អានតួអត្ថបទ
អ៊ីរ៉ាក់

កងទ័ព​អ៊ីរ៉ាក់ ​វាយ​ចូល​ទៅ​ដល់​ទីតាំង​របស់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម ​ក្នុង​ក្រុង​ ទីគ្រីត

ចាប់​តាំង ពី​ខែ​មិថុនា ឆ្នាំ​២០១៤ ទីក្រុង​ទីគ្រីត ​ដែល​ស្ថិត​នៅ​ចំងាយ ​ប្រមាណ​ជា​១៦០​គីឡូម៉ែត្រ ពី​រដ្ឋធានី​បាកដាត​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ពួក​ជីហាត​រដ្ឋអ៊ីស្លាម។ កង​កម្លាំង ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដោយ​មាន​ការ​ចូលរួម ពី​ក្រុម​ប្រយុទ្ធ​ឈីអ៊ីត​ជាច្រើន​ក្រុម​ទៀត ​បាន​ធ្វើ​ការ​វាយ​បក​យ៉ាង​សកម្ម​ ក្នុង​រយៈពេល​ ១០​ថ្ងៃ​ចុង​ក្រោយ​នេះ​ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ កង​កម្លាំង​អ៊ីរ៉ាក់ ​បាន​ចូល​ទៅដល់​ភាគ​ខាងជើង​ក្រុង ទីគ្រីត​ហើយ។ ទោះ​បី​ជា​យ៉ាង​ណា ​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​ នៅក្នុង​ក្រុង​នេះ អាច​នឹង​បង្ក​ឲ្យមាន​ អ្នក​ស្លាប់​ច្រើន​ ខាង​ភាគី​កងទ័ព​អ៊ីរ៉ាក់ ​ដោយសារ​តែក្រុម​ជីហាត​អ៊ីស្លាម ​បាន​បង្កៃ​គ្រាប់បែក ពាស​ពេញ​ទីក្រុង​នេះ។

រថក្រោះ​របស់​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ខិត​ចូល​ទៅជិត​ក្រុង ទីគ្រីត នៅ​ថ្ងៃ​ទី ១០ មិនា ២០១៥
រថក្រោះ​របស់​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ខិត​ចូល​ទៅជិត​ក្រុង ទីគ្រីត នៅ​ថ្ងៃ​ទី ១០ មិនា ២០១៥ REUTERS/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ព័ត៌មាន​ចុងក្រោយ​ ដែល​ទទួល​បាន ​គឺ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ទើបតែ​បាន វាយ​លុក​ចូល​ទៅ​ដល់​ភាគ​ខាងជើង​ ក្រុង​ទីគ្រីត​ប៉ុណ្ណោះ។ វា​មិនមែន​មាន​ន័យ​ថា ​កងទ័ព​អ៊ីរ៉ាក់ ​បាន​ដណ្តើម​យក​ទីក្រុង​នេះ​ ទាំងមូល​ទេ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មាន​ការ​ត្រេកអរ​ ​គឺ​ដោយសារ​ ​ក្នុង​រយៈពេល ​១០ថ្ងៃ​ចុង​ក្រោយ​នេះ កងទ័ព​អ៊ីរ៉ាក់ ​មាន​សន្ទុះ​ខ្លាំង ​ហើយ​បាន​វាយ​រំកិល​ យ៉ាង​ឆាប់​រហ័ស​ ចូល​ទៅ​ក្នុង​ក្រុង ​ទីគ្រីត ​ដែល​ស្ថិតក្រោម​ការ​កាន់កាប់​ របស់​ពួក​ជីហាត​អ៊ីស្លាម ​តាំង​ពី​ខែ មិថុនា​ឆ្នាំទៅ​ ម្លេះ។

 
ក្រុងទីគ្រីត៖សមរភូមិគ្រោះថ្នាក់សម្រាប់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់
គ្រោះ​ថ្នាក់​នៅ​មាន​ច្រើនទៀត ​សម្រាប់​កងទ័ព​អ៊ីរ៉ាក់ ព្រោះ​ថា​ការ​ប្រឈមមុខ​ដាក់​គ្នា នៅ​ក្នុង​ទីក្រុង​ដែល​មាន អាគារ មាន​ផ្លូវ​ក្រឡុក​ក្រលៀត ​វាខុស​ពី​ការ​បាញ់​ដាក់គ្នា​ នៅ​តាម​ទីវាល ដែល​យើង​អាច​មើល​គ្នា​ឃើញ​ ដោយ​ស្រួលៗ។ បើតាម​ការ​​ប៉ាន់ស្មាន កងទ័ព​អ៊ីរ៉ាក់ ​មាន​ច្រើន​ពាន់​នាក់ ដែល​បាន​ចូល​មកដល់​ក្រុង​ទីគ្រីត​នេះ ប៉ុន្តែ​ពួក​ជីហាត​អ៊ីស្លាម​ មាន​មិន​ច្រើន​ទេ ប្រមាណ​ជា ៣ ទៅ ៤ រយ​នាក់​ប៉ុណ្ណោះ។ គ្នា​វា​តិច​ជាង​មែន​ពិត ​ប៉ុន្តែ ​ពួកនេះ ​មាន​ល្បិច​ខ្ពស់​ណាស់។ ពួកនេះ ​បាន​ប្រើប្រាស់ ​អ្នក​បាញ់​កាំភ្លើង ​ស្នាយភើ ពី​លើ​ដំបូល​ផ្ទះ ​ហើយ​និង​ដាក់​គ្រាប់បែក​បង្កៃ សឹងតែ​គ្រប់​ទី​កន្លែង​ទាំងអស់។ ដូច្នេះ ​កងទ័ព​អ៊ីរ៉ាក់​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ ជា​ទី​បំផុត ​ពុំនោះ​ទេ ​ច្បាស់​ជា​ស្លាប់​គរជើង​មិន​ខាន។

ជាក់ស្តែង​ គ្រាន់តែ​ថ្ងៃ​ពុធ ​ទី១២ ​មិនា ​នៅ​ពេល​ដែល ​កងទ័ព​អ៊ីរ៉ាក់​ បាន​ចូល​មក​ដល់​ជាយក្រុង​ទីគ្រីត​ភ្លាម ​មាន​ឡាន​បង្កៃ​គ្រាប់បែក ​ផ្ទុះ​ដល់​ទៅ ១២ កន្លែង ​ខុសៗ​គ្នា ​ហើយ​ក្នុង​ចំណោម​នេះ មាន​៧​ ជា​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។ គ្រាន់តែ​ថ្ងៃ​ទីមួយ ​មាន​មនុស្ស​ស្លាប់ ១៧នាក់ ហើយ​ជាង​៤០នាក់​ទៀត​ របួសធ្ងន់​ទៅហើយ។ ហើយ​បើ​ទុក​ជាពួក​ជីហាត​អ៊ីស្លាម​ចាញ់ នាំគ្នា​រត់ចេញ​ពី​ក្រុង​នេះ ​មុន​នឹងចេញ​ ​ពួកនេះ ច្បាស់​ជា​កប់​គ្រាប់បែក ​ទុក​ជា​អនុស្សាវរីយ​មិនខាន​ទេ។ ដូច្នេះ កងទ័ព​អ៊ីរ៉ាក់​ដែល​បាន​ជោគជ័យ ក៏​មិន​ប្រាកដ​ ថា​រួច​ជីវិត​ដែរ។

វត្តមាន​របស់​អ៊ីរ៉ង់ ក្នុង​កងទ័ព​អ៊ីរ៉ាក់​ អាច​ធ្វើឲ្យ​គេ​យល់​ថា​ សង្គ្រាម​ជាមួយ​ពួក​ជីហាត​អ៊ីស្លាម ​ក្លាយ​ជា​សង្គ្រាម​រវាង​ពួក ឈីអ៊ីត និង​ពួក​ស៊ុនីត៖
កង​កម្លាំង​អ៊ីរ៉ាក់​បច្ចុប្បន្ន​នេះ មិនមែន​សុទ្ធសឹង​ជា​កងទ័ព​រដ្ឋាភិបាល​ទេ គឺ​មាន​ការ​ចូលរួម​ ពី​កង​កម្លាំង​ច្រើន មាន​ទាំងក្រុម​អ៊ីស្លាម​និកាយ​ឈីអ៊ីត និង​និកាយស៊ុនីត។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​កងទ័ព​អ៊ីរ៉ាក់ ​ថែម​ទាំង​​មាន​ជំនួយ ​ពី​ក្រុម​អ្នក​ជំនាញ​យោធា​ មក​ពី​អ៊ីរ៉ង់​ទៀត​ផង។ ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​សម្តែង​ការ​ព្រួយបារម្ភ ​ចំពោះ​វត្តមាន​របស់​ជំនាញ​ការ​យោធា​អ៊ីរ៉ង់ នៅ​ក្នុង​ជួរ​ងទ័ព​អ៊ីរ៉ាក់។ តើហេតុអ្វីទៅ ​បាន​ជា​បារម្ភ ​ព្រោះថា ​អ៊ីរ៉ង​មក​ចូលរួម​ដើម្បី​វាយ​កម្ទេច​ ពួក​ជីហាត​រដ្ឋអ៊ីស្លាម ទេតើ?
 
យើង​អាច​យល់​បាន​ថា ​អាមេរិក​បារម្ភ​ខ្លាច​ថា ​សង្រ្គាម​រវាង​កងទព័អ៊ីរ៉ាក់ ​ជាមួយ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម ក្លាយ​ជា​សង្គ្រាម​រវាង​និកាយ​សាសនា​អ៊ីស្លាម ​ទាំងពីរ ​គឺ​ក្រុម​ឈីអ៊ីត ​និង​ក្រុម​ស៊ុនីត។ អាមេរិក ​ក៏​ដូច​ជា​បណ្តា​ប្រទេស​ធំៗ ​មាន​បារាំង ​អាល្លឺម៉ង់​ អង់គ្លេស ​ជាដើម ​អំពាវនាវ ​នឹង​ខំ​ប្រឹង​ប្រយុទ្ធ​ដើម្បី​កម្ទេច ​ក្រុម​ជីហាត​អ៊ីស្លាម​ជ្រុល​និយម ​មិនមែន​ដោយសារ​ពួកនេះ ​ជា​ពួក​អ៊ីស្លាម​និកាយ​ស៊ុនីត​ទេ។ គេ​មិនខ្វល់​ថា​នរណា ​និកាយ​ស្អី​ទេ  ​សំខាន់ ​គឺ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​នេះ វា​សាហាវ​ព្រៃផ្សៃ ​សម្លាប់​មនុស្ស​គ្មាន​ប្រណី ​មិន​ថា​ជនជាតិ​ដទៃ ​រឺក៏​អ្នក​កាន់​សាសនា​អ៊ីស្លាម​គ្នា​វា​ទេ។

ប៉ុន្តែ ​នៅ​ក្នុង​ផ្ទៃ​ក្នុង​សាសនា​អ៊ីស្លាម​ទាំង​មូល ​និកាយ​ទាំងពីរ​នេះ ​ប្រខាំ​គ្នា​សម្បើម​ណាស់។ នរណា​ក៏​ដឹង​ដែរ ​ថា​អ៊ីរ៉ង់​ជា​មេក្រុម​អ៊ីស្លាម​ឈីអ៊ីត។ យ៉ាងណាមិញ​ដើមហេតុ ​ដែល​បណ្តាល​ឲ្យ​អ៊ីរ៉ាក់ ​ធ្លាក់​ចូល​ភ្លើង​សង្រ្គាម​ ជាមួយ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម ​ក៏​មួយ​ផ្នែក​ធំ​ ដោយសារ​តែ​រដ្ឋាភិបាល​អ៊ីរ៉ាក់ របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក ​អាល់ម៉ាលីគី​ វា​លម្អៀង​ទៅ​ខាង​ពួក​ឈីអ៊ីត​ពេក។ ដូច្នេះ​ហើយ ​ទើប​ពួក​ស៊ុនីត​ នៅ​អ៊ីរ៉ាក់​ មួយ​ចំនួន​ធំ ​នាំ​គ្នា​ចូលដៃ​ ​ជាមួយ​ពួក​ជីហាត​ជ្រុល​និយម ​ព្រោះ​ថា ​ពួក​នេះ​ វា​ក៏​កាន់​និកាយ​ស៊ុនីត​ដែរ។ ពួកនេះ ​ធ្វើ​សង្រ្គាម​យ៉ាង​ពេញ​មុខ​តែ​ម្តង ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ ដែល​ប្រកាន់​និយាយ​ឈីអ៊ីត។

ប៉ុន្តែ​កន្លង​មក ​ខាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បាន​ទទួល​ការ​គាំទ្រ ​ពីក្រុម​ស៊ុនីត ​ខ្លះៗ​ដែរ ​ព្រោះ​ថា​មាន​មួយ​ចំនួន ​ថ្វីត្បិត​តែ​គេ ​ស៊ុនីត​មែន ​តែ​គេ​មិន​គាំទ្រ​នឹង​នយោបាយ​ព្រៃផ្សៃ ​សាហាវ​យង់ឃ្នង របស់​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​ទេ។ ដូច្នេះ​ហើយ ​បាន​ជា​ពួកគេ ​មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​ដើម្បី​កម្ទេច​ពួក​នេះ។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​ក្រុម​ស៊ុនីត ទាំង​នេះ ​មិន​ស្អប់​ក្រុម​ឈីអ៊ីតទេ។

ឥឡូវ​នេះ ​មាន​អ៊ីរ៉ង់ ​មក​ចូលរួម​ក្នុង​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​វា​អាច​ធ្វើឲ្យ​ក្រុម​ស៊ុនីត​ ដែល​នៅ​ក្នុង​នឹង​ដែរ យល់ថា ​អ៊ីរ៉ង់ ​និង​អ៊ីរ៉ាក់ ​ដែល​សុទ្ធសឹង​ ជាពួក​ឈីអ៊ីត​ដូចគ្នា ​គេ​ធ្វើការ​ពួតដៃ​គ្នា​ ​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ស៊ុនីត។ ​កន្លងមក ​ចំនុច​ក្តៅ​នៅ​តំបន់​នេះ ​គឺ​ដោយសារ​តែ​ពួក អ៊ីស្លាម​ស៊ុនីត ​ ចេះ​តែ​បារម្ភ​ថា ​អ៊ីរ៉ង់​ចង់​ពង្រីក​ឥទ្ធិពល​ឈីអ៊ីត​របស់​ខ្លួន​ នៅ​ក្នុង​តំបន់។ ដូច្នេះ ​ការ​បារម្ភ​របស់អាមេរិក ​ត្រឹមត្រូវ​ម្យ៉ាង​ដែរ ព្រោះ​ថា វត្តមាន​របស់​អ៊ីរ៉ង់ ក្នុង​កងទ័ព​អ៊ីរ៉ាក់ អាច​ជំរុញ​ក្រុម​ស៊ុនីត​ ដែល​ជួយ​ច្បាំង​ខាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បាក់​ទឹកចិត្ត ​លែង​តស៊ូ​ប្រយុទ្ធ​តទៅ​ទៀត ហើយ​ថា​មិន​ត្រូវ​ គេ​អាច​ងៀក​ទៅ ​គាំទ្រ​ក្រុម​ស៊ុនីត​គ្នា​គេ​ ក៏ថា​បាន។

ស៊ុ​នីត​ក៏​ដោយ ​ឈីអ៊ីត​ក៏​ដោយ ​ត្រូវ​ចាប់ដៃ​គ្នា ​កម្ទេច​ពួក​ជីហាត​​រដ្ឋអ៊ីស្លាម៖
ជម្លោះ​និកាយ​សាសនា​អ៊ីស្លាម​ទាំងពីរ​នេះ ​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់  ​ប៉ុន្តែ​អ្វី​ដែល​ជា​ដំណោះស្រាយ​បន្ទាន់​គឺ ​ធ្វើ​យាងណា ​បោស​សម្អាត​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ឲ្យ​អស់។ បញ្ហា​នេះ ជា​កិត្តិយស​របស់​សាសនា​អ៊ីស្លាម​ទាំងមូល។ បើ​យើង​វិភាគ​ឲ្យ​ដិតដល់​ទៅ ​ក្រុម​ជីហាត​អ៊ីស្លាម​ជ្រុល​និយម​នេះ ​ជា​ក្រុម​ដែល​ព្រៃផ្សៃ ជាង​សត្វ​តិរិច្ឆាន​ទៅទៀត។ កុំ​ថា​ឡើយ​ អ្នកកាន់​សាសនា​អ៊ីស្លាម​ទូទៅ ​សូម្បី​តែ​ ​ពួក​អ៊ីស្លាម​និកាយ​ស៊ុនីត មួយ​ចំនួន ​ក៏​គ្មាន​នរណា ​គាំទ្រ​ពួក​ជីហាត​ជ្រុល​និយម​នេះ​ដែរ។ ដូច្នេះ ​គេ​គួរ​ទុក​បញ្ហា​និកាយ ​ស៊ុនីត ​និកាយ​ឈីអ៊ីត ​មួយឡែក ​ហើយ​ងៀក​មក​ពួតដៃ​គ្នា ​កម្ទេច​ពួក​ជីហាត​អ៊ីស្លាមនេះ​ឲ្យ​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ