អានតួអត្ថបទ
កម្ពុជា-អាស៊ាន

លោក​អូបាម៉ា​និង​មេដឹកនាំ​អាស៊ាន​នឹងត្រូវ​ទទួល​ស្វាគមន៍​ដោយ​ពាក្យបណ្តឹង​ជាច្រើន

លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត​នឹង​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​ពាក្យបណ្តឹង​ជាច្រើន​នៅ​ក្នុងប្រទេសកម្ពុជា​ ក្នុងខណៈពេល​ដែល​ពួកគេចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ពីថ្ងៃទី​១៥​ដល់ថ្ងៃទី​២០​ខែវិច្ឆិកាខាងមុខនេះ។ ពាក្យបណ្តឹង​ទាំងនោះ​ជារួមមាន៖ បញ្ហាដីធ្លី បញ្ហាលំនៅដ្ឋាន បញ្ហាសិទ្ធិមនុស្ស បញ្ហាការងារ បញ្ហាព្រៃឈើ។ល។

ថ្នាក់ដឹកនាំ​សង្គមស៊ីវិល​កម្ពុជា ក្នុង​ពេល​ធ្វើ​មហាសន្និបាត​ជុំវិញ​កម្មករ​បម្រើការ​តាមផ្ទះ
ថ្នាក់ដឹកនាំ​សង្គមស៊ីវិល​កម្ពុជា ក្នុង​ពេល​ធ្វើ​មហាសន្និបាត​ជុំវិញ​កម្មករ​បម្រើការ​តាមផ្ទះ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​គ្រោង​នឹង​ដាក់​ញត្តិ​ជូន​មេដឹកនាំ​កំពូល​អាស៊ាន​ អាស៊ី និង​មេដឹកនាំ​សហរដ្ឋអាមេរិក​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ នៅ​ទីក្រុង​ភ្នំពេញ​ ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ​ខាងមុខ​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅចុង​សប្តាហ៍​ក្រោយ​នេះ មេដឹកនាំ​អាស៊ាន​​​ មេដឹកនាំ​សហរដ្ឋ​អាមេរិក​ មេដឹកនាំ​ប្រទេស​មហា​អំណាច​ចិន ព្រមទាំង​​មេដឹកនាំ​នៃ​ប្រទេស​ដទៃ​ទៀត​គ្រោង​នឹង​ជជែក​គ្នា​អំពី​បញ្ហា​បរិស្ថាន សន្តិសុខ​ថាមពល បញ្ហា​តំបន់​ និង​បញ្ហា​សកល​មួយ​ចំនួន​ផ្សេង​ទៀត។ ប៉ុន្តែ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ពួកគេ​នឹង​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ថ្លាថ្លែង​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ។

បញ្ហា​ដីធ្លី បញ្ហា​លំនៅដ្ឋាន បញ្ហា​ដី​សម្បទាន បញ្ហា​នេសាទ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​ចំណាក​ស្រុក គឺ​សុទ្ធសឹង​ជា​បញ្ហា​ចម្បង​ៗ​ ដែល​អង្គការ​សង្គម​ស៊ីវិល​នឹង​លើក​ឡើង​ជម្រាប​ប្រាប់​មេដឹក​នាំ​អាស៊ាន​ និង​មេ​ដឹកនាំ​មហា​អំណាច​ពិភពលោក។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​នៅថ្ងៃ​សៅរ៍​នេះ​ថា វត្តមាន​របស់​លោក អូបាម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​មេដឹកនាំ​អាស៊ាន​នៅ​ពេល​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ពីព្រោះ​វា​អនុញ្ញាត​អោយ​រូប​លោក​អាច​លើក​ឡើង​នូវ​កង្វល់​ជា​ច្រើន​ជម្រាប​ប្រាប់ដល់​ពួកគេ។

លោក អាត់ ធន់ បន្តបញ្ជាក់ទៀតថា លោក​នឹង​សរសេរ​លិខិត​ជម្រាប​ប្រាប់​មេដឹក​នាំ​អាស៊ាន​អំពី​បញ្ហា​ពលករ​​ចំណាក​ស្រុក​ក្នុង​ចំណោម​ប្រទេស​នៃ​សមាជិក​អាស៊ាន។ ម៉្យាង​វិញ​ទៀត លោក អាត់ ធន់ នឹង​ជំរុញ​អោយ​មាន​ការ​បង្កើត​ស្ថាប័ន​លេខាធិការដ្ឋាន​ការងារ​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន ​ដើម្បី​ជួយ​ពលករ​ចំណាក​ស្រុក​ដែល​ជួប​ប្រទះ​បញ្ហា។

វត្តមាន​របស់​លោក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិតជា​មានសារៈ​សំខាន់​ខ្លាំង​ណាស់​ សំខាន់​ទាំង​បញ្ហា​សិទ្ធិមនុស្ស​ និង​​ទាំង​បញ្ហា​សេដ្ឋកិច្ច​។ សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​ទិញ​ទំនិញ​សម្លៀកបំពាក់​ច្រើន​ជាង​គេ​ពី​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ