អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

ក្រុមប្រឆាំង​ស៊ីរី បដិសេធ​មិនទទួល​យក​ជំនួយ​យោធា​ពី​រុស្ស៊ី

រុស្ស៊ី​មាន​ជំហរ​មិន​ច្បាស់លាស់ ទាំង​ផ្នែក​នយោបាយ និង​យោធា។ បន្ទាប់ពី​ប្រកាស​គាំទ្រ ការពារ​រដ្ឋាភិបាល​ស៊ីរី របស់លោក​បាស្ហា អាល់អាសាដ ទីក្រុង​ម៉ូស្គូ បាន​បញ្ជាក់​ចង់​ផ្តល់​ជំនួយ​ផងដែរ ទៅ​ក្រុមប្រឆាំង​ស៊ីរី ដែល​ជា​សត្រូវ​របស់ ប្រធានាធិបតី​ស៊ីរី។ ជំនួយ​យោធា របស់​រុស្ស៊ី ត្រូវ​បាន​ក្រុមប្រឆាំង​ស៊ីរី​រុញច្រាន មិន​ទទួល យក កាលពី​ថ្ងៃ​សៅរ៍​ទី ២៤ តុលា។ 

ទាហាន​របស់​កងពល​ស៊ីរី សេរី​លេខ​១០១​ដែល​ជា​ក្រុមប្រឆាំង ប្រយុទ្ធ​ទប់ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ផង និង​ប្រឆាំង​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ផង
ទាហាន​របស់​កងពល​ស៊ីរី សេរី​លេខ​១០១​ដែល​ជា​ក្រុមប្រឆាំង ប្រយុទ្ធ​ទប់ទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ផង និង​ប្រឆាំង​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ផង REUTERS/Khalil Ashawi
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឆាំង​ស៊ីរី ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធប្រឆាំង ទាំង​ក្រុមជីហាត និងទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ មិន​ទទួល​យក​ទាំង ជំនួយ​យោធា​រុស្ស៊ី និង​សំណើ​របស់​រុស្ស៊ី ដែល​ចង់​ឲ្យ​មាន​ការរៀបចំ​ការបោះឆ្នោត នាពេល​ខាងមុខ នៅ​ស៊ីរី។

 
កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​បទសម្ភាសន៍​ជាមួយ ទូរទស្សន៍​រុស្ស៊ី ប្រមុខការបរទេស​រុស្ស៊ី លោក​Sergueï Lavrov បាន​មាន​ប្រសាសន៍ថា យន្តហោះ​ចម្បាំង​រុស្ស៊ី ត្រៀមខ្លួន ដើម្បី​ជួយ​ឃុំគ្រង​ក្រុមទាហាន​ស៊ីរី សេរី ក្នុង​ការវាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម។ លោក​Lavrov ដែល​ទើប​បាន​ចូលរួម​ប្រជុំ​ជាមួយ​ភាគី​អាមេរិក អារ៉ាប៊ី សាអូឌីត និង​តួកគី កាលពី​ថ្ងៃ​សុក្រ នៅទីក្រុង​វីយ៉ែន នៅ​បាន​បន្ថែម​ថា រុស្ស៊ី​មាន​ក្តីសង្ឃឹម​ចង់​អូសទាញ​គ្រប់​ភាគី ជម្លោះ​នយោបាយ​ស៊ីរី​ឲ្យ​ចូល​តុ​ចរចា​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

សម្រាប់​ប្រមុខ​ការបរទេស​រុស្ស៊ី វា​ចាំបាច់​ណាស់ ដែល​គេ​ត្រូវ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី នៅ ប្រទេស​ស៊ីរី។ នៅ​ឆ្នាំ​២០១៤ នៅពេល​ប្រទេស​កំពុង​ជួប​សង្រ្គាម​ស៊ីវិល ស៊ីរី​បាន​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ដោយ​គ្មាន​ការចូលរួម​ពី​ក្រុមប្រឆាំង និង​ដែល​ទទួល​រិះគន់​ពី​សហគមន៍​អន្តរជាតិ។ លោក​បាស្ហារ អាល់​អាសាដ​បាន​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​៧ឆ្នាំ។

នៅ​ថ្ងៃ​អាទិត្យ អ្នកតំណាងរាស្រ្ត​រុស្ស៊ី​ដែល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដាម៉ាស បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFP ថា ប្រធានាធិបតី​ស៊ីរី បាន​និយាយ​ថា ត្រៀម​ខ្លួន​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ប៉ុន្តែ នៅក្នុង​កាលៈទេសៈ​មួយ ដែល​ស៊ីរី រួចផុត​ពី​កណ្តាប់ដៃ​របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​តែប៉ុណ្ណោះ។

ក្រុម​ប្រឆាំង​ស៊ីរី​មិនថា ក្រុមយោធា និង​គណបក្ស​នយោបាយ បាន​ទាត់ចោល​សំណើ​របស់​រុស្ស៊ី។ លោក​សាមៀរ ណាស្ហារ សមាជិក​ម្នាក់​របស់​សម្ព័ន្ធ​ជាតិ​ស៊ីរី​ដែល​ជា​ក្រុម​អ្នកនយោបាយ​ស៊ីរី នៅ​បរទេស បាន​ចាត់ទុក​រុស្ស៊ី ថា គ្មាន​យល់​ស្ថានភាព​ជាក់ស្តែង​នៅ​ស៊ីរី សូម្បី​បន្តិច។ តើ​គេ​អាច​រៀបចំ​ការបោះឆ្នោត​បាន​យ៉ាងម៉េច? ប្រជាជន​ស៊ីរី​រាប់លាន​នាក់​បាន​រត់ភៀសខ្លួន ពី​សង្រ្គាម ចំណែកទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បំផ្លាញ​ទាំងស្រុង។

វីរសេនីយ៍ អាម៉ាដ សាអ៊ូដ វិញ ដែល​ជា​អ្នកនាំពាក្យ​របស់​កងពល​ទី ១៣ របស់​ទាហាន​ស៊ីរី សេរី ដែល​គាំទ្រ​ផ្នែក​យោធា​ដោយ​ប្រទេស​លោកខាងលិច​បាន​និយាយ​បែប​ចំអក​ទៅវិញថា “រុស្ស៊ី​ចង់​សហការ ជាមួយ​ក្រុមប្រឆាំង ប៉ុន្តែ ជាមួយ​គ្នានោះ នៅ​តែ​បន្ត​ជួយ​កងទ័ព​រដ្ឋាភិបាល ដើម្បី​សម្លាប់​ក្រុមប្រឆាំង​ស៊ីរី។ គេ​ពិតជា​មិនអាចយល់​ពី​ជំហរ​របស់​រុស្ស៊ី​ទាល់តែសោះ”។

រុស្ស៊ី បាន​ផ្តើម​ប្រតិបត្តិការ​ទ័ព​អាកាស​នៅ​ស៊ីរី តាំងពី​ថ្ងៃ​ទី ៣០​កញ្ញាមក ក្នុង​គោលដៅ វាយប្រហារ​ទៅលើ​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុម​ភេរវនិយម ដែលស្ថិតនៅ​ក្នុង​បញ្ជី​របស់​រដ្ឋាភិបាល​បាស្ហា អាល់អាសាដ។ ប៉ុន្តែ តាម​អ្នកនាំពាក្យ​របស់​ទាហាន​ស៊ីរី​សេរី ៨០ភាគរយ​នៃ​ការវាយប្រហារ​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី គឺ​ផ្តោត​ទៅ​លើ​តាំង​របស់​ទាហាន​ក្រុមប្រឆាំង និង​ក្រុមប្រដាប់​អាវុធ អ៊ីស្លាម ដែល​មិនជ្រុល​និយម ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ទ័ព​រដ្ឋាភិបាល​ស៊ីរី។ “បើ​ចង់​ជួយ​ទាហាន​ស៊ីរី​សេរី រុស្ស៊ី ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ការវាយប្រហារ​ទៅលើ​កងទ័ព​ប្រឆាំង​ស៊ីរី” នេះ​ជា​ការអំពាវនាវ​របស់​សម្ព័ន្ធ​ជាតិ​ស៊ីរី នៅ​បរទេស៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ