អានតួអត្ថបទ
អាមេរិក

ក្រសួង​ការពារជាតិ​អាមេរិក​គ្រោង​ប្តឹង​អ្នក​សរសេរ​សៀវភៅ​អំពី​ប៊ិនឡាដិន

កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ទៅ​អតីត​ទាហាន​កុម្ម៉ង់ដូ​អាមេរិក ដែល​បាន​សរសេរ​សៀវភៅ រៀបរាប់​អំពី​ប្រតិបត្តិការ​សម្លាប់​ប៊ិនឡាដិន នៅ​ប៉ាគីស្ថាន ដោយ​បាន​ប្រាប់ថា ក្រសួង​ការពារជាតិ​កំពុង​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ ពីបទ​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​ក្រសួង​ការពារជាតិ ជុំវិញ​ការ​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​ការណ៍​សម្ងាត់។ ក្រសួង​ការពារជាតិ​​ក៏​ព្រមាន​ប្តឹង​រោងពុម្ព​ ដែល​ទទួល​បោះពុម្ព​សៀវភៅនេះ​ផងដែរ។

ក្របសៀវភៅ "No Easy Day" សរសេរ​ដោយ​អតីត​ទាហាន​កុម្ម៉ង់ដូ​អាមេរិក ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​សម្លាប់​ប៊ិន ឡាដិន
ក្របសៀវភៅ "No Easy Day" សរសេរ​ដោយ​អតីត​ទាហាន​កុម្ម៉ង់ដូ​អាមេរិក ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​សម្លាប់​ប៊ិន ឡាដិន REUTERS/Dutton Penguin/Handout
ផ្សាយពាណិជ្ជកម្ម

អ្នក​និពន្ធ​សៀវភៅ « No Easy Day » ដែល​​រៀបរាប់​អំពី​ប្រតិបត្តិការ​សម្លាប់​ប៊ិនឡាដិន ប្រើឈ្មោះ​ប៉ាកា​ថា Mark Owen គឺ​ជា​អតីត​ទាហាន​កុម្ម៉ង់ដូ​អាមេរិក ដែល​បាន​ចូលរួម​ផ្ទាល់ នៅ​ក្នុង​ប្រតិបត្តិការ​នេះ ហើយ​​ក្រោយ​មក​បាន​ចូលនិវត្តន៍។ ក៏ប៉ុន្តែ ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់ថា នៅ​មុន​ពេល​ចូលនិវត្តន៍ Mark Owen បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ការពារជាតិ​​ សន្យា​ថា នឹង​មិន​ទម្លាយ​ការណ៍​សម្ងាត់​ណាមួយ​​ជាដាច់ខាត ហើយ​ថា ចំពោះ​រាល់​ការ​​​សរសេរ​សៀវភៅ​អ្វីមួយ ចាំបាច់​ត្រូវតែ​បញ្ជូន​ខ្លឹមសារ​នៃ​សៀវភៅនោះ​ទៅ​ឲ្យ​ក្រសួង​ការពារជាតិ​ពិនិត្យមើល​មុន ទើប​អាច​ចុះផ្សាយបាន។

នៅក្នុងលិខិត​​កាលពី​ម្សិលមិញ មេធាវី​របស់​ក្រសួង​ការពារជាតិ​អាមេរិក បាន​ជូនដំណឹង​ជាផ្លូវការ ​ដល់ Mark Owen ថា ក្រសួង​ការពារជាតិ​កំពុង​ពិចារណា​ដាក់ពាក្យ​បណ្តឹង​ទៅតុលាការ​​ ជុំវិញការ​សរសេរ​សៀវភៅ​នេះ។ នៅ​ក្នុង​លិខិត​នេះ ក្រសួង​ការពារជាតិ​អាមេរិក​មិនបាន​ចង្អុល​បង្ហាញ ​អំពី​ចំណុច​ត្រង់ណា ក្នុង​សៀវភៅ ដែល​មាន​សរសេរ​ទម្លាយ​អំពី​ការណ៍​សម្ងាត់​នោះទេ គ្រាន់តែ​បាន​បញ្ជាក់ថា ការបោះពុម្ពផ្សាយ​​សៀវភៅ ដោយ​មិន​បាន​បញ្ជូន​មក​ឲ្យ​ក្រសួង​ការពារជាតិ​ពិនិត្យ​មើល​ជាមុន គឺ​ជា​ការ​រំលោភលើ​កិច្ចព្រមព្រៀង​ ដែល​បានចុះ ហើយ​ត្រូវ​ចូល​ជា​បទល្មើស​ព្រហ្មទណ្ឌ។ លើសពីនេះ​ទៅទៀត ក្រសួង​ការពារជាតិ​ក៏​បាន​ព្រមាន​ផងដែរ​ថា នឹង​រឹបអូស​យក​​លុយ​ទាំងអស់​ ​ដែល​បាន​មក​ពី​ការ​លក់​សៀវភៅនេះ ហើយ​ថា រោងពុម្ព​ដែល​បោះពុម្ព​សៀវភៅនេះ ក៏​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​ផ្លូវច្បាប់​ដែរ។

គួរបញ្ជាក់ថា សៀវភៅ « No Easy Day » នេះ ពីដំបូង គ្រោង​នឹង​ត្រូវ​ចេញ​ផ្សាយ នៅចំ​ថ្ងៃ​ខួប​ភេរវកម្ម ១១ កញ្ញា ក៏ប៉ុន្តែ ដោយសារ​​មាន​ការ​បញ្ជាទិញ​ច្រើន​ ​​រោងពុម្ព​​ក៏​សម្រេច​ចេញផ្សាយ​មុន​មួយ​សប្តាហ៍ ពោល​គឺ នឹង​ត្រូវ​ចេញផ្សាយ​នៅថ្ងៃ​អង្គារ សប្តាហ៍​ក្រោយនេះ។ ទោះជាយ៉ាងណា ខ្លឹមសារ​​ខ្លះៗ នៃ​សៀវភៅនេះ ត្រូវ​បាន​បណ្តាញ​សារព័ត៌មាន​ លើក​យក​មក​ចុះផ្សាយ​​តាំងពីថ្ងៃ​ពុធ​ម៉្លេះ។ តាមការ​រៀបរាប់​របស់​ Mark Owen នៅ​ក្នុង​សៀវភៅនេះ មាន​ចំណុច​ខ្លះ ខុសពី​អ្វី​ដែល​បាន​លើក​ឡើង​ ដោយ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ជាពិសេស ទាក់ទង​នឹង​ការ​បាញ់​សម្លាប់​អូសាម៉ា ប៊ិនឡាដិន។

គួរបញ្ជាក់ផងដែរ​ថា អត្តសញ្ញាណ​ពិតប្រាកដរបស់​ Mark Owen (ទាំងឈ្មោះ​ពិត និង​ទាំង​រូបថត) ក៏​ត្រូវ​បាន​​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អាមេរិក ទម្លាយ​ឲ្យដឹង​ជា​សាធារណៈ​អស់​ទៅហើយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ