អានតួអត្ថបទ
ស៊ីរី

ប្រទេស​៥២​ ប្តឹង​តុលាការ​អន្តរជាតិ​អោយ​កាត់​ទោស​បទ​ឧក្រិដ្ឋ​សង្គ្រាម​នៅ​ស៊ីរី​

នៅ​ថ្ងៃ​ចន្ទ​ទី​ ១៤​មករា​ ​ខាង​មុខ​នេះ​ ប្រទេស​ស្វ៊ីស​នឹង​ផ្ញើ​លិខិត​មួយ ទៅ​​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ប្តឹង​​​​តុលាការ​​​អន្តរជាតិ​ក្រុង​ឡាអេ ​​អោយ​​​​​​​​​បើក​សវនាកា​ កាត់​ទោស​​​​បទ​​ឧក្រិដ្ឋ​​​សង្គ្រាម​​ នៅ​​ស៊ីរី។ លិខិត​នេះ​ចុះ​ហត្ថលេ​ខា​​ ដោយ​ប្រទេស​ចំនួន​ ៥២​ មិន​​ពេញចិត្ត​នឹង​ឃើញ​ អំពើ​ហិង្សា សំលាប់​មនុស្ស​​​នៅ​ស៊ីរី ​នៅ​​បន្តរ៉ាំ​រ៉ៃ​ ​គ្មាន​ការ​ថ្កោល​ទោស។ ប្រទេស​មួយ​ចំនួន​ ជំទាស់​មិន​អោយ​មាន​ការ​សំរេច​ចិត្ត​ណា​មួយ ​​ផ្តល់​នូវ​ហេតុ​ផល​បន្ថែម​​​ ដល់​​​​ប្រធានាធិបតី អាសាដ ​អោយ​នៅ​​បន្ត​ដំណែង​​ នៅ​ក្នុង​រដ្ឋាភិបាល​ស៊ីរី។ ចាប់​តាំង​ពី​ ខែ​មិនា ​ឆ្នាំ ២០១១​មក យោង​តាម​​អង្គការ​សហប្រជាជាតិ អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​ធ្វើ​អោយ​​មនុស្ស​ជាង​ ៦០​ ០០០ ស្លាប់​បាត់​បង់​ជីវិត និង​​ ៦០០ ០០០ នាក់​ទៀត​ភៀស​ខ្លួន​​​ ទៅ​កាន់​ប្រទេស​​ជិតខាង។

ជំរំ​ជន​ភៀស​ខ្លួន​​​​​​ប្រជាជន​ស៊ីរី​មួយ​កន្លែង ក្នុង​​ប្រទេស​ ហ្ស៊កដានី
ជំរំ​ជន​ភៀស​ខ្លួន​​​​​​ប្រជាជន​ស៊ីរី​មួយ​កន្លែង ក្នុង​​ប្រទេស​ ហ្ស៊កដានី REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ​ ដែល​ធ្វើ​អោយ​ប្រទេស​ស៊ីរី រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ជិត​ពីរ​​ឆ្នាំ​មក​ហើយ​នេះ ហាក់​មិន​​មាន​​ច្រក​ចេញ​សោះ​ឡើយ​ ក្រៅ​តែ​ពី​បន្ត​ធ្វើ​អោយ​​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ នៅ​ក្នុង​ប្រទេស។

ប្រទេស​ចំនួន​ ៥២​ ទូទាំង​ពិភពលោក​​ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា ក្នុង​លិខិត​មួយ​ ដែល​នឹង​ត្រូវ​បញ្ជូន​​ដោយ​ប្រទេស​ស្វ៊ីស ទៅ​​ក្រុម​ប្រឹក្សា​​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​ ដើម្បី​ទាមទារ​អោយ​មាន​សវនាការ​ជា​អន្តរជាតិ​​ ដាក់​ទោស​លើ​អំពើ​ហិង្សា​នៅ ស៊ីរី ដែល​គេ​ចាត់​ទុក​ថា ជា​បទ​ឧក្រិដ្ឋ​សង្គ្រាម។

ដោយ​សារ​តែ​ប្រទេស​​ស៊ីរី មិន​បាន​ចូល​រួម​ក្នុង​ការ​ បង្កើត​​​​​​តុលាការ​​​អន្តរជាតិ​ក្រុង​ឡាអេ​ ដូច្នេះ​​ តំរូវ​អោយ​មាន​​​អន្តរាគមន៍​មួយ ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​ ​ទើប​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ អាច​បើក​សវនាការ​កាត់​ក្តី​​​នេះ​បាន។

ទន្ទឹម​នេះ​ដែរ​ ប្រទេស​​អឺរ៉ុប​ចំនួន ៤​ផ្សេង​ទៀត​ មាន​ ប្រទេស​ អូទ្រីស ដាណឺម៉ាក អៀរឡង់ និង​ស្លូវេនី បាន​​​​​ធ្វើ​​លិខិត​​​រួម​មួយ ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​​ សុំ​អោយ​ក្រុម​ប្រឹក្សា​​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​​​ ​​​​បញ្ជូន​ជា​បន្ទាន់​ ទៅ​តុលាការ​អន្តរជាតិ​​ ​​ដើម្បី​សំរេច​បាន​នូវ​​ការ​កាត់​ទោស ​​បទឧក្រិដ្ឋ​សង្គ្រាម​ នៅ​ស៊ីរី។

នៅ​ក្នុង​លិខិត​នេះ ប្រមុខ​ការ​ទូត​របស់​ប្រទេស​ទាំង​ ៤​នេះ បាន​សរសេរ​ថា ៖ “ឧក្រិដ្ឋកម្ម​​គួរ​អោយ​រន្ធត់​បាន​​បង្ក​ឡើង​​ ក្នុង​ជម្លោះ​នៅ​ស៊ីរី ប៉ុន្តែ​​​ជន​ដែល​បង្កបទ​​ឧក្រិដ្ឋ​​ មិន​បាន​ទទួល​ផលកម្ម​អ្វី​​ឡើយ”។  

យោង​តាម​​អង្គការ​សហប្រជាជាតិ ចាប់​តាំង​ពី​ ដើម​​​ឆ្នាំ ២០១១​មក អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​ធ្វើ​អោយ​​មនុស្ស​ជាង​ ៦០​ ០០០ ស្លាប់​បាត់​បង់​ជីវិត និង​​ ៦០០ ០០០ នាក់​ទៀត​ភៀស​ខ្លួន​​​ ទៅ​កាន់​ប្រទេស​​ជិតខាង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ