អានតួអត្ថបទ
អាមេរិក-ចិន-កូរ៉េខាងជើង

លោក​អូបាម៉ា​​គ្រោង​ជជែក​​បញ្ហា​​កូរ៉េ​ខាងជើង​ជាមួយ​​​លោក​​ស៊ី​ ជីនពីង​ ក្នុង​​ជំនួប​​កំពូល​​Apec​

ក្នុង​ជំនួប​កំពូល​​​ប្រទេស​​​២១​​ក្នុង​​​តំបន៉​អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា ​Apec ដែល​ធ្វើ​​នៅ​​​​ប៉េរូ ចុងសប្តាហ៍​នេះ លោក​​អូបាម៉ា គ្រោង​ឆ្លៀត​ជជែក​​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជាមួយ​ប្រធានាធិបតី​​ចិន ស៊ី ជីនពីង។ លោក​អូបាម៉ា បាន​លាមេដឹកនាំ​​​​អឺរ៉ុប ​​ថ្ងៃ​សុក្រ​ម្សិលមិញ ​ហើយ​​​ធ្វើដំណើរ​​មកចូលរួម​ជំនួប​ Apec ថ្ងៃសៅរ៍នេះ។ យោងតាម​​លោក​Michael Flynn ជា​អ្នកប្រឹក្សា​សន្តិសុខ​ជាតិ របស់​​​រដ្ឋាភិបាល​​លោក​ត្រាំ នុយក្លេអ៊ែរ​ក្រុងព្យុងយ៉ាង​​អាច​ជា​អាទិភាពមួយ សម្រាប់​រដ្ឋាភិបាល​អាមេរិ​កថ្មី។ ​​ 

លោកអូបាម៉ា និង​លោក​ស៊ី ជីនពីង នៅ​ក្រុងប៉ារីស ​ខែ​កញ្ញា ឆ្នាំ២០១៥
លោកអូបាម៉ា និង​លោក​ស៊ី ជីនពីង នៅ​ក្រុងប៉ារីស ​ខែ​កញ្ញា ឆ្នាំ២០១៥ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

មុននឹង​អស់​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក លោក​អូបាម៉ា ចង់​​​​​​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់ អោយ​ដល់​ទីបំផុត ប្រឈម​នឹង​ការគំរាម​នុយក្លេអ៊ែរ ពី​កូរ៉េខាងជើង។ ​ចិន​ជា​មិត្ត​នឹង​កូរ៉េខាងជើង។ ​ដូច្នេះ ​ក្នុង​ឱកាស​​​ជំនួប​កំពូល​Apec នៅប្រទេស​ប៉េរូ ​ថ្ងៃសៅរ៍នេះ ​លោក​អូបាម៉ា​​​ត្រៀម​ជួប​លោក​ស៊ី ជីនពីង ​ ​ជជែក​ពី​​​នុយក្លេអ៊ែរ​កូរ៉េខាងជើង។

ពេល​លោក​ត្រាំ ជាប់ឆ្នោត​ជា​ប្រធានាធិបតី ​កូរ៉េខាងជើង​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​អាមេរិក​ថ្មី​ព្រមទទួលស្គាល់​ថា កូរ៉េខាងជើង​ជា​ប្រទេស​នុយក្លេអ៊ែរ ហើយ​អោយព្រម​​រាប់អាន​កូរ៉េខាងជើង​។ ក្រុងព្យុងយ៉ាង​ថែមទាំង​ថា ​រដ្ឋាភិបាល​​លោកអូបាម៉ា​បា​នសាកល្បង​ធ្វើ​សកម្មភាព​បង្ក​​​អសន្តិសុខ​ដល់​អាមេរិ​ក បន្សល់​បញ្ហា​ដល់​លោក​ត្រាំ​ទៀតផង។ ​​មុនជាប់ឆ្នោត លោក​ត្រាំ​​ឯណោះវិញ ក៏ធ្លាប់​ប្រកាស​ចង់ដកទ័ព​​ពី​ជប៉ុន និង​កូរ៉េខាងត្បូង ហើយថែម​ទាំង​ស្នើ​អោយ​ប្រទេស​ទាំង២​នេះ បំពាក់អាវុធ​បរមាណូ​​ដើម្បី​ប្រឈម​ការគំរាម​ពី​ក្រុងព្យុងយ៉ាង។ ​

ការចង់​តតាំង​​នុយក្លេអ៊ែរ​ទៅវិញទៅមក​នេះ ធ្វើអោយ​​លោក​អូបាម៉ា​ និង​​​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក នៅ​អាស៊ី​ ​កាន់តែ​​​បារម្ភ​​បញ្ហា​សន្តិសុខ​ ប្រឈម​ការគំរាម​ពី​ក្រុងព្យុងយ៉ាង។ ​អង្គការ​សហប្រជាជាតិ​កំពុង​​ពិភាក្សា​រក​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម​ក្រុងព្យុងយ៉ាង ចំពោះ​ការ សាកល្បង​នុយក្លេអ៊ែរ​លើកទី៥​កន្លងមក។ ទណ្ឌកម្ម​របស់​​អង្គការ​សហប្រជាជាតិ​ប្រហែល​​អាច​​ទាក់ទង​ការនាំចេញ​ធ្យូងថ្ម​​របស់​កូរ៉េខាងជើង ទៅប្រទេស​ចិន។ ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​កន្លងមក មិនបាន​ហាមឃាត់​ក្រុងព្យុងយ៉ាង​ អោយ​នាំចេញ​ធ្យូងថ្ម​​ទៅ​ចិនទេ។ ការនាំចេញ​ធ្យូងថ្ម​​​៦០ភាគរយទៅចិន​ បាន​ផ្តល់ចំណូលដល់​កូរ៉េខាងជើង ​ជាង​១០០លានដុល្លារ ក្នុង​មួយខែៗ។ ​​

ក្រុងព្យុងយ៉ាង​ចំណាយ​​រាប់ពាន់លាន​ដុល្លារ ដើម្បី​អភីវឌ្ឈន៍​​អាវុធ​នុយក្លេអ៊ែរ ​ដោយ​មិនបាន​ខ្វល់​ពី​គ្រោះ​អត់ឃ្លាន​របស់​ប្រជាជន​ក្នុងស្រុក​។ ​ចិន​មិនសូវ​ជា​រហ័សដៃជើង​ក្នុង​ការ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើងជាមិត្ត​ប៉ុន្មានទេ តែ​ឆ្នាំ២០១៦នេះ ចិន​បាន​បើក​ការ​អង្កេត លើ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ជាប់សង្ស័យ​ថា បាន​ចូលរួម​អភិវឌ្ឍន៍​​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ