អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើង​បណ្តេញ​អ្នកទោស​​​អាមេរិក​អាយុ៨៥ឆ្នាំ​ ចេញ​ពី​ទឹកដីខ្លួន​

នៅថ្ងៃ​សៅរ៍នេះ រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ប្រកាស​ថា ខ្លួន​បាន​បណ្តេញអ្នកទោស​​ជនជាតិ​អាមេរិចកាំង​អាយុ​៨៥ឆ្នាំ​ មួយរូប ចេញ​ពីទឹកដី​ខ្លួន។ អ្នកទោស​អាមេរិចកាំង​​ដែល​ក្រុងព្យុងយ៉ាង​​បាន​បណ្តេញ​​នោះ មានដើមកំណើត​មកពី​រដ្ឋកាលីហ្វ៊រនីញ៉ា គឺ​ជា​ទាហាន​ជើងចាស់​​សម័យ​សង្គ្រាម​កូរ៉េ។ គាត់​ត្រូវ​បាន​ក្រុងព្យុងយ៉ាង​ឃុំខ្លួន កាលពី​ចុងខែ​តុលា កន្លងទៅ ពីបទ​ធ្វើ​សកម្មភាព​ប្រឆាំង​កូរ៉េខាងជើង។

ជនជាតិ​អាមេរិចកាំង លោក Merrill Newman ជា​អ្នករស់នៅ​​រដ្ឋកាលីហ្វ៊រនីញ៉ា (រូបថត​ឆ្នាំ២០០៥)
ជនជាតិ​អាមេរិចកាំង លោក Merrill Newman ជា​អ្នករស់នៅ​​រដ្ឋកាលីហ្វ៊រនីញ៉ា (រូបថត​ឆ្នាំ២០០៥) REUTERS/Nicholas Wright /Palo Alto Weekly
ផ្សាយពាណិជ្ជកម្ម

អ្នកទោស​ជនជាតិ​អាមេរិចកាំង​​ដែលកូរ៉េខាងជើង​ ​បាន​ប្រកាស​ថា បានបណ្តេញ​ចេញ ពីទឹកដី​កូរ៉េ​រួចមកហើយ​នោះ ឈ្មោះថា មែររីល ញូម៉ាន Merrill Newman ​អាយុ​៨៥ឆ្នាំ​ ជា​ទាហាន​ជើងចាស់​​សម័យ​សង្គ្រាម​កូរ៉េ។ ​លោក​តែង​​មាន​បញ្ហា​បេះដូងញឹកញាប់។ ក្រុងព្យុងយ៉ាង​ប្រាប់ថា​ ការ​បណ្តេញ​រូបលោក​ញូម៉ាន​នេះ គឺ​ធ្វើឡើង​ក្នុង​មូលហេតុ​​មនុស្សធម៌។

អាជ្ញាធរ​កូរ៉េខាងជើង​បានចាប់ខ្លួន​លោក មែររីល ញូម៉ាន កាលពី​ថ្ងៃ២៦​ ​តុលា កន្លងទៅ នៅ​ក្នុង​យន្តហោះ​មួយគ្រឿង ដែល​ត្រូវ​ចាកចេញ​ពីក្រុងព្យុងយ៉ាង។ លោក ញូម៉ាន​បាន​ចូល​មក​ក្នុងទឹកដី​កូរ៉េខាងជើង ក្នុង​នាម​លោកជា​អ្នកទេសចរ។ កូរ៉េខាងជើង​ចោទរូប​លោកថា បាន​ធ្វើសកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង មើលងាយ​មើលថោក​ប្រព័ន្ធ​សង្គមនិយម​កូរ៉េខាងជើង​ ដែល​​ផ្ទុយ​នឹង​ទិសដៅ​​ទេសចរ​របស់​លោក។ ហើយ​កូរ៉េខាងជើង​ក៏​ចោទ​លោក ញូម៉ាន​ដែរថា កាល​ពីលោក​ញូម៉ាន​ធ្វើជា​ទាហាន​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ​ ចន្លោះឆ្នាំ​១៩៥០ និង​១៩៥៣ លោកញូម៉ាន​ធ្លាប់​​បាន​ស៊ើបការណ៍​ និង​បាន​សម្លាប់​ទាហាន​កូរ៉េខាងជើង​​ និង​ជនស៊ីវិល​ជាច្រើន​រូប។

កាលពីថ្ងៃ​៣០ វិច្ឆិកា រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​​ធ្លាប់​បាន​ប្រាប់​​​​ថា ​​ខ្លួន​មាន​ជនជាតិ​អាមេរិចកាំង​ញូម៉ាន​រូបនេះ​​ នៅ​ក្នុង​ដៃ។ បន្ទាប់​ពី​នោះ​មក អាមេរិក​បាន​ជំរុញ​អោយ​ក្រុងព្យុងយ៉ាង​ដោះលែង​លោក ញូម៉ាន ជាបន្ទាន់។ ការ​ប្រកាស​ថា​ បាន​បណ្តេញ​រូបលោក​ញូម៉ាន ពីទឹកដី​កូរ៉េខាងជើង នៅពេលនេះ ត្រូវបាន​អាមេរិក​វាយតំលៃ​ថា ជា​ការសំរេច​ចិត្ត​បែប​​វិជ្ជមាន។

កូរ៉េខាងជើង​បាន​ប្រកាស​បណ្តេញ​ជនជាតិ​អាមេរិចកាំង ពីទឹកដី​ខ្លួន ចំពេល​ដែល​អនុប្រធានាធិបតី​អាមេរិក​ ចូ បៃដិន កំពុង​ទស្សនកិច្ច​កូរ៉េខាងត្បូង ជាទស្សនកិច្ច​ចុងក្រោយ នៅ​អាស៊ី បន្ទាប់​ពីលោកបែដិន​ បាន​ទស្សនកិច្ច​នៅ​ជប៉ុន និង​ចិនរួចមក។

ដោយឡែក​ ក្រុងវ៉ាស៊ីនតោន​ក៏​បានសុំអោយ​កូរ៉េខាងជើង​ដោះលែង​​​​ លោកខេណេត​ បេ ជាពលរដ្ឋ​​អាមេរិក ​មាន​​​ដើមកំណើតជាជនជាតិ​​កូរ៉េ​ ផងដែរ។ លោក ខេណេត​ បេ​ ជាប់ចោទ​ពី​បទ​ចង់​ផ្តួល​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង និង​បាន​ទទួលទោស​​​អោយ​ធ្វើការ​ក្នុង​ជំរំ​លត់ដំ​១៥ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ