អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

នេតាន់យ៉ាហ៊ូ​ថា អាច​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​បាន ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​ច្បាស់លាស់

លោក​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​បាន​ស្នើ​ថា ការ​ទទួល​ស្គាល់​ទឹកដី​ប៉ាឡេស្ទីន​ជា​ប្រទេស​មួយ​ពេញ​លេញ ​គឺ​ជា​វិធី​តែ​មួយ​គត់​ ដើម្បី​បញ្ចប់​ជម្លោះ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន។ ថ្លែង​ចំពោះ​មុខ​អ្នក​កាសែត ​បន្ទាប់​ពី​បាន​ទទួល​ជួប​ពិភាក្សា ​ជាមួយ​លោក​​រដ្ឋមន្រ្តី​​ការ​បរទេស​​អាល្លឺម៉ង់ ​លោក​នេតាន់យ៉ាហ៊ូ ​នាយក​រដ្ឋមន្រ្តី​​អ៊ីស្រាអែល ​បាន​និយាយ​បញ្ជាក់​ថា​ លោក​មិន​ជំទាស់ ​នឹង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ប៉ាឡេស្ទីន ​ឯករាជ្យ​នោះ​ទេ ​ប៉ុន្តែ​វា​ត្រូវ​តែ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​ច្បាស់​លាស់។

លោក ហ្វ្រង់ វ័លទ័រ ​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ និង​លោក នេតាន់យ៉ាហ៊ូ ក្នុងសន្និុសីទ​កាសែត​ក្នុងក្រុង​ហ្សេរូសាឡឹម ថ្ងៃ​ទី ៣១ ឧសភា ២០១៥
លោក ហ្វ្រង់ វ័លទ័រ ​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ និង​លោក នេតាន់យ៉ាហ៊ូ ក្នុងសន្និុសីទ​កាសែត​ក្នុងក្រុង​ហ្សេរូសាឡឹម ថ្ងៃ​ទី ៣១ ឧសភា ២០១៥ REUTERS
ផ្សាយពាណិជ្ជកម្ម

វា​ជា​រឿង​មួយ​គួរឲ្យ​ភ្ញាក់​ផ្អើល​​ណាស់ ​ដែល​លោក ​ប៊ីនយ៉ាមីន ​នេតាន់យ៉ាហ៊ូ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ​លោក​មិន​ជំទាស់ ​នឹង​គំនិត​ ទទួល​ស្គាល់​ដែនដី​ប៉ាឡេស្ទីន​ ឲ្យ​ក្លាយ​ជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​ នោះ​ទេ។ ប៉ុន្តែ​ការ​ទទួល​ស្គាល់​នេះ ​ត្រូវ​តែ​គោរព​លក្ខខណ្ឌ​ចាំបាច់​ជា​ច្រើន។ លក្ខខណ្ឌ​ដែល​លោក ​នេតាន់យ៉ាហ៊ូ​សំដៅ​នោះ ​គឺ​ទាក់ទង​ជា​ពិសេស​ នឹង​សន្តិសុខ​ជាតិ​អ៊ីស្រាអែល​ តែម្តង។

តួយ៉ាង ​ក្នុង​ចំណោម​លក្ខខណ្ឌ​ចាំបាច់​ទាំង​នោះ ​លោក​នេតាន់យ៉ាហ៊ូ​ បាន​បញ្ជាក់​ថា ប៉ាឡេស្ទីន ​ត្រូវតែ​រំសាយ​កំលាំង​ទាហាន ​ហើយ​រៀបចំ​ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ។ មួយ​វិញ​ទៀត ​ប៉ាឡេស្ទីន​ ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវការ​ផងដែរ​ថា ​អ៊ីស្រាអែល​ គឺ​ជា​រដ្ឋ​ជ្វីហ្វ​ពេញ​អធិបតេយ្យ។ ក្នុង​ន័យ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល ​បាន​បន្ថែម​ថា ​ប៉ាឡេស្ទីន​គួរ​ចាប់ផ្តើម​ធ្វើ​វា ដោយ​ឈប់​ដើរ​បង្ខូច​កេរ្តិ៍ឈ្មោះ​អ៊ីស្រាអែល ​នៅ​តាម​ស្ថាប័ន​អន្តរជាតិ​នានា​ តទៅ​ទៀត។

ឆ្លើយ​តប ​នឹង​សំណួរ​អ្នក​កាសែត​ លោក​នេតាន់យ៉ាហ៊ូ ​បាន​បញ្ជាក់​ថា ​កាល​ពី​មុន​ពេល​បោះឆ្នោត ​លោក​បាន​ប្រកាស​បដិសេធ​ មិន​ឲ្យ​បង្កើត​ប្រទេស​ប៉ាឡេស្ទីន​ ​ក៏​ដោយសារ​តែ​កាល​នោះ ​ស្ថានការណ៏​មាន​លក្ខណៈ​មិន​អំណោយ​ផល ​ដល់​ការ​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន។ លោក​បន្ត​ថា ​បញ្ហា​ចោទ ​មិនមែន​ជា​បញ្ហា​គូសចែក​ព្រំដែន​នោះ​ទេ ​ប៉ុន្តែ​ជា​បញ្ហា​សន្តិសុខ​ជាតិ រវាង​ប្រទេស​ទាំងពីរ ​ថា​តើ​គេ​ត្រូវ​រៀបចំ​ស្រុះស្រួល​គ្នា​របៀប​ណា ​ដើម្បី​ធានា​បាន​ថា ​ប៉ាឡេស្ទីន នឹង​ឈប់​វាយប្រហារ​អ៊ីស្រាអែល។

យ៉ាងណាមិញ ​លោក​ Frank Walter ​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​អ៊ីស្រាអែល ​បាន​តើន​រំលឹក​ថា ​ដរាបណា​ប៉ាឡេស្ទីន​មិន​ទាន់​ត្រូវ​បាន​ គេ​ទទួល​ស្គាល់​ថា​ជា​រដ្ឋ​ពេញ​អធិបតេយ្យ ​សន្តិសុខ​ជាតិ​អ៊ីស្រាអែល​ ក៏​នឹង​នៅ​តែ​ទទួល​ការ​គម្រាម​កំហែង​ដែរ។ ការ​មាន​ប្រទេស​ពីរ ​ឯករាជ្យ​ស្មើភាព​គ្នា​រវាង​ប្រជាជាតិ​ទាំង​ពីរ ​គឺ​ជា​ច្រក​ចេញ​តែ​មួយ​គត់ ដើម្បី​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ