អានតួអត្ថបទ
ខ្មែរក្រហម

សាលាក្តី​ខ្មែរក្រហម​ប្រកាស​នីតិវិធី​បន្ត​ជាច្រើន​ ទោះជា​ជួប​វិបត្តិ​ថវិកា​

ទោះបី​ជា​កំពុង​ជួប​ប្រទះ​បញ្ហា​វិកា​ក៏ដោយ​ ក៏​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ឲ្យដឹង​អំពី​ដំណើរការ​ការងារ​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​បញ្ចប់​សវនាការ​សំណុំរឿង​ ០០២​ វគ្គ​ទី១​ នៅចុង​ឆ្នាំ ​២០១៣​ នេះ។​ ទន្ទឹម​នឹង​នេះ​ តុលាការ​​កំពូល​នៃ​សាលាក្តី​ក៏​បញ្ជា​ឲ្យ​បង្កើត​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​មួយទៀត ​ដើម្បី​ដំណើរការ​​សវនាការ​សំណុំរឿង​ ០០២​ វគ្គ​ទី២​។ ​ប៉ុន្តែ ​អ្នកតាមដាន​សាលាក្តី​នេះ​មួយចំនួន​​​បាន​​ចាត់ទុក​បញ្ជា​របស់​តុលាការ​កំពូល​ថា​ ជា​ការបង្កើត​បញ្ហា​ថ្មី​នៅ​ក្នុង​បញ្ហា​ចាស់​ដែល​មាន​ស្រាប់​​តែប៉ុណ្ណោះ។ ​

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សវនាការ​ចុងក្រោយ​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ក្នុង​​សំណុំ​រឿង០០២​ វគ្គទី១​ នឹង​បើក​ធ្វើ​ពី​ថ្ងៃ​ទី​ ៩​ រហូត​ដល់​ថ្ងៃ​ទី​២២​ ខែ​តុលា ​ខាងមុខ។​ នេះ​ជា​ការ​ប្រកាស​ឲ្យ​ដឹង​របស់​សាលាក្តី​ខ្មែរក្រហម​កាលពី​ថ្ងៃ​ទី​២៤​កក្កដា។​

ប៉ុន្តែ ​ដើម្បីព​​​​​​​​​​​​​​​​​​ន្លឿន​ដំណើរការ​នីតិវិធី ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ចេញ​ដីកា​ឲ្យ​បង្កើត​អង្គជំនុំ​ជម្រះ​សាលាដំបូង​មួយទៀត ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​សវនាការ​សំណុំរឿង​ ០០២​ វគ្គទី​២​ ដោយ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​ការ​បិទ​បញ្ចប់​ទាំងស្រុង​សំណុំរឿង​ ០០២​ វគ្គ​ទី១​​នោះ​ឡើយ។​

បើ​យោង​តាម​កាលវិភាគ​ការងារ​ដែល​កំណត់​ដោយ​សាលាក្តី​ខ្មែរក្រហម​ ភាគី​នានា​ត្រូវ​បាន​ផ្តល់​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ ​២០១៣​ ដើម្បី​ដាក់​សារណា​​បិទ​​បញ្ចប់​​កិច្ច​ពិភាក្សា​ដេញដោល​របស់​ខ្លួន។ ​រីឯ​ការប្រកាស​សាលក្រម​សំណុំ​រឿង​ ០០២​ វគ្គ​ទី១​ ត្រូវ​គេ​គ្រោង​នឹង​បើក​ធ្វើ​​នៅ​​ក្នុង​អំឡុង​ត្រីមាស​ទី១​ ដើមឆ្នាំ ​២០១៤​ ឯណោះ។​ នេះ​ជា​ហេតុផល​ដែល​តុលាការ​កំពូល​​ចង់​បង្កើត​អង្គជំនុំ​ជម្រះ​សាលាដំបូង​មួយ​ទៀត​​ដើម្បី​ផ្តើម​សវនាការ​សំណុំ​រឿង​ ០០២​ វគ្គ​ទី២​ឲ្យ​បាន​ឆាប់។​

ប៉ុន្តែ ​លោក​ ឆាំង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បានមើ​ល​ឃើញ​ថា​ សាលាក្តី​​ខ្មែរក្រហម​គ្មាន​ការចាំបាច់​ដែល​ត្រូវ​បង្កើត​អង្គជំនុំ​ជម្រះ​សាលាដំបូង​ថ្មី​មួយ​ទៀត​ទេ។​ សម្រាប់​លោក​ ឆាំង យុ​ លក្ខខណ្ឌ​សុខភាព​របស់​ជន​ជាប់ចោទ​មិនមែន​ជា​បញ្ហា​តម្រូវ​ឲ្យ​​តុលាការ​ចាំបាច់​ត្រូវ​បង្កើត​អង្គ​ជំនុំជម្រះ​ថ្មី​មួយ​ទៀត​នោះ​ឡើយ។ ​ម្យ៉ាងទៀត​ ការ​បង្កើត​អង្គជំនុំ​ជម្រះ​ថ្មី​មួយ​ទៀត​គឺ​មិន​ខុស​ពី​ការ​បង្កើត​បញ្ហាថ្មី​បន្ថែម​ទៅ​លើ​បញ្ហា​ចាស់​ដែល​មាន​ស្រាប់​នោះ​ឡើយ។​

យ៉ាងណា​ក៏ដោយ ​លោក​ ឡាត់ គី​ អ្នក​តាមដាន​សាលាក្តី​ខ្មែរក្រហម​មួយ​រូប​ទៀត​របស់​​សមាគម​ អាដហុក​ បាន​មើល​ឃើញ​ចំណាត់ការ​របស់​សលាក្តី​នេះ​ថា​ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រប់​ភាគី។ ​សម្រាប់​លោក​ ឡាត់ គី​ ទោះបី​ជា​​មាន​​បញ្ហា​ថវិកា​ ប៉ុន្តែ ​ធនធាន​មនុស្ស​​ដែល​មាន​ស្រាប់​អាច​ប្រើ​បាន​ដើម្បី​ធ្វើ​កិច្ចការងារ​នេះ។​

ប៉ុន្តែ ​សូម​កត់សម្គាល់​ថា ​សាលាក្តី​ខ្មែរក្រហម​ពេល​នេះ​គ្មាន​វិកា​សម្រាប់​បើក​ឲ្យ​បុគ្គលិក​ជនជាតិ​ខ្មែរ​ឡើយ។ ​បុគ្គលិក​ខ្មែរ​មិន​ទទួល​បាន​ប្រាក់ខែ​ចាប់តាំង​ពី​ខែ​មិថុនា​ម្ល៉េះ។ ​រហូត​មក​ទល់​ពេល​នេះ​ក៏​នៅ​មិន​ទាន់​មាន​ប្រទេស​ណា​សន្យា​ផ្តល់​ជំនួយ​ដល់​សាលាក្តីនេះនៅ​ឡើយ​ដែរ៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ