អានតួអត្ថបទ
លីបង់

ក្រុម Hezbollah និង​សម្ព័ន្ធមិត្ត​របស់​គេ ទម្លាក់​រដ្ឋាភិបាល

វិបត្តិនយោបាយ​ផ្ទៃក្នុង​បាន​ផ្ទុះ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​លីបង់។ វិបត្តិនយោបាយ​ដែល​បាន​កើត​ឡើង បន្ទាប់​ពី​ការ​លា​ឈប់​ពី​មុខ​តំណែង​របស់​រដ្ឋមន្រ្តី​ចំនួន​១១នាក់​នៃ​ គណបក្ស​ប្រឆំាង​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នៅ​ថ្ងៃពុធ ទី១២ មករា​ម្សិលមិញ។ ទង្វើ​របស់​រដ្ឋមន្រ្តី​ទំាង ១១រូប​ដែល​ភាគច្រើន​ជា​សមាជិក​នៃ​ចលនា Hezbollah គឺ​ដើម្បី​ប្រឆំាង​នឹង​តុលាការពិសេស​សម្រាប់​ប្រទេស​លីបង់។ តុលាការពិសេស ​គ្រោង​ចេញ​សេចក្តី​ចោទប្រកាន់​លើ​មនុស្ស​មួយ​ចំនួន ​ដែល​ជាប់ពាក់ព័ន្ធ​ នឹង​ឃាតកម្ម​លើ​រូបលោក​នាយករដ្ឋមន្រ្តី​លីបង់ Rafic Hariri កាល​ពី​ថ្ងៃទី១៤ កុម្ភៈ ឆ្នំា ២០០៥។

ចលនា Hezbollah ប្រកាស​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​របស់​លោក Saad Hariri
ចលនា Hezbollah ប្រកាស​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​របស់​លោក Saad Hariri ©Reuters
ផ្សាយពាណិជ្ជកម្ម

07:19

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

រដ្ឋមន្រ្តី​ទំាង ១១នាក់​ដែល​លា​ឈប់​ពី​មុខតំណែង មាន ១០​នាក់​ជា​សមាជិក​របស់​ចលនា Hezbollah និង​ម្នាក់​ទៀត ជា​សមាជិក​នៃ​គណបក្ស​ប្រឆំាង​នៅ​ក្នុង​រដ្ឋាភិបាលចម្រុះ។ គឺ​ការ​លា​ឈប់​ពី​មុខ​តំណែង​របស់​រដ្ឋមន្រ្តី​ទី១១​នេះ​ហើយ ដែល​បាន​ទាញ​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី Saad Hariri ដោយ​ស្វ័យប្រវត្តិ។ បច្ចុប្បន្ន​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​លីបង់ មាន​រដ្ឋមន្រ្តី​ទំាង​អស់ ៣០នាក់ ហើយ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​លីបង់ ប្រសិន​បើ​មាន​ចំនួន​រដ្ឋមន្រ្តី​ជាង ១ ភាគ ៤​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ នោះ​រដ្ឋាភិបាល​ចម្រុះ​ត្រូវ​ដួលរលំ​ដោយ​ស្វ័យប្រវត្តិ។

ការ​ដើរ​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​របស់​រដ្ឋមន្រ្តី​ទំាង ១១រូប​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី Saad Hariri កំពុង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ពិសេស លោក Saad Hariri បាន​ទទួល​ដំណឹង​ដ៏​អាក្រក់​នេះ ជួន​ពេល​ដែល​លោក​កំពុង​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​នៅ​សេតវិមាន។

តុលាការពិសេស​សម្រាប់​លីបង់​ត្រៀម​ចោទ​ប្រកាន់​សមាជិក​របស់​ចលនា Hezbollah ក្នុង​រឿង​ឃាតកម្ម​លោក Rafic Hariri

ចលនា Hezbollah បាន​លើក​យក​ហេតុផល​ថា ការ​ដែល​ពួក​គេ​បាន​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល គឺ​មក​ពី​លោក​នាយករដ្ឋមន្រ្តី Saad Hariri មិន​ព្រម​ទទួល​យក​សំណើ​របស់​ពួក​គេ ជុំ​វិញ​រឿង​តុលាការពិសេស​សម្រាប់​ប្រទេស​លីបង់។ តុលាការពិសេស​សម្រាប់​ប្រទេស​លីបង់​ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី១០ មិថុនា ឆ្នំា ២០០៧ ដើម្បី​ស៊ើបអង្កេត​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង Beyrouth កាល​ពី​ថ្ងៃទី ១៤ កុម្ភៈ ឆ្នំា ២០០៥។ អំពើ​ភេរវកម្ម​ដែល​បាន​ផ្តាច់​ជីវិត​លោក​នាយករដ្ឋមន្រ្តី Rafic Hariri និង​មនុស្ស​ចំនួន ២២នាក់​ផ្សេង​ទៀត។ គួរ​ជម្រាបជូនថា លោក Rafic Hariri គឺ​ជា​ឪពុកបង្កើត​​របស់​លោក​នាយករដ្ឋមន្រ្តី​លីបង់ Saad Hariri បច្ចុប្បន្ន។

តែ​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​ដំណើរការ​ស៊ើបអង្កេត​កាន់​តែ​រំកិល​ទៅ​មុខ ក្រុម Hezbollah ហាក់​ដូច​ជា​កាន់​តែ​បារម្ភ​ខ្លំាង​ឡើងៗ។ ការ​បារម្ភ​របស់​ពួក​គេ គឺ​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ថា តុលាការពិសេស​សម្រាប់​លីបង់​ត្រៀម​នឹង​ចេញ​សេចក្តី​ចោទប្រកាន់​លើ​មនុស្ស​មួយ​ចំនួន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សមាជិក​របស់​ខ្លួន​ជា​ច្រើន​នាក់​នៅ​ក្នុង​អំពើភេរវកម្ម​សម្លាប់​លោក Rafic Hariri ក្នុង​ឆ្នំា ២០០៥។ បើ​យោង​តាម​ប្រភព​ការទូត​មួយ​ចំនួន តុលាការ​ថែម​ទំាង​ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​សមាជិក Hezbollah ទំាង​នោះ​ទៀត​ផង។

នេះ​ហើយ ជា​មូលហេតុ​ដែល​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកក្រុម Hezbollah បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ប្រឆំាង​នឹង​តុលាការពិសេស​នោះ និង​បន្ត​ដាក់​គំនាប​លើ​រូប​លោក​នាយករដ្ឋមន្រ្តី Saad Hariri ដោយ​ទាមទារ​ឲ្យ​លោក Saad Hariri ដក​ចៅក្រម​ជនជាតិ​លីបង់​ចំនួន ៤នាក់​ចេញ​ពី​តុលាការ និង​ឲ្យ​រដ្ឋាភិបាល​លីបង់​បញ្ឈប់​ការ​ផ្តល់​ថវិកា​ទៅ​ឲ្យ​តុលាការពិសេស​នោះ។

លោក Hassan Nasrallah ប្រមុខ​ចលនា Hezbollah បាន​អះអាង​ថា គ្រប់​សាក្សី​ដែល​តុលាការ​បាន​ចោទ​សួរ​កន្លង​មក សុទ្ធសឹង​ជា​សាក្សី​ក្លែងក្លាយ និង​ចោទ​ចំៗ​ថា តុលាការពិសេស​សម្រាប់​លីបង់ គឺ​ជា​ឧបករណ៍​របស់​សហរដ្ឋអាមេរិក​ក្នុង​គោលដៅ​បំផ្លាញ​ចលនា Hezbollah។

លោក Saad Hariri នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​លីបង់
លោក Saad Hariri នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​លីបង់ Reuters

វិបត្តិនយោបាយ​លីបង់ គ្មាន​ច្រកចេញ ?

ទោះបី​ជា​ប្រទេស​លីបង់​ទើប​តែ​រួច​ផុត​ពី​អាណាព្យាបាល​របស់​ប្រទេស​ស៊ីរី​ក្នុង​ឆ្នំា ២០០៥​ក៏​ដោយ ក៏​តំាង​ពី ៦​ឆ្នំា​កន្លង​ទៅ​នេះ លីបង់​មិន​ដែល​ស្គាល់​ស្ថិរភាព​នយោបាយ​ពិត​ប្រាកដ​ទេ។ នៅ​ម្ខាង គឺ​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម Sunnite និង​នៅ​ម្ខាង​ទៀត គឺ​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម Chiites ដែល​មាន​ចលនា Hezbollah។ ចលនា Hezbollah គឺ​ជា​ចលនា​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នំា ១៩៨២ និង​ដែល​មាន​កម្លំាង​ប្រដាប់​អាវុធ​ខ្លំាង​ជាង​គេ​នៅ​លីបង់​បច្ចុប្បន្ន។ ក្រុម​នេះ​មាន​ទីតំាង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​លីបង់ ជាប់​នឹង​ព្រំដែន​រដ្ឋ​អ៊ីស្រាអែល។ ប្រទេស​លោកខាងលិច​មួយ​ចំនួន ពិសេស​អាមេរិក តែង​ចាត់​ទុក​ចលនា​នេះ ថា​ជា​ចលនា​ភេរវនិយម។ តែ​យ៉ាង​ណា​ក៏​ដោយ ចលនា​នេះ​កំពុង​មាន​ឥទ្ធិពល​ខ្លំាង​ណាស់​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​លីបង់។ ជា​រឿយៗ ដើម្បី​អាច​បិទ​បញ្ចប់​វិបត្តិនយោបាយ​ផ្ទៃក្នុង​បាន ការ​ធ្វើ​សម្បទាន​ជាមួយ​ចលនា Hezbollah និង​បក្ស​ពួក​របស់​គេ ជា​រឿង​មួយ​មិន​អាច​ចៀស​រួច។

សូម​ជម្រាប​ជូន​ថា មាន​ប្រទេស​ស៊ីរី​ដែល​គំាទ្រ​ចលនា Hezbollah និង​ប្រទេស Arabie Saoudite ដែល​គំាទ្រ​លោក​នាយករដ្ឋមន្រ្តី Saad Hariri បាន​ព្យាយាម​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​រដ្ឋាភិបាល និង​ចលនា Hezbollah ជុំ​វិញ​ដំណើរការ​របស់​តុលាការពិសេស​សម្រាប់​លីបង់។ តែ​ទីបំផុត គ្មាន​ភាគី​ជម្លោះ​ណា​មួយ​ព្រម​ស្តាប់​ទេ។

ខណៈ​នេះ និង​ចាប់​ពី​ថ្ងៃពុធ ទី១២ មករា​មក លោក​ប្រធានាធិបតី​លីបង់​មាន​រយៈពេល ៤៨ម៉ោង ដើម្បី​ទទួល​ការ​លា​ឈប់​របស់​រដ្ឋាភិបាល និង​ប្រកាស​រៀបចំ​រដ្ឋាភិបាល​ថ្មី ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ថ្មី ដែល​ត្រូវ​ចេញ​ពី​ក្រុម​អ្នក​កាន់​សាសនា Sunnite ដូច​លោក Saad Hariri ដែរ។ នេះ​ហើយ ជា​ការ​លំបាក ព្រោះ​ថា​ចង់ ឬ​មិន​ចង់ បើ​លោក Saad Hariri ត្រូវ​តែងតំាង​ជាថ្មី ចលនា Hezbollah នឹង​តាម​ឈ្នានីស​ជា​ថ្មី។ តែ​បើ​ជ្រើស​យក​នាយករដ្ឋមន្រ្តី​ម្នាក់​មក​ពី​ក្រុម Chiite តែ​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​សុទ្ធសឹង​ជា​ក្រុម Sunnite នោះ នាយករដ្ឋមន្រ្តីថ្មី​រឹតតែ​ពិបាក​ធ្វើ​ការ។

ដូច្នេះ នៅ​ចំពោះ​មុខ វិបត្តិ​គ្មាន​រដ្ឋាភិបាល​បាន​ផ្ទុះ​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​លីបង់ និង​គ្មាន​នរណា​ម្នាក់​អាច​ទាយទុក​ជា​មុន​បាន​ឡើយ ថា​តើ​វិបត្តិ​នេះ​នឹង​បន្ត​រហូត​ដល់​ពេល​ណា និង​ហុច​លទ្ធផល​យ៉ាង​ណា​នោះ ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ