អានតួអត្ថបទ
អ៊ីស្រាអែល-អ.ស.ប.

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលចោទលោកបាន គីមូនថា​លើក​ទឹកចិត្ត​អំពើ​ភេរវនិយម

នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល ពុំ​សប្បាយចិត្ត​ឡើយ​សេចក្តីថ្លែងការណ៍​របស់​អគ្គ​លេខាធិការ អ.ស.ប. ទាក់ទង​នឹង​បញ្ហា​ហិង្សា​នានា​នៅ​​តំបន់​មជ្ឈិម​បូព៌ា​​នា​ពេល​បច្ចុប្បន្ន​។ ដោយ នៅ​មុខក្រុមប្រឹក្សា​សន្តិសុខ លោក បាន គីមូន បាន​​ថ្លែង​ថ្កោល​ទោស អ៊ីស្រាអែល នៅ​លើ​បញ្ហា​​​​កាន់កាប់​ដែន​ដី​ប៉ាឡេស្ទីន។ លោក ថែម ទាំង​បាន​គូស​បញ្ជាក់​ទៀត​ថា ”វា​ជា​រឿងធម្មតាមួយ​របស់​មនុស្សលោក នៅ​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​តបត​ទៅ​នឹង​ទង្វើ​ការ​កាន់កាប់​ដែនដី​នេះ។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benjamin Netanyahu
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​Benjamin Netanyahu REUTERS/Abir Sultan
ផ្សាយពាណិជ្ជកម្ម

ដូច​ជា​រៀង​រាល់​ខែ​នៅ​អ.ស.ប. បញ្ហា​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន តែងតែ​ត្រូវ​បាន​គេ​លើក​យក​មក​ជជែកគ្នា​ជានិច្ច។ លើកនេះ លោក បាន គីមូន អគ្គលេខាធិការ អ.ស.ប. បាន​ប្រើពាក្យ​ពេជន៍​ធ្ងន់​ៗ​​​ទៅ​លើ​​អ៊ីស្រាអែល​។​លោក បាន​លើក​ឡើង​ថា”​ប្រជាជន​ប៉ាឡេស្ទីន​ រស់​​នៅ​លើ​ទឹក​ដី​របស់​គេ​ ដោយ​គ្មាន​ក្តី​សង្ឃឹម​អ្វីទាល់តែសោះ ​នៅ​ក្រោម​ការ​កាន់កាប់​របស់​អ៊ីស្រាអែល​តាំងពី​កន្លៈសតវត្សរ៍​មក​ហើយ។​ ពាក្យពេជន៍​របស់​អគ្គលេខាធិការ​អ.ស.ប.នេះ បាន​បង្ក​ឲ្យ​មាន​ការ​ក្រេវក្រោធ​ ពី​សំណាក់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល។

 
ពីព្រោះ លោក បាន គីម៊ូន បាន​ទាមទារ​ឲ្យ ​អ៊ីស្រាអែល​លើក​ផ្អាក​ការ​ធ្វើ​អណានិគមកិច្ចរនៅ​ក្នុង​ដែន​កាន់កាប់ នៅ​ខណៈពេល​ដែល​អ៊ីស្រាអែល ទើប​បាន​ជូន​ដំណឹង​អំពី​ការ​សាងសង់​លំនៅដ្ឋាន​ថ្មីៗ​ចំនួន​១៥០​ខ្នង​ថែម​ទៀត​និង​ការ​ដាក់​បញ្ចូល​ដី​សិកម្ម ១៥០ ហិកតា ជា​ដីរបស់​អ៊ីស្រាអែល​នា​ពេល​ខាង​មុខ​ទៀត​ផង”។ ការ​ជូនដំណឹង​របស់​អ៊ីស្រាអែល​នេះ ត្រូវ​បាន​អគ្គ​លេខា​ធិការ អ.ស.ប.ចាត់​ទុក​ថា “ជា​ការ​ប្រមាថ​ម៉ាក់ងាយ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​និង​សហគមន៍​អន្តរជាតិ ហើយ​កត្តា​នេះ ក៏​ជះ​ឥទ្ធិពល​ទៅ​បញ្ហា​គ្រិះ​នានា​ ជាអាទិ៍ ការ​សន្យារបស់​អ៊ីស្រាអែល នៅ​ចំពោះ​មុខ​ដំណោះស្រាយ​មួយ​ឲ្យ​មាន​រដ្ឋពីរ​នៅ​ក្នុង​តំបន់។

គួររំលឹកថា អសប បាន​សាកល្បង​ជំរុញ​ដំណោះស្រាយ​នេះ​តាំងពី​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​ តែត្រូវ​នៅ​ជាប់​គាំង​ទាំង​ស្រុង ហើយតាំង​ពីពេល​នោះ​មក ទំនាក់​ទំនង​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​កាន់តែ​ធ្លាក់​ចុះ​ដុនដាប។​​

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​វិញ​ដែល​ក្តៅ​ក្រហាយ​នឹង​សំដី​របស់​លោក បានគីម៉ូន បាន​ឆ្លើយ​តបត​យ៉ាង​ទាន់ចិត្ត​ដោយ​ដោយ​បានគូស​បញ្ជាក់​ថា”​ ការ​ថ្លែង​របស់​លោក បាន គីមូន​នេះ គ្មាន​ភស្តុតាង​អ្វី​ជាក់លាក់​ថា​ជា​រឿង​ពិត​នោះ ។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ថែម​ទាំង​ហ៊ាន​ចោទ​ត្រង់ៗ​ថា​អគ្គលេខាធិការ អ.ស.ប. លើក​ទឹកចិត្ត​អំពើ​ភេរវនិយម​ទៀត​ផង។

បន្ទាប់ពីលោក​នេតានយ៉ាហ៊ូ​រួចមក ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អ.ស.ប  ក៏​បាន​ថ្កោល​ទោសដែរ ដោយ​និយាយ​ថា នយោបាយ​របស់ អ.ស.ប.ចំពោះ​អ៊ីស្រាអែល​ពុំ​មាន​ភាព​ស្មើ​គ្នា​ទេ និង​មាន​ភាព​ពុតត្បុត​ជានិច្ច នៅ​ពេលណា​មាន​បញ្ហា​ពាក់ព័ន្ធ​ជា​មួយ​អ៊ីស្រាអែល។  

សរុប មិនគ្រាន់តែ​​លោក បាន គីម៊ូន​ម្នាក់​ទេ ដែល​ត្រូវ​ទទួល​រង​សំដី​អសុរស​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ក៏ប៉ុន្តែ នាពេលថ្មីៗ​នេះ រដ្ឋមន្ត្រី​របស់​ប្រទេស​ស៊ុយអែដ​ម្នាក់​ក៏​ធ្លាប់ បាន​ត្រូវ​បាន​លោក បេនយ៉ាមីន នេតានយ៉ាហ៊ូ ចោទ​ដែរ" ថា​គាំទ្រភេរវនិយម"។ ​ដោយហេតុ ថា លោកស្រី​រដ្ឋមន្ត្រី​ស៊ុយអែដម្នាក់​នេះ បាន​ស្នើ​សុំ​ឲ្យ​អ៊ីស្រាអែល បើក​ការ​ស៊ើបអង្កេត​មួយ​ស្តីពី​ការ​ស្លាប់​របស់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដោយ​​កងទ័ព​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ