អានតួអត្ថបទ
អឺរ៉ុប-អវកាស

កូនយាន ​Philae ​ចុះចត​ដោយ​ជោគជ័យ​លើ​ផ្កាយដុះកន្ទុយ "ជូរី"

កូនយានឈ្មោះ Philae របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ចុះចត​ដោយជោគជ័យ​លើ​ផ្កាយដុះកន្ទុយ​ឈ្មោះ “ជូរី” កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ កូនយាន​គ្មាន​មនុស្ស​បើក​នេះ​​​បាន​ផ្តល់​ទិន្នន័យ​តាមវិទ្យុទាក់ទងមក​កាន់​ភពផែនដី​ជា​ធម្មតា។ ក៏ប៉ុន្តែ បញ្ហា​ចម្បងមួយ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ គឺ​គេ​មិនដឹង​ថា តើ​ជើងទ្រ​របស់​យាន​នេះ​ត្រូវ​បាន​ដោតភ្ជាប់​មាំទាំ​ទៅនឹង​ផ្កាយ​ដុះកន្ទុយ​ដែរ​ឬ​ក៏​យ៉ាងណា?

កូនយាន Philae ដែល​បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ផ្កាយ​ដុះកន្ទុយ "ជូរី" (Churyumov Gerasimenko)
កូនយាន Philae ដែល​បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ផ្កាយ​ដុះកន្ទុយ "ជូរី" (Churyumov Gerasimenko) Reuters/ESA/Rosetta/Philae/CIVA
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បន្ទប់​បញ្ជាការ​ហោះហើរ នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ការទះដៃ​ និង​ហ៊ោកញ្ជ្រៀវ​បាន​ផ្ទុះឡើង កាល​ពី​ល្ងាច​ថ្ងៃពុធ ក្រោយ​ពី​គេ​ទទួល​ដំណឹង​ថា កូនយាន Philae បាន​ចុះចត​ប្រកប​ដោយ​ជោគជ័យ​លើ​ផ្កាយដុះកន្ទុយ “ជូរី”។

“គ្រប់គ្នា​មាន​ក្តីរំភើប សប្បាយរីករាយ ហើយ​ខ្លះ​ក៏​ស្រក់ទឹកភ្នែក​ដោយ​អំណរ ហើយ​គ្រប់គ្នា​ហាក់ដូច​ជា​មិនទាន់ជឿ​ខ្លួនឯង​ថា​យើងពិត​ជា​អាច​ធ្វើ​ការ​នេះ​បាន​ជោគជ័យ” នេះ​គឺ​ជា​ការ​ថ្លែង​របស់​លោក Paulo Ferri អ្នក​ទទួលខុសត្រូវ​បេសកកម្ម​​បញ្ជូន​យាន​ទៅ​ផ្កាយដុះកន្ទុយនេះ។ ក៏ប៉ុន្តែ លោក Paulo Ferri ក៏​បាន​បញ្ជាក់ផងដែរ​ថា សហការី​របស់​លោក​មិនមាន​ពេល​ច្រើន ដើម្បីអរសប្បាយ​ពី​ហេតុការណ៍​ជា​ប្រវត្តិសាស្រ្ត​នេះ​ទេ ដោយត្រូវ​នាំគ្នា​ដុតដៃ​ដុតជើង​ដោះស្រាយ​ភាព​មិនប្រក្រតី​មួយ​ចំនួន​ដែល​គេ​សង្កេតឃើញ។

ជាការពិត អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំង​ជាងគេ គឺ​ភាព​មិនប្រក្រតី នៃ​ជើងទម្រ​របស់​យាន ដែល​ទំនង​ជា​មិន​បាន​ដោត​ជាប់​ក្នុងដី​ផ្កាយដុះកន្ទុយ ហើយ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​យាន Philae មិនមាន​លំនឹង។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​មជ្ឈមណ្ឌល​អវកាស​របស់​បារាំង​ ដែល​ជា​ផ្នែក​មួយ​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ឲ្យដឹង​ថា គេ​នៅមិនទាន់​ដឹង​ច្បាស់​នៅឡើយទេ អំពី​បញ្ហា​ជើងទម្រ​របស់​យាន ក៏ប៉ុន្តែ យ៉ាងហោចណាស់​គេ​អាច​ដឹង​ប្រាកដ​ថា យាន Philae កំពុង​ស្ថិត​នៅលើ​ផ្កាយដុះកន្ទុយ “ជូរី” កញ្ចក់​ស្រូប​ថាមពល​​ពី​ពន្លឺ​ព្រះអាទិត្យ​ក៏​មាន​ដំណើរការ​ល្អ ហើយ​ប្រព័ន្ធ​វិទ្យុទាក់ទង​រវាង​យាន Philae និង​ភពផែនដី​ក៏​មាន​ដំណើរការ​ជាធម្មតា ដែល​អាច​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​នៅ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ទទួល​បាន​ទិន្នន័យ​ជាប់​ជា​ប្រចាំ​ពី Philae។

ប្រសិនបើ​អ្វីៗ​ដំណើរការ​ទៅ​ជា​ធម្មតា យាន Philae នឹង​ចំណាយពេល​រាប់ខែ ដើម្បី​ថតរូបភាព​នៃ​សណ្ឋានដី​របស់​ផ្កាយដុះកន្ទុយ ព្រមទាំង​សិក្សា​មើល​អំពី​រចនាសម្ព័ន្ធ និង​ធាតុផ្សំ​គីមី​របស់​ផ្កាយដុះកន្ទុយ។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​អាច​នឹងជួយ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​​ដឹង​កាន់តែ​ច្បាស់ អំពី​ដើមកំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ និង​​ជាពិសេស អំពី​​ភពផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ