អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ម៉ូស្គូថា ខ្លួន​ឥត​ពាក់ព័ន្ធ​អ្វី​ណា​នឹង​ការ​វាយប្រហារ​​លើ​សាលារៀន​នៅ​ស៊ីរី​ឡើយ

ក្រសួង​ការបរទេស​រុស្ស៊ី​ល្ងាចថ្ងៃ​ព្រហស្បត៏​ម្សិល​មិញ​តាម​រយៈ​អ្នកនាំ​ពាក្យ​របស់​ខ្លួន​បានថ្លែង​បដិសេធ​ប្តូរផ្តាច់​ថា ម៉ូស្គូ​ឥត​ពាក់ព័ន្ធ​អ្វីណា​សោះឡើយ​នឹង​ការ​វាយប្រហារ​ពី​អាកាសទៅ​លើ​សាលារៀន​មួយ​ក្នុង​ខេត្ត Idleb នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ស៊ីរី ដែល​បណ្តាល​ស្លាប់​អស់​កុមារ ២២​នាក់​និង​គ្រូ​បង្រៀន​៦​នាក់ ដូច​ដែល អង្គការ UNICEF បាន​ប្រកាស​នោះ។

រដ្ឋមន្ត្រីក្រសួងការបរទេស​រុស្ស៊ី Sergueï Lavrov (ឆ្វេង​) និង​លោក John Kerry (ស្តាំ)​
រដ្ឋមន្ត្រីក្រសួងការបរទេស​រុស្ស៊ី Sergueï Lavrov (ឆ្វេង​) និង​លោក John Kerry (ស្តាំ)​ REUTERS/Jean-Christophe Bott/Pool
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទ​កាសែត អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova លើក​ឡើង​ថា ៖ ប្រព័ន្ធផ្សព្វផ្សាយ​ខ្លះ​នៃ​លោក​អារ៉ាប​និង​បស្ចិម​លោក “នាំ​គ្នា​ចោទ​រុស្ស៊ី​ភ្លាម​ភ្លែត​ក្នុង​សោកនាដកម្ម​នេះ ចោទ​កង​អាកាស​រុស្ស៊ី​និង​កងទ័ព​ស៊ីរី​ទាំង​ប្រកាស​​ថា​ការ​ទម្លាក់​គ្រាប់បែក​នេះ គឺ​ធ្វើដោយ​រុស្ស៊ី​និង​ស៊ីរី។ នេះ​ជាការ​ចុះផ្សាយ បោក​ប្រាស​ទាំង​រស់​ដ្បិត​រុស្ស៊ី​ឥតពាក់ព័ន្ធ​អ្វីណា​សោះឡើយ​នឹង​សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់​នេះ” ។

លោកស្រី​អ្នកការទូត​រុស្ស៊ី​នេះ ក៏​បន្ថែម​ថា​ម៉ូស្គូ​ទាមទារ​ឲ្យ​អន្តរជាតិ​ផ្តោត​ការ​យកចិត្តទុក​ដាក់​ជា​អតិបរិមា​ទៅ​លើ​សោកនាដកម្ម​នេះ ហើយ​បើកការ​ស៊ើប​អង្កេត​ដោយ​កុំ​បង្អែបង្អង់ឡើយ។លោកស្រី Zakharova លម្អិត​ថា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី កំពុង​សិក្សា​ទិន្នន័យ​ដែល​មាន​​ដើម្បី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​រឿង​នេះ។

ជាការ​កត់​សម្គាល់​អង្គការ UNICEF ដោយ​ផ្សាយ​ដំណឹង​អំពី​ការ​វាយប្រហារ​ពី​អាកាស​ទៅលើ​សាលារៀន​ក្នុង​ខេត្ត Idleb នៅ​ស៊ីរី​ដែល​បាន​សម្លាប់​កុមារ​អស់​២២​នាក់​និង​គ្រូ​បង្រៀនអស់​៦​នាក់​ឥត​ចង្អុល​ឲ្យ​ឃើញ​ឡើយ​តើ​នរណា​ជា​អ្នក​វាយ​ប្រហារ។ ចំណែក​ខេត្ត Idleb​នោះ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​នៃ​ពួក​ឧទ្ទាម​គ្រប់​ស្បែក​មុខ។

 
គួរ​រំលឹក​ថា កង​អាកាស​រុស្ស៊ី បាន​ចូល​ខ្លួន​អន្តរាគម​នៅ​ស៊ីរី តាំងពី​ថ្ងៃ​៣០​កញ្ញា​ឆ្នាំ​២០១៥មក​ទាំង​អះអាង​ថា​បំពេញ​ប្រតិបត្តិការ​វាយប្រហារ​គឺ​តែ​ទៅ​លើ “ ទីតាំង​ពួក​ភេរវជន” ប៉ុណ្ណោះ។ក្នុង​សន្និសីទ​កាសែត​នោះ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ក៏​បាន​ឲ្យ​ដឹង​ថា​ថ្ងៃ​សុក្រ​ទី២៨​តុលា​នៅ​រដ្ឋធានី​ម៉ូស្គូ​នឹង​ប្រព្រឹត្ត​ទៅ​ជំនួប​ត្រីភាគី​នៃ​ប្រមុខ​ការទូត​រុស្ស៊ី​អ៊ីរ៉ង់ ស៊ីរី ដើម្បីពិភាក្សា​អំពី​ស្ថានការណ៍​ក្តៅ​គគុក​នៅ​ស៊ីរី។ រុស្ស៊ី​និង​អ៊ីរ៉ង់​តែង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុនិង​យោធា​ដល់​របប​លោក​ប្រធានាធិបតី​ស៊ីរី Bashar al Assad។

តាម​តួលេខ​អ.ស.ប. ក្នុង​សង្គ្រាម​ដែល​ឆាបឆេះ​នៅ​ស៊ីរី​អស់​ជាង​៥​ឆ្នាំ​មក​ហើយ មានពលរដ្ឋ​ប្រទេស​នេះ ធ្លាក់​ខ្លួន​ស្លាប់​អស់​ជាង ៣​សែន​នាក់​ឯណោះ  រួចពី​ក្នុង​ចំណោម​បណ្តាជន ១៦​លាន​នាក់​នៃ​ប្រទេស​នេះ មាន​ពាក់​កណ្តាល បាន​ក្លាយ​ជា​ជន​បន្លាស់​ទី​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ