អានតួអត្ថបទ
អ៊ីស្រាអែល-លីបង់

អ៊ីស្រាអែល​​បាញ់​ធ្លាក់​យន្តហោះ​​ដ្រូន​​របស់​​ចលនា​ហេ​បូ​ឡា​លីបង់​

យន្តហោះ​ដ្រូន​គ្មានមនុស្ស​បើកបរ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​សៅរ៍​មុន​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល ពិត​ជា​​យន្តហោះ​របស់​ចលនា​អ៊ីស្លាម​ស៊ីអីត​លីបង់​ហេបូឡា។ លោក Hassan Nasrallah ​ អគ្គលេខាធិការ​នៃ​ចលនា​លីបង់ បាន​ប្រកាស​ទទួលស្គាល់​ប្រតិបត្តិការ​យន្តហោះដ្រូន​ថា​ជា​របស់​​ខ្លួន​មែន​ដូច​តាម​ការ​ចោទ​ប្រកាន់​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​Benyamin​ Netanyahu។ យន្តហោះ​ដ្រូន​ បាន​ហោះ​ពី​លើ​តំបន់​យុទ្ធសាស្រ្ត​​ ជាអាទិ៍នៅ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​នៅ Dimouna, ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអ៊ែល ។​

ប្រមុខដឹកនាំចលនាហេបូឡាលីបង់,លោក  Hassan Nasrallah ធ្វើអន្តរាគមន៍​ផ្ទាល់នៅ​តាមបណ្តាញទូរទស្សន៍​នៃចលនារបស់ខ្លួន​
ប្រមុខដឹកនាំចលនាហេបូឡាលីបង់,លោក Hassan Nasrallah ធ្វើអន្តរាគមន៍​ផ្ទាល់នៅ​តាមបណ្តាញទូរទស្សន៍​នៃចលនារបស់ខ្លួន​ REUTERS/Manar TV via Reuters Tv
ផ្សាយពាណិជ្ជកម្ម

 កាលពី​ថ្ងៃ​សៅរ៍​មុន យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកបរ ​របស់​ចលនា​ហេហូឡាលីបង់​ បាន​ហោះ​ចេញ​ពី​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​ និង​​តម្រង់​ឆ្ពោះ​ទៅ​កាន់​អ៊ីស្រាអែល។ យោង​តាម​ការ​បញ្ជាក់​របស់​​ចលនា​លីបង់​ហេបូឡា ​ផ្លូវ​ដែល​​យន្តហោះ​ដ្រូន​បើកបរ​​ មាន​ទិស​ដៅ​យ៉ាង​ច្បាស់​​លាស់និង​ ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​សមុទ្រ​ជា​ច្រើន​រយ​គីឡូ​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​អ៊ីស្រាអែល​ចាប់​ដានបាន មុន​នឹង​ហោះ​ចូល​ក្នុង​ដែន​អាកាស​អ៊ីស្រាអែល។

 
លោក​ Hassan Nasrallah ​ ប្រមុខ​នៃ​ចលនា​តស៊ូ​លីបង់​​ បាន​គូស​បញ្ជាក់​ទៀត​ថា “គោលដៅ​នៃ​ប្រតិបត្តិការ​យន្តហោះដ្រូន គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ “និង​ក៏​​ជា​លើក​ទី​មួយ​ដែរ​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ចលនា​តស៊ូ​លីបង់​ ក្នុង​ការ​ប្រើ​ប្រាស់​​យន្តហោះ​ធុន​នេះ”។ " យន្ត​ហោះ​​​បាន​បើក​ចូល​យ៉ាង​ជ្រៅទៅ​ក្នុង​ដែនដី​​ប៉ាលេស្ទីន​ដែល​កាន់​កាប់​ដោយ​អ៊ីស្រាអែល” និង​​បាន​​ហោះ​ពី​លើ​តំបន់​នានា​ដែល​ស្ថិត​នៅ​ជិត មជ្ឍមណ្ឌលនុយក្លែរ​នៅ Dimouna​។

យន្តហោះដ្រូន​គ្មាន​មនុស្ស​បើកបរ​នេះ ដែល​មាន​បច្ចេក​វិជា្ជ​អ៊ីរ៉ង់និង​តម្លើង​នៅ​ប្រទេស​លីបង់ ត្រូវ ​បាន​កងទ័ព​អ៊ីស្រាអែល​ ស្ទាក់ស្កាត់​បាន​យ៉ាង​ឆាប់​រហ័ស មុន​នឹង​បាញ់​ទម្លាក់​​។ ក៏ប៉ុន្តែ ចំពោះ​​ប្រមុខ​​នៃចលនា​តស៊ូ​លីបង់​ ​Hassan Nasrallah ប្រតិបត្តិការ​នេះ បញ្ជាក់​ឲ្យ​ដឹង​ដែរ​​ពី​កំរិត​សមត្ថភាព​នៃ​កងទ័ព​អ៊ីស្រាអែល។ អ៊ីស្រាអែល ដែល​បាន​អួតអាង​ថា ពួក​គេ​ ចាប់​ដាន​យន្តហោះ​ដ្រូន​បាន​ នៅ​ខណៈ​ដែល​យន្តហោះ ស្ថិត​នៅចម្ងាយ​​យ៉ាង​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​សមុទ្រ​​ តែ ​បាន​ទុក​បណ្តោយ​ឲ្យ​ហោះ​ឆ្លង​ចូល​បានក្នុង​ដែនដីកាន់កាប់ប៉ាលេស្ទីន-នេះ​ជា​ការ​គូស​បញ្ជាក់​របស់លោក Hassan Nasrallah ដោយបានបន្ថែម​ទៀត​ថា "អ៊ីស្រាអែល​ កំពុង​តែ​និយាយ​​ភូតកុហក់​ប្រជាជនខ្លួនហើយនៅពេលនេះ។ ពីអំណេះតទៅ យើង ក៏​ប្រហែល​ជា​អាច​នឹង ​ទប់​ទល់​​បាន ​ជាមួយនឹង​ប្រព័ន្ធ​ការពារ​ដ៏​ទំនើប​បំផុត​របស់​អ៊ីស្រាអែលដែរ"។

ប្រមុខ​នៃ​ចលនា​ហេបូឡា បាន​សំណូមពរ​ផងដែរ​​ដល់​សហគមន៍អន្តរជាតិ សុំកុំ​ឲ្យ​ចាត់​ទុក​ទង្វើ​​របស់ខ្លួននេះ ថា​ជា​ការ​ឈ្លានពាន និងបាន​ពន្យល់​ដែរ​ថា « ចាប់តាំងពី​ឆ្នាំ ២០០៦ មក ប្រទេស​អ៊ីស្រាអែល ​ប្រហែល​ជា​បាន​ហោះ​រំលោភ​លើ​ដែន​អាកាស​​លីបង់  ប្រមាណ​ជា​ ២ម៉ឺន​លើក​ដែរ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ