អានតួអត្ថបទ
បារាំង-អ៊ីរ៉ង់

គណៈប្រតិភូ​បារាំង​មួយក្រុមធំ​ធ្វើដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់

គណៈប្រតិភូ​បារាំង​មួយក្រុម​ធំ​ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​សហគ្រាស​ធំៗ​ជាច្រើន បាន​ធ្វើ​ដំណើរ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​នៅថ្ងៃ​ចន្ទ​នេះ។ នេះ​គឺ​ជា​ដំណើរទស្សនកិច្ច​លើកដំបូង​របស់​មន្រ្តី​និង​អ្នក​ជំនួញ​បារាំង ចាប់តាំង​ពី​មាន​ការចុះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើឡើង ក្នុង​គោលដៅស្វះស្វែង​រក​ឱកាស​ធ្វើ​ជំនួញ នៅ​ក្រោយ​ពេល​ដែល​​​ទណ្ឌកម្ម​អន្តរជាតិ​​​ត្រូវ​ដក​ចេញ​ពី​អ៊ីរ៉ង់។

លោក Matthias Fekl រដ្ឋលេខាធិការ​ទទួលបន្ទុក​ពាណិជ្ជកម្ម ដែល​ស្ថិត​ក្នុង​ចំណោម​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់
លោក Matthias Fekl រដ្ឋលេខាធិការ​ទទួលបន្ទុក​ពាណិជ្ជកម្ម ដែល​ស្ថិត​ក្នុង​ចំណោម​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ AFP/Thomas Samson
ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​​បារាំង​ដែល​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ​នេះ ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល រដ្ឋលេខាធិការ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​សហគ្រាស​ធំតូច គិតជា​សរុប ចំនួន ១៥០នាក់។

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​នេះ គណៈប្រតិភូ​បារាំង​នឹង​​ជួប​ជជែក​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ចូលរួម​ក្នុង​វេទិកា​ពាណិជ្ជកម្ម​បារាំង-អ៊ីរ៉ង់ និង​ជាពិសេសធ្វើ​ពិធី​សម្ពោធ​​បើក​ការិយាល័យ​ពាណិជ្ជកម្ម​បារាំង​ប្រចាំ​ទីក្រុង​តេហេរ៉ង់ នៅថ្ងៃ​អង្គារ ២២កញ្ញា។

អគ្គនាយករង​ក្រុមហ៊ុន Vinci និង​ជា​អនុប្រធាន​សមាគម​នយោជក​បារាំង​បាន​ថ្លែង​នៅមុន​ពេល​ចេញ​ដំណើរ​ថា គោលដៅ​ចម្បងបំផុត​នៃ​ដំណើរទស្សនកិច្ច​នេះ គឺ​ដើម្បី​ប្រជែង​ដណ្តើម​ទីផ្សារ​នៅ​អ៊ីរ៉ង់។

គួរបញ្ជាក់ថា បារាំង​ធ្លាប់​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​អ៊ីរ៉ង់ ក៏ប៉ុន្តែ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​ធ្លាក់ចុះ ពី ៤ពាន់​លាន​អឺរ៉ូ​ក្នុងមួយឆ្នាំ កាល​ពីឆ្នាំ​២០០៤ មក​នៅ​ត្រឹមតែ​ប្រមាណ​ជា ៥០០លាន​អឺរ៉ូ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៣ ហើយ​នេះ គឺ​ដោយសារតែ​មាន​​​ទណ្ឌកម្ម​ដែល​សហគមន៍​អន្តរជាតិ​ដាក់​លើ​អ៊ីរ៉ង់ ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ។

ចាប់តាំង​ពី​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច ៥+១ បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ ដែល​នឹង​បើក​ផ្លូវ​​ឆ្ពោះ​ទៅ​​ដកទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់ បណ្តា​ប្រទេស​ជាច្រើន​​បាន​នាំគ្នា​សម្រុក​ចូល​ទៅ​ស្វែងរក​ឱកាស​រកស៊ី​នៅ​អ៊ីរ៉ង់។ អ៊ីរ៉ង់ ដែល​មាន​ប្រជាជន​សរុប​រហូតដល់​ទៅ ៨០លាននាក់ គឺ​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល។

យោងតាម​ការព្យាករ​របស់​ធនាគារ​ពិភពលោក ការ​ដកទណ្ឌកម្ម​អន្តរជាតិ​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​អ៊ីរ៉ង់ ពី ៣% នៅ​ឆ្នាំ​២០១៥ ទៅដល់ ៥% នៅ​ឆ្នាំ​២០១៦​ខាងមុខ ហើយ​ការនាំចេញ​របស់​អ៊ីរ៉ង់​ក៏​នឹង​កើនឡើង​ប្រមាណ​ជា ១៧ពាន់លាន​ដុល្លារ​ផងដែរ។ ហេតុដូច្នេះហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា គ្រាន់តែ​មាន​ការចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ភ្លាម គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​លោកខាងលិច​ជាច្រើន រួមមាន អូទ្រីស អ៊ីតាលី អាល្លឺម៉ង់ និង​អង់គ្លេស​ ជាដើម បាន​នាំគ្នា​បន្តកន្ទុយគ្នា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ តាំងពីមុន​បារាំង​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ