អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖​សហគមន៍អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ពី​សោកនាដកម្ម​មនុស្សធម៌ និង​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ស៊ីរី នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ទីក្រុង​អាឡិប​ដែល​ជា​ទីក្រុង​ធំ​ទី២ របស់​ស៊ីរី​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ហិង្សា​ពី​សំណាក់​កម្លាំងទ័ព​រដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ការ​ជួយ​គាំទ្រ​ផ្លូវអាកាស​ពី​កម្លាំងទ័ព​រុស្ស៊ី។ គោលដៅ​របស់​រដ្ឋាភិបាល​ទីក្រុង​ដាម៉ាស គឺ​ដណ្តើម​យក​ទីក្រុង​អាឡិប​ទាំង​ស្រុង​ពី​កណ្តាប់ដៃ​ក្រុម​បះបោរ។ តែ​អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ​នៅ​ចំពោះ​មុខ គឺ​ជីវិត​ជនស៊ីវិល​ស្លូតត្រង់ និង​សោកនាដកម្ម​មនុស្សធម៌​នា​ពេល​ខាង​មុខ។ នៅ​សប្តាហ៍​កន្លង​ទៅ មាន​ស្លាប់​ជនស៊ីវិល​ពី ១៥០ ទៅ ៣០០នាក់​នៅ​ក្រោម​គ្រាប់កាំភ្លើង​ស៊ីរី និង​រុស្ស៊ី។

ស៊ីរី៖​សហគមន៍អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ពី​សោកនាដកម្ម​មនុស្សធម៌ និង​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ
ស៊ីរី៖​សហគមន៍អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ពី​សោកនាដកម្ម​មនុស្សធម៌ និង​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

ផ្ទាំង​ទស្សនីយភាព​ដែល​ពិភពលោក​កំពុង​ទស្សនា​នៅ​ក្នុង​ប្រទេស​ស៊ីរី​តាំង​ពី​ជាង ៥ឆ្នាំ​កន្លង​ទៅ គឺ​អសមត្ថភាព​របស់​សហគមន៍​អន្តរជាតិ និង​ភាព​ឡើង​ចាង​កាន់​តែ​ខ្លាំង​ឡើងៗ​របស់​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ដោយ​មាន​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ដូច​យ៉ាង​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់ ពិសេស​មហាអំណាច​រុស្ស៊ី។ សហគមន៍​អន្តរជាតិ​ចេះ​តែ​បន្ត​ស្រែក និង​ថ្កោលទោស ចំណែក​របប​ក្រុង​ដាម៉ាស និង​សម្ព័ន្ធមិត្ត​ចេះ​តែ​បន្ត​វាយប្រហារ​លើ​ទីតាំង​របស់​ក្រុម​បះបោរ ហើយ​ដែល​ជនស៊ីវិល​ស្លូតត្រង់​ជា​អ្នក​បាត់បង់​ជិវិត​ច្រើន​ជាង​គេ។ សង្រ្គាម​ស៊ីវិល​ជាង ៥ឆ្នាំ​កន្លង​ទៅ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង ៣០ម៉ឺននាក់។
 
ក្រៅ​ពី​នោះ នៅ​មាន​បញ្ហា​មនុស្សធម៌ និង​ជនស៊ីវិល​ជា​ច្រើន​ម៉ឺននាក់​កំពុង​បន្ត​ជាប់កុន​នៅ​ក្នុង​តំបន់​ជម្លោះ ហើយ​ពួក​គេ​មាន​ការ​ខ្វះខាត​គ្រប់បែប​យ៉ាង តាំង​ពី​គ្រឿង​ឧបភោគបរិភោគ ថ្នាំសង្កូវ និង​ទឹកស្អាត​ប្រើប្រាស់។ ក្នុង​រយៈពេល ១ឆ្នាំ​កន្លង​ទៅ ចំនួន​ជនស៊ីវិល​ដែល​ស្ថិត​ក្រោម​ការ​ហ៊ុមព័ទ្ធ​របស់​ទ័ពរដ្ឋាភិបាល​បាន​កើន​ពី​ចំនួន​ជិត ៤០ម៉ឺននាក់​ទៅ​ជិត ១លាននាក់​នា​ពេល​សព្វថ្ងៃ​នៅ​ទូទាំង​ប្រទេស​ស៊ីរី។ នៅ​ក្នុង​ទីក្រុង​អាឡិប​ប៉ែកខាងកើត​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុមប្រឆាំង​តាំង​ពី​ឆ្នាំ ២០១២ មាន​ជនស៊ីវិល​ប្រមាណ ២៥ម៉ឺននាក់​កំពុង​ជួប​វិបត្តិ​មនុស្សធម៌​តាំង​ពី​ជាង ៤ខែ។
 
ជា​ថ្មី​ម្តង​ទៀត សំណុំរឿង​ស៊ីរី​បាន​ក្លាយ​ជា​ប្រធាន​រឿងក្តៅ និង​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ។ តែ​លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​ស៊ីរី​តែងតែ​ប្រឆាំង​រាល់​សេចក្តីសម្រេច​ចិត្ត​ណា​ដែល​ថ្កោលទោស​របប​ស៊ីរី។
 
លោក​អូបាម៉ា​មាន​សុទិដ្ឋិនិយម​តិចតួច​ចំពោះ​អនាគត​ស៊ីរី

នា​ឱកាស​ជំនួបកំពូល​អង្គការ Apec ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ លោក​ប្រធានាធិបតី​អាមរិក​អូបាម៉ា​បាន​ជួប​សន្ទនា​រយៈពេល​ខ្លី​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន។ លោក​អូបាម៉ា​បាន​ស្នើ​លោក​ពូទីន​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​បញ្ចប់​អំពើហិង្សា និង​ទុក្ខវេទនា​របស់​ពលរដ្ឋ​ស៊ីរី។ តែ​លោក​អូបាម៉ា​បែរ​ជា​បញ្ជាក់​ខ្លួន​ឯង​ថា លោក​មាន​សុទិដ្ឋិនិយម​តិចតួច​ចំពោះ​អនាគត​ប្រទេស​ស៊ីរី។ ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត បន្ទាប់​ពី​ជួប​ជាមួយ​លោក​ពូទីន លោក​អូបាម៉ា​បាន​ទទួល​ស្គាល់​ថា នៅ​ពេល​ដែល​រុស្ស៊ី និង​អ៊ីរ៉ង់​បាន​សម្រេច​ចិត្ត​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ក្នុង​ផ្លូវសង្រ្គាម វា​ពិត​ជា​ពិបាក​ដែល​ក្រុមប្រឆាំង​អាច​បន្ត​ទ្រាំទ្រ​បាន​យូរ​អង្វែង។
 
ក្រុម​អ្នក​វិភាគ​ទូទៅ​បាន​យល់​ឃើញ​ថា ដោយ​អាណត្តិ​របស់​លោក​អូបាម៉ា​ត្រូវ​ចប់​នៅ ២ខែ​ខាង​មុខ សម្តី​របស់​លោក​អូបាម៉ា​អាច​មិន​សូវ​មាន​ឥទ្ធិពល និង​មាន​ទម្ងន់​ដូច​មុន។ មួយ​វិញ​ទៀត ប្រសិន​បើ​លោក​អូបាម៉ា​អាច​ធ្វើ​ឲ្យ​លោក​ពូទីន​ស្តាប់​លោក និង​យល់ព្រម​ធ្វើ​តាម​លោក​នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​ស៊ីរី ក៏​ប្រហែល​ជា​មាន​តាំង​ពី​យូរ​មក​ហើយ ព្រោះ​វិបត្តិ​មួយ​នេះ​មិនមែន​ទើប​កើត​មាន​ថ្ងៃ​នេះ ឬ​ថ្ងៃ​ម្សិលមិញ​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​លើកទី១ ដែរ ដែល​លោក​អូបាម៉ា​បាន​ធ្វើ​សំណើ​របៀប​នេះ​ទៅ​កាន់​លោក​ពូទីន។

បរិបទ​នយោបាយ​អន្តរជាតិ​នឹង​ផ្លាស់ប្តូរ​ក្នុង​ឆ្នាំ ២០១៧

នៅ​ថ្ងៃទី២០ មករា ឆ្នាំ ២០១៧ លោក​ដូណាល់ ត្រាំ​នឹង​ចូល​កាន់​តំណែង​ជាផ្លូវការ​ជំនួស​កន្លែង​លោក​អូបាម៉ា។ នៅ​ពេល​នោះ បរិបទ​ពិភពលោក​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ច្រើន បូក​ទាំង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ផង។ ការ​ផ្លាស់ប្តូរ​ដែល​មិនមែន​មាន​តែ​ជាមួយ​នឹង​រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​ដូណាល់ ត្រាំ​មួយ​ទេ តែ​ក៏​នឹង​អាច​មាន​ពី​ប្រទេស​មហាអំណាច​មួយ​ចំនួន​ក្នុង​លោក​ដែរ ពិសេស​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ក្នុង​ប្រទេស​បារាំង​នា​ខែ​ឧសភា ឆ្នាំ ២០១៧។
 
ការ​ផ្លាស់ប្តូរ​ដែល​នឹង​ផ្តើម​ចេញ​ពី​ការ​ប្រកាន់​ជំហរ​មិន​ដូច​គ្នា​នៅ​ក្នុង​សំណុំរឿង​ជាតិ និង​អន្តរជាតិ​រវាង​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា និង​អនាគត​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ លោក​អូបាម៉ា​បាន​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ទល់​នឹង​ជំហរ​របស់​រុស្ស៊ី និង​របស់​អ៊ីរ៉ង់​នៅ​ក្នុង​សំណុំរឿង​ស៊ីរី និង​ចង់​កំចាត់​លោក​អាសាដ​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី។ តែ​លោក​ដូណាល់ ត្រាំ​មាន​ទំនោរ​រក​រុស្ស៊ី​របស់​លោក​ពូទីន។ នៅ​ក្នុង​ប្រទេស​បារាំង លោក​ហ្រ្វង់ស័រ ហ្វីយ៉ូង​ដែល​បាន​ទទួល​សម្លេង​គាំទ្រ​ខ្ពស់​នា​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ក្នុង​បក្សសាធារណរដ្ឋ​ក៏​មាន​ជំហរ​ចង់​ដោះស្រាយ​វិបត្តិស៊ីរី​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​បុគ្គល​អាសាដ និង​ក្រុម​ប្រទេស​ដែល​មាន​របបដឹកនាំ​ផ្តាច់ការ។
 
គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំហរ​នយោបាយ​អន្តរជាតិ​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ឬ​របស់​អនាគត​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​បស្ចិមលោក​មួយ​ចំនួន​អាច​នឹង​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី ឬ​នៅ​ក្នុង​ប្រទេស​ផ្សេង​បាន​ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង អ្នក​ដែល​នឹង​អាច​ទាញ​​ចំណេញ​ពី​នយោបាយ​របៀប​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​រុស្ស៊ី និង​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ