អានតួអត្ថបទ
លិបង់

បោះឆ្នោតលីបង់៖ ក្រុម​ហេសបូឡា​ឈីអ៊ីត​ស្និទ​នឹង​អ៊ីរ៉ង់ ឈ្នះ​បាន​អាសនៈ​​សភា​ភាគច្រើន

ការបោះឆ្នោតសភាលីបង់ បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី៦ឧសភា។ មកដល់ថ្ងៃអង្គារនេះ លទ្ធផលផ្លូវការ ត្រូវបានគេដឹងជាបណ្តើរៗហើយ ដោយក្រុមហេសបូឡាលីបង់ បានឈ្នះអាសនៈ ចំនួនភាគច្រើនក្នុងសភា ខណៈដែលគណបក្សរបស់លោក អតីតនាយករដ្ឋមន្ត្រី ហារីរី បានបាត់បង់អាសនៈសឹងតែមួយភាគបី។ យោងតាមលទ្ធផលនេះ យើងឃើញថា ក្រុមហេសបូឡា ដែលជាក្រុមអ៊ីស្លាមឈីអ៊ីត មានទំនោរស្និទនឹងអ៊ីរ៉ង់នោះ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងនៅលីបង់។ វាក៏ បង្ហាញឲ្យដឹងអំពីឥទ្ធិពលរបស់អ៊ីរ៉ង់ កាន់តែរីកធំ នៅក្នុងតំបន់ដែរ។

ផ្សាយពាណិជ្ជកម្ម

 

 

ក្នុងចំណោមអាសនៈសភាលីបង់ ទាំង១២៨ ក្រុមហេសបូឡាឈីអ៊ីត រួមទាំងគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន បានប្រមូលកៅអីបានចំនួន ៦៧អាសនៈ។ ចំណែកក្រុមខាងស៊ុនីត ដែលជាសម្ព័ន្ធមិត្តរបស់លោក អតីតនាយករដ្ឋមន្ត្រី សាដ ហារីរីឯណោះវិញ បានកៅចំ​នួនតែ២១កៅអីប៉ុណ្ណោះ ខណៈដែលសភាបញ្ចប់អាណត្តិ ខ្លួនមានដល់ទៅ៣៣កៅអី។

លោកសាដ ហារីរី បានប្រកាសទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតលើកនេះ ដែលលោកមិនរំពឹងសោះថា ក្រុមលោកបានទទួលលទ្ធផលតិចតួចបែបនេះ។ ចំណែក ក្រុម​ហេសបូឡាលីបង់ ដែលជាក្រុមទទួលបានការទំនុកបំរុងគាំទ្រ ពីអ៊ីរ៉ង់នោះ បានប្រកាសអបអរសាទរ នឹងជ័យជំនះរបស់គេ ក្នុងការបោះឆ្នោតសភានេះ។

គួរបញ្ជាក់ថា នៅលីបង់ ការបែងចែកអំណាច មានលក្ខណៈពិសេស ដើម្បីរក្សាឯកភាពជាតិ មិនឲ្យមានការប្រជែងគ្នា រវាងក្រុមបក្សសាសនាផ្សេងៗគ្នា ដូចជាសាសនាអ៊ីស្លាមនីកាយឈីអ៊ីត ក្រុមនិកាយស៊ុនីត និងក្រុមសាសនាគ្រិស្តិជាដើម។ ដោយយោងលើទំលាប់នេះ នាយករដ្ឋមន្ត្រីត្រូវតែបានទៅខាងក្រុមអ៊ីស្លាមស៊ុនីត។ ហេតុដូច្នេះ មានន័យថា ទោះបី​លោកសាដ ហារីរី មិនបានសម្លេងភាគច្រើន ក្នុងសភាក៏ដោយ ក៏លោកអាចនឹងត្រូវបានគេតែងតាំង ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរដ្ឋាភិបាលចំរុះ។

យោងតាមលទ្ធផលនេះ យើងសង្កេតឃើញថា ក្រុមហេសបូឡាឈីអ៊ីត ដែលស្និទនឹងអ៊ីរ៉ង់​ ក៏ដូចជារដ្ឋាភិបាលស៊ីរី បាឆាអាល់អាសាដ បានពង្រីកឥទ្ធិពលខ្លាំង នៅតាមមូលដ្ឋានរបស់ខ្លួន។ តាមតួលេខ នៅមណ្ឌលណា ដែលមានតំណាងអ្នកឈរឈ្មោះរបស់ក្រុមហេសបូឡា គឺលទ្ធផលឈ្នះសឹងតែទាំអស់។ ការណ៍នេះ ក៏បានបង្ហាញឲ្យឃើញដែរថា ថាអ៊ីរ៉ង់ កំពុងតែក្តោបក្តាប់ឥទ្ធិពល យ៉ាងណែនទៅលើលីបង់។ ក្រុមហេសបូឡាលីបង់នេះ ត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាត់ទុកជាក្រុមភេរវកម្ម និងជាកូនអុករបស់អ៊ីរ៉ង់។

ដោយឡែក រដ្ឋាភិបាលបារាំង បានសម្តែងការអបអរ ចំពោះដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយរលូន​ នៅលីបង់ បើទោះបីប្រទេសនេះ មានក្រុមបក្សនយោបាយ​ផ្សេងគ្នា មាននិន្នការ និងសាសនាខុសគ្នាក៏ដោយ។ នេះគឺជាគំរូមួយដ៏ល្អ សម្រាប់ប្រទេសអារ៉ាប់ផ្សេងទៀតក្នុងតំបន់។ ដោយឡែក អ៊ីរ៉ង់វិញ បានប្រកាសថា ទោះក្រុមបក្សណាឈ្នះការបោះឆ្នោត ឬដឹកនាំរដ្ឋាភិបាលក៏ដោយ អ៊ីរ៉ង់ រងចាំធ្វើការជាមួយជានិច្ច។

គួរកត់សំគាល់ថា ​សភាលីបង់ដែលមានអាណត្តិ៤ឆ្នាំនោះ បានពន្យាពេលបោះឆ្នោតម្តងជា២ដង តាំងតែពីឆ្នាំ២០០៩ មកម្លេះ ដោយសារតែវិបត្តិនយោបាយ។ ចំនួនប្រជាជន ដែលបានទៅចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ មានប្រមាណជាជាង៤៩% ដែលចំនួននេះ ថយចុះបន្តិច បើប្រៀបធៀបទៅនឹង ចំនួន៥៤% កាលពី៩ឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ