការ​តវ៉ានេះ​ គឺ​កើត​ចេញ​ពី​ការ​ធ្វើ​កំណែទម្រង់​ប្រជាធិបតេយ្យ​អ៊ីរ៉ាក់ ​ពី​ការ​បោសសំអាត​វប្បធម៌​ពុករលួយ ​ដែល​នៅ​ចាល់​ឫស​ក្នុង​សង្គម​អ៊ីរ៉ាក់ ​ជា​ពិសេស​ក្នុង​បណ្តា​ស្ថាប័ន​ដឹកនាំ​ប្រទេស។ វិបត្តិ​នយោបាយ ​សន្តិសុខ​ ទាំងអស់​នេះ​វា​មក​បន្ថែម​ពី​លើ​វិបត្តិ​សេដ្ឋកិច្ច ​ដោយសារ​តែ​ចំណូល​បាន​មក​ពី​ការ​លក់​ប្រេងឆៅ​របស់​អ៊ីរ៉ាក់ ​កាន់​តែ​ធ្លាក់ ​ព្រោះ​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង។

ក្រុម​បាតុករ​គឺ​ភាគ​ច្រើន​ជា​ប្រជាជន​អ៊ីរ៉ាក់​និកាយ​អ៊ីស្លាម​ឈីអ៊ីត។ គួរកត់​សម្គាល់​ដែរ ​ថា​ហេតុផល​មួយទៀត​ដែល​បង្កើន​កំហឹង​របស់​ពួក​គេ ​គឺ​ថា​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដែរ​ មាន​អំពើ​ភេរវកម្ម​មួយ​របស់​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​សំដៅ​វាយ​ប្រហារ​ក្បួន​ដង្ហែរ​សាសនា​របស់​អ្នក​កាន់​និកាយ​ឈីអ៊ីត ​ ដែល​បាន​សម្លាប់​មនុស្ស​២៣​នាក់​ និង​របួស​ជា​ច្រើននាក់។ បូកផ្សំ​ជាមួយ​នឹង​ភាព​អសកម្ម​នយោបាយ​សន្តិសុខ ​ បោស​សំអាត​អំពើ​ពុករលួយ ​ហើយ​មក​ទល់​ពេល​នេះ ​ពួក​តំណាងរាស្ត្រ​នៅ​តែ​អូសជើង​ មិន​ចង់​ឲ្យ​មាន​រដ្ឋាភិបាល​ថ្មី​ចេញ​រូបរាង្គ​ គឺ​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​បាតុករ ​អត់ទ្រាំ​លែងបាន។

Moqtada Al Sadr​ មេ​ចលនា​រិះគន់​តវ៉ា​ ឲ្យ​មាន​កំណែទម្រង់៖

អ្នននយោបាយ​ឈីអ៊ីត Moqtada Al-Sadr មេដឹកនាំ​ចលនា​តវ៉ា​ឲ្យមាន​​កំណែទម្រង់ បំបាត់អំពើពុក​រលួយ
អ្នននយោបាយ​ឈីអ៊ីត Moqtada Al-Sadr មេដឹកនាំ​ចលនា​តវ៉ា​ឲ្យមាន​​កំណែទម្រង់ បំបាត់អំពើពុក​រលួយ REUTERS/Ahmed Saad

ចរន្ត​ប្រឆាំង​រិះគន់​នេះ ​មិនមែន​កើត​ឡើង​ដោយ​ឯកឯង​ទេ ​ ដរាប​ណា​គ្មាន​មនុស្ស​ម្នាក់​ ជា​អ្នក​ជំរុញ​អូសទាញ ​រឺ​ក៏​ដឹកនាំ។ បាតុកម្ម​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​មាន​កំណែទម្រង់ ​បំបាត់​អំពើ​ពុករលួយ​នៅ​អ៊ីរ៉ាក់​នេះ ​ គឺ​ទទួល​ឥទ្ធិពល​ដោយ​ផ្ទាល់​ពី ​អ្នក​នយោបាយ​ឈីអ៊ីត​ម្នាក់​ គឺ​លោក ​Moqtada Al Sadr។ លោក​ម្នាក់​នេះ ​បាន​ដឹកនាំ​ជម្រុញ​ឲ្យ​មាន​បាតុកម្ម​ជា​ច្រើន​លើក ​ ដើម្បី​ដាក់​កំហិត​លើ​រដ្ឋសភា​អ៊ីរ៉ាក់ ​ក្នុង​ការ​ធ្វើ​ច្បាប់​រឺ​កំណែទម្រង់​ចាំបាច់​នានា ​ព្រមទាំង​ទាមទារ​ឲ្យ​មាន​ការ​រុះរើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពុក​រលួយ​ចោល។

ចំណុច​មួយ​ទៀត​ដែល​គួរ​លើក​ឡើង​ដែរ​ ​ ​គឺ​ថា​លោក​ម្នាក់​នេះ ​មាន​និន្នាកា​នយោបាយ ​ប្រឆាំង​និង​លោក​ Al Maliki​ អតីតនយករដ្ឋមន្ត្រី​អ៊ីរ៉ាក់។ តាមការ​រិះគន់​របស់​លោក ​Al Sadr ​គឺ​លោក​ Al Maliki ​នេះ​ហើយ ​ជាអ្នក​នៅ​ពី​ក្រោយ​ភាព​រឹង​ទទឹង​របស់​តំណាងរាស្ត្រ ​ព្រោះ​គាត់​ចង់​កំចាយ​លោក​ នាយករដ្ឋមន្ត្រី ​Al Abadi​ ហើយ​វិល​ត្រឡប់​មក​កាន់​តំណែង​វិញ។

មុន​នឹង​មាន​ហេតុការណ៍​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក​ Al Sadr ​បាន​ថ្កោលទោស​តំណាងរាស្ត្រ ​ដែល​កំសាក ​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ​ ខ្លាច​បាត់លាភ​សក្ការៈ​ខ្លួន​ឯង ​ បាន​ជា​មិន​ចង់​ឲ្យ​មាន​កំណែទម្រង់​បំបាត់​អំពើ​ពុករលួយ។ ក៏ប៉ុន្តែ​អ្នក​នយោបាយ​រូបនេះ ​មិន​បាន​អំពាវនាវ​ឲ្យ​ក្រុម​បាតុករ ​ធ្វើ​អំពើ​ហិង្សា ​ចូល​ទៅ​ដល់​ក្នុង​មន្ទីរ​រដ្ឋសភា​ទេ។

អ្នក​នយោបាយ​រវល់​ឈ្លោះ​គ្នា ​ពួក​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ឆ្លៀត​ឱកាស​យកឈ្នះ៖
ខាង​សហភាព​អឺរ៉ុប ​ ក៏ដូច​ជា​សហរដ្ឋ​អាមេរិក ​បាន​អំពាវនាវ ​ ឲ្យ​អ្នក​នយោបាយ​ព្រម​ទាំង​ហ្វូង​បាតុករ​ យក​បញ្ហា​មក​ដោះស្រាយ​ដោយ​សន្តិវិធី​ ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា។ ព្រោះថា​អំពើ​ហិង្សា​ គឺ​អ៊ីរ៉ាក់​ បាន​ហែល​ឆ្លង​មក​ឆ្អែតឆ្អន់​ហើយ។

តែ​បើតាម​ការ​សន្និដ្ឋាន​របស់​អ្នក​វិភាគ​ម្នាក់​ឈ្មោះ ​Zaid Al-Ali  ​បាន​យល់ថា​ វា​ជា​ការ​លំបាក​ណាស់​ ក្នុង​ការ​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​ចាស់ៗ​របស់​អ៊ីរ៉ាក់ ​សុខចិត្ត​ប្តូរ​ផ្នត់​គំនិត ​បោះបង់​ចោល​លាភ​សក្ការៈ ​ដែល​បាន​មក​ពី​ប្រព័ន្ធ​ពុករលួយ ​បក្សពួក​និយម​នេះ។ ក៏​ប៉ុន្តែ​ចលនា​បះបោរ​ បាតុកម្ម​តវ៉ា​ ក៏​មិនទាន់​ចប់​ត្រឹម​នេះ​ដែរ។

អ្នក​ដែល​ចាំ​ឆក់​ឱកាស ​នៃការ​បែកបាក់ ​ប្រវាយ​ប្រតប់​គ្នានេះ​ ​គឺ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ថ្វីត្បិត​ក្រុម​នេះ​បាត់បង់​កម្លាំង​បន្តិចមែន ​តែ​បើ​ប្រហែស ​ពួក​ភេរវកម្ម​ដ៏​សាហាវ​នេះ ​ អាច​នឹង​សង្គ្រប់​លើ​កងទ័ព​អ៊ីរ៉ាក់ ​ ហើយ​ដណ្តើម​យក​ដែនដី​គ្រប់​គ្រង​បាន​វិញ។ អ្វីដែល​អ៊ីរ៉ាក់​ ត្រូវការ​នា​ពេល​នេះ ​គឺ​អំណាច​នយោបាយ​រឹងមាំ ​មាន​ប្រសិទ្ធិភាព​ ព្រោះ​ពុំ​នោះទេ​អំពើ​ភេរវកម្ម ​និង​កើត​មាន​ជា​ប្រចាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ