អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖តុលាការ​បាន​សម្រេច​ចាត់​ទុក​ចលនា​អេហ្ស៊ីឌីន អាល់ កាសាម ជា​អង្គការ​ភេរវនិយម

នៅ​ថ្ងៃ​សៅរិ៍ ទី៣១ មករា តុលាការ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​សម្រេច​ចាត់​ទុក​ចលនា​អេហ្ស៊ីឌីន អាល់ កាសាម (Ezzedine-al-Qassam) ដែល​ជា​សាខា​យោធា​របស់​ចលនា​ហាម៉ាស់​ប៉ាឡេស្ទីន​ថា ជា​អង្គការ​ភេរវនិយម។ ប្រតិកម្ម​ភ្លាមៗ ចលនា​ហាម៉ាស់​បាន​ទុក​ការ​សម្រេចចិត្ត​របស់​តុលាការ​អេហ្ស៊ីប​ថា មាន​លក្ខណៈ​នយោបាយ​ប្រកប​ដោយ​គ្រោះថ្នាក់។ រីឯ​ចលនា​អេហ្ស៊ីឌីន​ខ្លួន​ឯង​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទំាង​អស់។

លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi REUTERS/The Egyptian Presidency/Handout
ផ្សាយពាណិជ្ជកម្ម

ដំបូង​គួរ​ជម្រាប​ជូន​ថា ការ​សម្រេច​របស់​តុលាការ​ទីក្រុង​គែរ​នៃ​ប្រទេស​អេហ្ស៊ីប​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​បណ្តឹង​របស់​មេធាវី​ម្នាក់​ដែល​បាន​ចោទ​ចលនា​អេហ្ស៊ីឌីន អាល់ កាសាម (Ezzedine-al-Qassam) ពី​បទ​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​អំពើ​ភេរវកម្ម​ក្នុង​ឧបទ្វីប​ស៊ីណៃ​នា​ពេល​កន្លង​មក។ ទន្ទឹម​គ្នា​នេះ រូប​មេធាវី​ដដែល​ក៏​បាន​ចោទ​សាខា​យោធា​របស់​ចលនា​ហាម៉ាស់​ប៉ាឡេស្ទីន​មួយ​នេះ​ពី​បទ​បាន​ប្រើ​រូងក្រោមដី​ដោយ​ខុសច្បាប់​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​អេហ្ស៊ីប និង​តំបន់​ហ្កាហ្សា​ដែនដី​ប៉ាឡេស្ទីន​ដើម្បី​រត់ពន្ធ​អាវុធ និង​វាយប្រហារ​លើ​កម្លំាង​ប៉ូលិស និង​ទាហាន​ក្នុង​ទឹកដី​អេហ្ស៊ីប។ នៅ​មុន​ប្រទេស​អេហ្ស៊ីប ចលនា​អេហ្ស៊ីឌីន អាល់ កាសាម​នេះ​ក៏​ត្រូវ​បាន​អាមេរិក និង​អ៊ីស្រាអែល​ចាត់​ទុក​ជា​ចលនា​ភេរវនិយម​ដែរ។

ប្រតិកម្ម​ភ្លាមៗ ចលនា​ហាម៉ាស់​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្គាហ្សា​ក្នុង​ដែនដី​ប៉ាឡេស្ទីន​បាន​ចាត់​ទុក​ការ​សម្រេច​ចិត្ត​របស់​តុលាការ​អេហ្ស៊ីប​ថា ជា​ការ​សម្រេចចិត្ត​នយោបាយ​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ដែល​មាន​គោលដៅ​បម្រើ​ប្រយោជបន៍​ឲ្យ​អ៊ីស្រាអែល​តែ​មួយ​គត់។ រីឯ​ចលនា​ ចលនា​អេហ្ស៊ីឌីន អាល់ កាសាម​ដែល​ជា​អ្នក​រងគ្រោះថ្នាក់​ផ្ទាល់​វិញ​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទំាង​អស់​មក​ទល់​ពេល​នេះ។ សូម​ជម្រាប​ជូន​ថា តំាង​ពី​កងទ័ព​អេហ្ស៊ីប​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ប្រធានាធិបតី​ម័រស៊ី​ក្នុង​ខែ​កក្កដា ឆ្នំា ២០១៣ មក រដ្ឋអំណាច​ថ្មី​នៅ​អេហ្ស៊ីប​តែង​តែ​ចោទ​ចលនា​ហាម៉ាស់​ថា បាន​គំាទ្រ និង​ជួយ​ជា​កម្លំាង​ដល់​ចលនា​អេហ្ស៊ីឌីន អាល់ កាសាម​ឲ្យ​បង្កើន​ការ​វាយប្រហារ​ប្រឆំាង​សន្តិសុខ​នៅ​ឧបទ្វីប​ស៊ីណៃ។

កាល​ពី​ខែ​មីនា​កន្លង​ទៅ របប​ថ្មី​នៅ​អេហ្ស៊ីប​បាន​ហាម​សកម្មជន​របស់​ចលនា​ហាម៉ាស់​មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទំាង​អស់​នៅ​លើ​ទឹកដី​អេហ្ស៊ីប ព្រម​ទំាង​បញ្ជា​ឲ្យ​បិទខ្ទប់​លុយកាក់​របស់​ពួក​គេ​ដែល​មាន​នៅ​អេហ្ស៊ីប។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ពិត​មែន​តែ​អេហ្ស៊ីប​បាន​ដាក់​គំនាប​យ៉ាង​ខ្លំាង​លើ​ចលនា​អ៊ីស្លាមនិយមជ្រុល​របស់​ប៉ាឡេស្ទីន​មួយ​នេះ​ក៏​ដោយ ក៏​អេហ្ស៊ីប​ធ្លាប់​បាន និង​កំពុង​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន និយាយ​ជា​រួម និង​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស់ និយាយ​ដោយ​ឡែក។ ថ្មីៗ​នេះ អេហ្ស៊ីប​បាន​ធ្វើ​ជា​អាជ្ញាកណ្តាល​ក្នុង​សង្រ្គាម​នៅ​តំបន់​ហ្គាហ្សា​ដែនដី​ប៉ាឡេស្ទីន​រវាង​អ៊ីស្រាអែល និង​ចលនាហាម៉ាស់​នា​រដូវក្តៅ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ