អានតួអត្ថបទ

កងទ័ព​ស៊ីរី​ទៅ​ជួយ​ក្រុម​គួដ​តាម​សំណូមពរ តែ​តួកគី​ក្តៅ​ក្រហាយ​ខ្លាំង

សេចក្តី​សម្រេច​របស់​លោក​ដូណាល់ ត្រាំ គ្រោង​​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី កំពុង​​តែ​ធ្វើ​ឱ្យ​ការ​ចង​សម្ព័ន្ធ​លើ​សមរភូមិ រេ​ប្តូរ​ទិស​ឬ ?! នៅ​ថ្ងៃសុក្រ​នេះ យោធា​របស់​រដ្ឋាភិបាល​ស៊ីរី ដឹកនាំ​ដោយ​លោក បាស្ហារ អាល់​អាសាដ បាន​ចូល​ទៅ​ដល់​តំបន់​Manbej ភាគ​ខាង​ជើង ប្រទេស តាម​សម្រែក​សុំ​ជំនួយ​របស់​កង​កម្លាំង​យុទ្ធគួដ។

កង​កម្លាំងការពារ​ប្រជាជន​ ភាគ​ច្រើន​ជា​​​យុទ្ធជន​គួដ (YPG)
កង​កម្លាំងការពារ​ប្រជាជន​ ភាគ​ច្រើន​ជា​​​យុទ្ធជន​គួដ (YPG) DELIL SOULEIMAN / AFP
ផ្សាយពាណិជ្ជកម្ម

​​ដំណឹង​នេះ ធ្លាក់​មក​ជួន​ចំពេល​ដែលកង​កម្លាំង​​រដ្ឋាភិបាលស៊ីរី​បាន​ និង​កំពុង​យក​ឈ្នះ​ជា​បន្ត​បន្ទាប់ លើ​ផ្នែក​យោធាផង និង​ហាក់​កំពុង​បំបែក​ភាពឯកា​ការទូត​ផង ៖ តាម​រយៈ​ការ​បើកសម្ពោធ​​ស្ថានទូត​អេមីរ៉ាត​អារ៉ាប់រួម​នៅ​ក្រុង​ដាម៉ាស​​ជា​ឧទាហរណ៍​ជាក់ស្តែង។

“កងកម្លាំង​រួម​នៃ​យោធា​ស៊ីរី បាន​ចូល​ទៅ​ដល់​មេនបេហ្ស​ Manbej ហើយ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​របស់​យោធាស៊ីរី ដែល​មិន​បញ្ជាក់​លម្អិត​ទេ​ថា​តើ​កងទ័ព​បាន​ចូល​ទៅ​ដល់​ខាង​ក្នុង​ក្រុង​ឬយ៉ាងណា​ទេ”។ ប៉ុន្តែ​បើ​តាម​អង្គការ​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី កងកម្លាំង​រដ្ឋាភិបាល និង​យុទ្ធជន​ជា​សម្ព័ន្ធមិត្ត​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ប៉ែក​ខាង​ជើង​និង​ខាង​កើត​នៃ​ក្រុង ដើម្បី​បង្កើត​ជា​តំបន់​ទ្រនាប់​ខណ្ឌ​ចែក​រវាង​ដែនដីរបស់​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​តួកគី និង​តំបន់​ក្រុង​Manbej ក្នុង​បរិមាណ​​ជា​សរុប​​ជាង​៣០០​នាក់​។

នេះ​​ជា​​របត់​ថ្មី​មួយ សម្រាប់​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​រវាង​កងកម្លាំង​គួដ និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ដែល​ពេល​មុន​​ធ្លាប់​ទាំងចាត់​ទុក​​​យុទ្ធជន​គួដ ជា​ក្រុម​ក្បត់​ផង​នោះ។ ​ប៉ុន្តែដើម្បី​អាច​រក្សា​និង​ការពារទីតាំង​ព្រមទាំង​តំបន់​Manbej ពី​ការ​គំរាម​កំហែង​របស់​តួកគី យុទ្ធជនគួដ​ត្រូវ​តែបង្ខំ​ចិត្ត​ងាក​ទៅ​រក​លោក​បាស្ហារអាល់អាសាដ។​ តាំង​ពី​ពាក់​កណ្តាល​ខែ​ធ្នូមក​ តួកគី​បាន​សន្យា​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​គួដ ដោយ​បញ្ជូន​​កងកម្លាំងបន្ថែម​​ជាច្រើនទៅ​ឈរ​ជើង​នៅ​តាម​ព្រំដែន។ ពាក្យ​គំរាម​កំហែង​នេះ រឹត​តែគួរ​ឱ្យ​ព្រឺ​ខ្លាច​ទៀត សម្រាប់​យុទ្ធជនគួដ នៅពេល​លោកដូណាល់ ត្រាំ បាន​ប្រកាស ដក កងទ័ព​ចេញ​ពី​ស៊ីរី ហើយ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​វិបត្តិស៊ីរី​ឱ្យ​តួកគី។

ប៉ុន្តែ​ក្រុម​គួដ​គ្មាន​សិទ្ធិ​ហៅ​ក្រុង​ដាម៉ាស​ឱ្យ​មក​ជួយ​ទេ ! នេះ​ជា​ប្រតិកម្ម​ប្រកប​ដោយ​កំហឹង​របស់​តួកគី ដោយ​បាន​ចាត់​ការ​ហៅ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ីរី ថា​​ជា​ទង្វើ​បង្ក​ហេតុ។ ​សម្រាប់មូស្គូ​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​ស៊ីរីវិញ វត្តមាន​របស់​យោធា​រដ្ឋាភិបាល​ក្នុង​តំបន់​Manbej នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រទេស​មាន​ស្ថិរភាព។ បញ្ហា​នេះ​នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​ឱ្យ​បាន​កាន់​តែ​ស៊ីជម្រៅ​ និង​ឱ្យ​ស៊ីចង្វាក់​គ្នា នៅ​ពេល​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ និង​ការបរទេស​តួកគី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ូស្គូ នា​ថ្ងៃ​សៅរ៍​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ