អានតួអត្ថបទ

តួកគី​បន្តដកហូត​មន្ត្រីរដ្ឋការ​ជាង​៣៩០០​នាក់​ថ្មី​ទៀត

មន្ត្រី​រដ្ឋ​ការ យោធា និង​នគរបាល ប្រមាណ​ជាង ៣៩០០​នាក់ ដែល​ជា​តំណាង​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​តួកគី​ព្យួរ និង​ដក​ហូត​ពី​ការងារ​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ ​ជា​ប្រតិបត្តិការ​ ដែល​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​​បង្ក្រាបចលនា​បះបោរ​ ក្រោយ​ហេតុការណ៍​រដ្ឋប្រហារ​មិន​សម្រេច​ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​អង់ការ៉ា ក្នុង​សារព័ត៌មាន​ផ្លូវការ។

អាជ្ញាធរ​តួកគី​បន្ត​ចាប់​ខ្លួន និង​ដក​ហូត​ការងារ​មន្ត្រី​រដ្ឋការ​​ពីបទ​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​មិន​សម្រេច​ ឆ្នាំ​ទៅ
អាជ្ញាធរ​តួកគី​បន្ត​ចាប់​ខ្លួន និង​ដក​ហូត​ការងារ​មន្ត្រី​រដ្ឋការ​​ពីបទ​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​មិន​សម្រេច​ ឆ្នាំ​ទៅ AFP/Kayhan Ozer
ផ្សាយពាណិជ្ជកម្ម

វិធានការ​ថ្មី​នេះ ជា​ការ​ដាក់​ទោស​លើ​មន្ត្រី​រដ្ឋការ​នៃ​ក្រសួង​យុត្តិធម៌ ​ចំនួន ១១២៧​នាក់ ខ្លះ​ជា​ក្រឡាបញ្ជី ខ្លះ​ជា​ឆ្មាំ​ពន្ធនាគារ លើ​គ្រូបង្រៀន​ចំនួន ៤៨៤​នាក់ និង​២០១​នាក់ ជា​បុគ្គលិក​ក្រសួង​សាសនា។ កងទ័ព​​ជាង​១២០០​នាក់ ក្នុង​នោះ ជិត​៦០០​នាក់​ ជានាយ​ទាហាន ​ក៏​ត្រូវ​បាន​ព្យួរ​ពីការងារ។ នេះ​បើ​តាម​ការ​លម្អិត​របស់​រដ្ឋាភិបាល។

ជា​សរុប​មនុស្ស​ជាង ១២ម៉ឺន​នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ងារ ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ និង​ខ្លះ​ក្នុង​វិស័យឯកជន និង​ជាង​បួន​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ គិត​ចាប់​តាំង​ពី​ប្រតិបត្តិការ​បង្ក្រាប​បាន​ចាប់​ផ្តើម​មក។

រដ្ឋាភិបាល​តួកគី បាន​ពន្យល់​បំភ្លឺ​ថា​ នេះ​ជា​វិធានការ​​ដែល​ប៉ះពាល់​លើ​សកម្មជន​ស្និទ្ធិ​នឹងមេ​បក្ស​ប្រឆាំង ជា​ប្រមុខ​សាសនា​និទេស​ខ្លួន​នៅ​សហរដ្ឋ​លោក Gülen។ ហ្គូឡិន ដែល​បើ​តាម​ក្រុង​អង់ការ៉ា គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ចលនា​បះបោរ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ឆ្នាំ​ទៅ និង​ដែល​មានបណ្តាញ​​សកម្មជន​គាំទ្រ​លាក់​ខ្លួន​នៅ​គ្រប់​រដ្ឋបាល គ្រប់​ប្រព័ន្ធ​សារព័ត៌មាន និង​ក្រុមហ៊ុន​ខ្លះ។

នៅ​ក្នុង​ថ្ងៃ​ម្សិលមិញ ទន្ទឹម​នឹង​ការ​ប្រកាស​ដក​ហូត​មន្ត្រី​បុគ្គលិក​នេះ​ដែរ អាជ្ញាធរ​តួកគី​បាន​បិទ​ខ្ទប់​វិបសៃត៍ វីគីភីឌា ដោយ​សំអាង​លើ​ច្បាប់​ហាមឃាត់​​ការ​ភ្ជាប់​អ៊ីនធ័រនែត​លើ​គេហទំព័រ​ដែល​មាន​លក្ខណ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ