អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

ប្រធាន​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អន្តរជាតិ​AIEA ​ទៅ​ដល់​អ៊ីរ៉ង់

លោក​ប្រធាន​ទី​ភ្នាក់ងារ​អន្តរជាតិ ​គ្រប់គ្រង​ថាមពល​នុយក្លេអ៊ែរ ​បាន​អញ្ជើញ​ទៅ​ដល់​ រដ្ឋធានី​តេអេរ៉ង់​ នៅ​ថ្ងៃ​សៅរ៍​ ទី​១៩​កញ្ញា ​ដើម្បី​ជួប​ប្រជុំ​ ជាមួយ​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់ ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ។ ការ​ប្រជុំ​គ្នា​នេះ​ ​គឺ​ស្ថិត​​នៅ​ក្នុង​ក្របខណ្ឌ ​នៃ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ ​ ដែល​អ៊ីរ៉ង់​ បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ជាមួយ​ប្រទេស​មហាអំណាច ​កាល​ពី​ពាក់​កណ្តាល​ខែ​ កក្កដា។

លោក Yukiya Amano  អគ្គនាយក ទីភ្នាក់​ងារ​នុយក្លេអ៊ែរ​ អន្តរជាតិ AIEA
លោក Yukiya Amano អគ្គនាយក ទីភ្នាក់​ងារ​នុយក្លេអ៊ែរ​ អន្តរជាតិ AIEA REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​សភា​អាមេរិក ​បាន​បោះឆ្នោត​អនុម័ត ​កិច្ច​ព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ដែល​បាន​ចុះ​ហត្ថលេខា​ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​ចាប់​ពី​ពេល​នេះ ​ កិច្ច​ព្រមព្រៀង​នេះ ​លែង​មាន​អ្វី​មក​ជា​ឧបសគ្គ​ទៀត​ហើយ។

 
យ៉ាងណា​ក៏ដោយ ​មុន​នឹង​វា​ចូល​ជា​ធរមាន ​ជា​ស្ថាពរ ​ ទី​ភ្នាក់ងារ​ទទួល​បន្ទុក​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​ ហៅ​កាត់​ថា ​AIEA​ ត្រូវ​ធ្វើ​របាយការណ៍​មួយ ​ឲ្យ​បាន​មុន​ពាក់​កណ្តាល​ខែ​ធ្នូ​នេះ ​ ដើម្បី​ដោះស្រាយ​នូវ​រាល់​ចំណុច​មន្ទិល​សង្ស័យ​ទាំង​អស់ ​ស្តី​ពី​សកម្មភាព​ផលិត​ជាតិ​អ៊ុយរ៉ានីញ៉ូម​របស់​អ៊ីរ៉ង់​ កន្លង​មក​ ​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ​ពី​ភាព​សុទ្ធចិត្ត ​ទៀងត្រង់​របស់​អ៊ីរ៉ង់។

ស្ថិត​ក្នុង​ក្រមខណ្ឌ​ការងារ​នេះ​ហើយ ​ ទើប​លោក ​យូគីយ៉ា អាម៉ាណូ ​អគ្គនាយក​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អន្តរជាតិ ​បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​តេអេរ៉ង់ ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ ដើម្បី​ជួប​ប្រជុំ​ ជាមួយ​មន្ត្រី​ទទួល​បន្ទុក​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ តាម​ការ​ឲ្យ​ដឹង​ព័ត៌មាន ​ទី​ភ្នាក់ងារ​នេះ ​បាន​ផ្ញើរ​សំណុំ​ឯកសារ​មួយ​ចំនួន ​កាល​ពី​ថ្ងៃ​ទី​៩​កញ្ញា ​ដើម្បី​ឲ្យ​អ៊ីរ៉ង់​ដោះស្រាយ​បំភ្លឺ​ ទាក់ទិន​នឹង​ចំណុច​មិន​ច្បាស់លាស់​ជា​ច្រើន ​ស្តីពី​សកម្មភាព​ផលិត​ថាមពល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​កន្លង​មក។

តាម​ប្រភព​ជា​ច្រើន ​បាន​សង្ស័យ​ថា ​យ៉ាង​ហោច​ណាស់​​ រហូត​ដល់​ឆ្នាំ​២០០៣ ​ដែល​អ៊ីរ៉ង់​ បាន​សំងំ​​ចម្រាច់​ធាតុ​អ៊ុយរ៉ានីញ៉ូម ​ដើម្បី​ធ្វើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ការ​ចោទ​ប្រកាន់​នេះ ​ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់ ​ប្រកែក​ដោះសារ ​ប៉ុន្តែ​ព្រម​ជា​មួយ​គ្នានេះ​ ភស្តុតាង ​រួម​ទាំង​ឯកសារ​ផ្សេងៗ​ ដែល​អ៊ីរ៉ង់ ​ប្រគល់​ឲ្យ ​ គឺ​វា​មាន​លក្ខណៈ​ស្រពិច​ស្រពិល​ច្រើន។

បើ​របាយការណ៍​របស់​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​អន្តរជាតិ ​បញ្ជាក់​ថា​ចាប់​ពី​ពេល​នេះទៅ​ អ៊ីរ៉ង់​ស្អាតស្អំ ​ហើយ​បញ្ចប់​រាល់​ការ​លួច​ផលិត​ថាមពល​នុយក្លេអ៊ែរ ​ដើម្បី​បំរើ​ដល់​វិស័យ​យោធា ​នោះ​ប្រទេស​មហា​អំណាច ​នឹង​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ម្តងមួយៗ​ ទៅ​តាម​អ្វី​ដែល​គេ​សន្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ