អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ដោយ​សារ​ស្នូឌិន លោក អូបាម៉ា អំពាវនាវ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ប្រឆាំង​ភេវកម្ម Patriot Act​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នេះ​គឺ​ជា​លើកទី​មួយ​ ដែល​លោក​ប្រធានាធិបតី​អាមេរិក បាន​ចំណាយ​ដ៏​ច្រើន និង​បក​ស្រាយ​ ​ ជា​សាធារណៈ អំពី​កម្មវិធី​​លួច​តាមដាន​ យក​ការណ៍​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ ដ៏​ចម្រូងចម្រាស។ កម្មវិធី​លួច​ស្តាប់​ ដែល​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​សន្តិសុខ​អាមេរិក ប៉ុន្តែ​លោក​​​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​បាន​សន្យា​ធ្វើ​កំណែទម្រង់។ លើស​ពីនេះ​ទៅ​ទៀត ​ដើម្បី​ស្តារ​ទំនុក​ចិត្ត​របស់​សាធារណៈ​មតិ​អាមេរិក​ លោក​អូបាម៉ា នាឱកាស​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សុក្រ​ទី ៩ សីហា ២០១៣ បាន​​ប្រកាស​ធ្វើ​សើរើ​មើល​ច្បាប់ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ Patriot Act និង​ចាត់​វិធានការ​មួយ​ចំនួន​ សម្រាប់​ការពារ​ជីវិត​ឯកជន និង​សេរីភាព​បុគ្គល ឱ្យ​កាន់​តែ​មាន​​តម្លាភាព។

លោក​​Barack Obama ធ្វើ​សន្និសីទ​កាសែត​នៅ​ Washington ថ្ងៃ​ទី​៩ សីហា ២០១៣
លោក​​Barack Obama ធ្វើ​សន្និសីទ​កាសែត​នៅ​ Washington ថ្ងៃ​ទី​៩ សីហា ២០១៣ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

 

តើ​អ្វី​ទៅ​ជា​វិធានការ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ ស្នើ​ឡើង​ដើម្បី​ឱ្យ​មាន​តម្លាភាព​ និង​សេរីភាព​ជីវិត​ឯកជន ?!

ច្បាប់​Patriot Act បាន​ចូល​ជា​ធរមាន​ ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ នៅ​សម័យ​អាមេរិក​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី​ ​ George W Bush ក្រោយ​​មហាភេរវកម្ម​ នៅ​ World Trade Center ថ្ងៃទី​ ១១​កញ្ញា ឆ្នាំ​២០០១។ នៅ​ក្នុង​ចង្កោម​អត្ថបទ​​ច្បាប់​ នេះ​មាន​ជំពូក​មួយ ដែល​រដ្ឋបាល​អាមេរិក - ក្រសួង​ស៊ើបការណ៍ ឬ​ស្ថាប័ន​ស៊ើប​អង្កេត​តែង​យក​មកធ្វើ​សំអាង​ ដើម្បី​មានសិទ្ធិ​ចូល​ទៅ​យក​​ព័ត៌មាន​ ទាំងឡាយ​​ តាម​ទូរស័ព្ទ តាម​សារ​អេឡិចត្រូនិច​ មាន​ទាំង​រយៈពេល​​​ ទាំង​ឈ្មោះ​ ទាំង​លេខ និង​ខ្លឹមសារ ដោយ​សម្ងាត់​ តែ​ស្រប​ច្បាប់។

ប៉ុន្តែ​ក្រោយ​ការ​បក​អាក្រាត​របស់​ អេវ៉ា ស្នូឌិន​ ស្តី​អំពី​កម្មវិធី​ស៊ើបការណ៍​សម្ងាត់​ដែល​មាន​ឈ្មោះថា « Prism » មក ចំណោទ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​​បុគ្គល និង​ការ​លួច​យក​ព័ត៌មាន​សម្ងាត់ បាន​ចោទ​យ៉ាង​ខ្លាំង និង​បាន​​​កា្លយ​ជា​រឿង​អាស្រូវ​ដ៏​ធំ​មួយ​របស់​អាមេរិក​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់​ អូបាម៉ា ត្រូវការ​ពង្រឹង​ទំនុក​ចិត្ត​សាធារណៈមតិ​ឡើង​វិញ​ បិទ​ទំព័រ​ចាស់​ នៃសំណុំ​រឿង​លួច​ស្តាប់​ព័ត៌មាន​ឯកជន​ ដោយ​ចង់​បើក​សករាជថ្មី​ ក្នុង​វិស័យ​ស៊ើបការណ៍​អាមេរិក​នេះ ប្រកប​ដោយ​តម្លាភាព។​

វិធានការ​ទី​មួយ​ គឺ​បង្កើត​ក្រុម​អ្នក​ជំនាញត្រួត​ពិនិត្យ​សកម្មភាព​របស់​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក NSA។​ តុលាការ​ភ្នាក់ងារ​ស៊ើប​អង្កេត​ ​​ ដែល​មាន​​សមាជិក​ចៅក្រម ១១​នាក់ ជា​អ្នក​សម្រេចការណ៍​ដោយ​សម្ងាត់​ ឱ្យ​ភ្នាក់ងារ NSA ទារយកព័ត៌មាន​ពី​ក្រុមហ៊ុនទូរស័ព្ទ​ឬ​អ៊ីនធ័រនែត​ ​នឹង​ត្រូវ​មាន​អ្នក​ត្រួត​ពី​លើ​។ ​តែង​តាំងឱ្យ​មាន​​​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែកជីវិត​ឯកជន​ និង​សេរីភាព​បុគ្គល​នៅ​ក្នុង​ភ្នាក់ងារ​NSAនេះ ដើម្បី​ធ្វើ​ឱ្យ​មាន​ផ្លូវ​ឯករាជ្យ​មួយ ធានា​បាន​នូវ​លំនឹង​រវាង​សន្តិសុខ​ជាតិនិង​ជីវិត​ឯកជន។ ។ ​

ច្បាប់​Patriot Act ក៏​នឹង​សើរើ​មើល​ឡើង​វិញ។ រដ្ឋបាល​លោក​អូបាម៉ា និង​សហការ​ជាមួយ​សភា ដើម្បី​ធ្វើ​កំណែទម្រង់​​ច្បាប់​នេះ​ឱ្យ​បាន​សម​ស្រប​ និង​ឆ្លើយ​ឱ្យ​បាន​ទៅ​នឹង​ក្តី​ព្រួយ​បារម្ភ​របស់ប​ណ្តា​ជន​អាមេរិក ក៏​ដូច​ជា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត ចំពោះ​ការ​រំលោភ​បំពាន​សេរីភាព​។ ប៉ុន្តែ​ លោក​អូបាម៉ា មិន​អាច​បោះបង់​បាន​ចោទ​ឡើយ ព្រោះ​ច្បាប់​និង​កម្មវិធី​នេះ មាន​ប្រយោជន៍​ខ្លាំង​ណាស់​ សម្រាប់​ប្រឆាំង​នឹង​អំពើភេរវនិយម។

ប៉ុន្តែ​បើ​គ្មានការ​គាស់​កកាយ​របស់​ស្នូឌិន លោក​ប្រធានាធិបតី​អាមេរិក ​ទំនង​ជា​នឹង​មិន​ចំណាយ​ពេល​វេលា​ដ៏​សន្ធឹក​សន្ធាប់​លើ​សកម្មភាព​របស់​NSA ហើយ​ជំនួប​​ទ្វេ​ភាគី​ជាមួយ​នឹង​​សមភាគី​រុស្ស៊ី លោក វ្លាដេមៀ ពូទីន​ ក៏​ទំនង​​ជា​អាច​ប្រព្រឹត្ត​ទៅ​បាន​ផង នៅ​ខែ​កញ្ញា​ខាង​មុខ ...

ជាការពិត ! នៅ​ត្រង់​ចំណុច​នេះ លោក​ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ភាព​ដាច់​ខាត​ណាស់ ! គ្មាន​ទេ ការ​អនុគ្រោះ​ទោស ឬ​ ការ​យោគយល់​ ចំពោះ ស្នូឌិន ពី​ព្រោះ​សម្រាប់​លោក​ អូបាម៉ា សកម្មភាព​ និង​ទង្វើ​របស់​ស្នូឌិន ដែល​បាន​ទម្លាយ​រឿង​សម្ងាត់​​នៃ​កម្មវិធី​ស៊ើប​ការណ៍​អាមេរិក​ ដល់​ពិភពលោក​នេះ​ មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ទង្វើស្នេហា​មាតុភូមិ​​ឡើយ ! ស្នូឌិន​ គួរ​តែ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​ ដើម្បី​ទទួល​ការ​កាត់ទោស។

ទាក់ទង​នឹង​ទំនាក់​ទំនង​ជាមួយ​​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន​វិញ លោក​អូបាម៉ា ថ្វីដ្បិត​តែ​បាន​សម្តែង​ការ​សោកស្តាយ​​ ចំពោះ​សកម្មភាព​ប្រឆាំង​អាមេរិក ដែល​កើន​ឡើង​ជា​លំដាប់​នៅ​រុស្ស៊ី​ ក្នុង​រយៈ​កាល​​ចុង​ក្រោយ​នេះ ប៉ុន្តែ​នៅ​តែអះអាង​ជា​និច្ច​ថា​ គ្មាន​ទំនាក់ទំនងមិន​​​ល្អ​ណា​​ជាមួយ​លោក​ពូទីនទេ។ ​ជំនួប​ទល់​មុខ​គ្នា​រវាង​ប្រមុខ​ដឹក​នាំ​ទាំង​ពីរ​ត្រូវ​​លុប​ចោល​ក៏​ពិត​មែន ប៉ុន្តែ​លោក​ប្រធានាធិបតី​ ​អះអាង​ថា នឹង​ខិត​ខំ​ បង្រួញ​ការ​ខ្វែង​គំនិត​គ្នា​ លើ​ផ្នែក​បុគ្គល​ ​ហើយ​នឹងគ្មាន​ទេ​សង្គ្រាម​ត្រជាក់​​រវាង​ប្រទេស​ទាំង​ពីរ។ អាមេរិក​នៅ​តែ​ចូល​រួម​ជានិច្ច​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​នៅ​រុស្ស៊ី​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​ ដូច​ការ​គ្រោង​ទុក។

គ្មាន​សង្គ្រាម​ត្រជាក់​ជា​លើក​ទីពីរ ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​ នាឱកាស​ជួប​ពិភាក្សា​៥​ម៉ោង​ជាមួយ​សមភាគី​អាមេរិក នៅ​ល្ងាច​មិញ​។ សូម​បញ្ជាក់ថា​ ជំនួប​រវាង​លោក​អូបាម៉ា និង​ពូទីន បាន​លុប​ចោល​មែន ព្រោះ​ដោយ​សារ​រឿង​អាស្រូវ​​ស្នូឌិន ប៉ុន្តែ​ជំនួប​ថា្នក់​ប្រមុខការទូត និង​រដ្ឋមន្ត្រី​ការពារជាតិ​ ប្រព្រឹត្ត​ទៅ​ដោយ​ធម្មតា៕​​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ