អានតួអត្ថបទ
ស៊ីរី-តួកគី

ស៊ីរីចោទថាកងទ័ពតួកគីចូលក្នុងទឹកដីខ្លួនតែតួកគីវិញបដិសេធថាជាព័ត៌មានពុំពិត

រដ្ឋាភិបាល​ស៊ីរី បាន​ថ្លែង​អះអាង​ថា កងទ័ព​ជើង​គោក​តួកគី​ប្រមាណ​ជា​១០០​នាក់​បាន​ចូល​ទៅ​​ក្នុង​ទឹកដី​ស៊ីរី​កាលពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​នេះ ដើម្បី​ចូល​ទៅ​​ជួយ​ក្រុម​បះបោរ​ស៊ីរី។ ភ្លាមៗ​នោះ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​តួកគី បាន​បដិសេធ​យ៉ាង​ដាច់អហង្កា​ថា​តួកគី​ ពុំ​បាន​បញ្ជូន​កងទ័ព​ជើង​គោគ​ខ្លួន​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី​ឡើយ។ 

ទាហានតួកគី ឆ្លុះកែវយិតមើលទៅលើក្រុងស៊ីរី Kobani
ទាហានតួកគី ឆ្លុះកែវយិតមើលទៅលើក្រុងស៊ីរី Kobani REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​របស់​ខ្លួន​ជូន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​នៃ អសប ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ស៊ីរី​ឈ្មោះ ​Sana “ក្រសួង​ការបរទេស​ស៊ីរី បាន​គូស​បញ្ជាក់​ថា តួកគី ​បន្ត​ធ្វើ​ការ​ដឹក​បញ្ជូន​អាវុធ​និង​​រំសេវ​នៅ​តាម​ច្រកចេញចូល ​Bab al Salama ដោយ​ឆ្លងកាត់​តាម​​ក្រុង Azaz ​ក្នុង​ទឹកដី​ស៊ីរី”។ ក្រុង Azaz ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ក្រុង​Alep  ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០​គម​ពី​តំបន់​ព្រំដែន។

 
យោងតាម​ទីក្រុង​ដាម៉ាស “កង​ទាហាន​តួកគី​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ជនប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមា​ណជា ១០០​នាក់ បាន​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ផុត​ទៅ​នេះ តាម​រយៈ​យាន្តយន្ត​ pick-up-ប្រមាណ​ជា​១២​គ្រឿង ប្រដាប់​ទៅ​ដោយ​កាំភ្លើង mitrailleuses ធុន​ធ្ងន់ ដើម្បី​ទៅ​ជួយដល់​ក្រុម​បះបោរ​ស៊ីរី។

នៅ​ក្នុង​លិខិត​ដដែល​នោះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ីរី ​បានបរិហារ​ទៀត​ថា “តួកគី បាន​ធ្វើការ​បាញ់​ផ្លោង​ដែរ​ទៅ​លើ​តំបន់​ដែល​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​។

ការ​ចោទ​ប្រកាន់​របស់​ប្រទេស​ស៊ីរី​នេះ ត្រូវ​បាន​លោក Ismet Yilmaz រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​តួកគី ធ្វើការ​​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​​ដោយ​អះអាងបញ្ជាក់​​ថា “ជា​ព័តមាន​គ្មាន​ការពិត​ទាល់​តែសោះ ​ ពីព្រោះ ​ពុំមាន​កងទ័ព​តួកគី​ណា​មួយ​ចូល​ទៅ​ក្នុង​ទឹកដី​ស៊ីរី​នោះ​ទេ”។

មិនតែប៉ុណ្ណោះ  លោករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តួកគី បាន​បដិសេធ​ផង​ដែរចំពោះ​ព័ត៌មាន​ដែល​អះអាង​ថា “មាន​យន្តហោះ​​ Arabie saoudite មួយ​ចំនួន បាន​​ធ្វើ​ដំណើរ​ទៅ​​ដល់​ប្រទេស​តួកគី ហើយ​នៅ​លើ​មូលដា្ឋន​អាកាសចរណ៍ Incirlik។ យន្តហោះ​ Arabie saoudite ដែល​តាម​ការ​គ្រោង​ទុក គឺ​ដើម្បី​ប្រើប្រាស់ ​សម្រាប់​​ការ​វាយប្រហារ​ប្រឆាំង​ទល់​នឹង​អង្គការ​​រដ្ឋអ៊ីស្លាម​ជីហាត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ