អានតួអត្ថបទ
កាណាដា

ក្រុមប៉ូលិស​កាណាដា​បាន​បង្រ្កាប​ទាន់​ពេល​នូវ​គម្រោង​បង្ក​ភេរវកម្ម​បំផ្ទុះ​រថភ្លើង​អ្នកដំណើរ

នៅ​ប្រទេស​កាណាដា ប៉ូលិស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី២២ មេសា​ម្សិលមិញ​ថា ខ្លួន​បាន​បង្រ្កាប​ទាន់​ពេល​នូវ​គម្រោង​បង្ក​ភេរវកម្ម​មួយ​នៅ​ក្នុង​តំបន់​តូរ៉ុងតូ។ មាន​បុរស​ពីរ​នាក់​ដែល​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​ចាប់​ខ្លួន ម្នាក់​ចាប់​បាន​នៅ​តូរ៉ុងតូ និង​ម្នាក់​ទៀត​ចាប់​បាន​នៅ​ក្នុង​ទីក្រុង​ម៉ុងត្រេអាល់។ យោង​តាម​ប៉ូលិស បុរស​ទំាង​ពីរ​នាក់​មាន​គម្រោង​បើក​ការ​វាយប្រហារ​លើ​រថភ្លើងដឹកអ្នកដំណើរ​មួយ​ខ្សែ​នៅ​ក្នុង​តំបន់​តូរ៉ុងតូ។ ប្រភព​ប៉ូលិស​ដដែល​បាន​ធានា​ថា ជនសង្ស័យ​ទំាង​ពីរ​រូប​បាន​ទទួល​បញ្ជា​ពី​អង្គការ​ភេរវនិយម​អាល់កៃដា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ក្រុមប៉ូលិស​កាណាដា​បាន​បង្រ្កាប​ទាន់​ពេល​នូវ​គម្រោង​បង្ក​ភេរវកម្ម​បំផ្ទុះ​រថភ្លើង​អ្នកដំណើរ
ក្រុមប៉ូលិស​កាណាដា​បាន​បង្រ្កាប​ទាន់​ពេល​នូវ​គម្រោង​បង្ក​ភេរវកម្ម​បំផ្ទុះ​រថភ្លើង​អ្នកដំណើរ REUTERS/Aaron Harris
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដំបូង​របស់​ប៉ូលិស​កាណាដា ជនសង្ស័យ​ទំាង​ពីរ​រូប​ដែល​គេ​នៅ​មិន​ទាន់​ស្គាល់​សញ្ជាតិ​ច្បាស់លាស់​មាន​គម្រោង​ដាក់​បំផ្ទុះ​បណ្តាច់​រថភ្លើង​មួយ​ខ្សែ​នៅ​ក្នុង​តំបន់​តូរ៉ុងតូ។ មាន​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​ថែម​ទំាង​បាន​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​ដែល​បុរស​ទំាង​ពីរ​រូប​នោះ​គ្រោង​នឹង​ដាក់​បំផ្ទុះ​បណ្តាច់ គឺ​ជា​ផ្លូវរថភ្លើង​ដែល​តភ្ជាប់​រវាង​តំបន់​តូរ៉ុងតូ​ប្រទេស​កាណាដា និង​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក។

ជនសង្ស័យ​ទី១​មាន​ឈ្មោះ Chiheb Esseghaier អាយុ ៣០ឆ្នំា និង​ជន​សង្ស័យ​ទី២​មាន​ឈ្មោះ Raed Jaser អាយុ ៣៥ឆ្នំា។ យោង​តាម​ប៉ូលិស​កាណាដា បុរស​ទំាង​ពីរ​នាក់​ប្រហែល​ជា​បាន​ទទួល​ការ​ណែនំា និង​ព័ត៌មាន​ពី​ក្រុម​អង្គការភេរវនិយម​អាល់កៃដា​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ គួរ​បញ្ជាក់​ជូន​ថា ជនសង្ស័យ​ទំាង​ពីរ​រូប​នេះ​ត្រូវ​បាន​ក្រុម​អ្នកស៊ើបអង្កេត​តាម​ឃ្លំា​មើល​តំាង​តែ​ពី​ខែ​សីហា​ឆ្នំា​ទៅ​មិញ​មក​ម្ល៉េះ តែ​នៅ​មិន​ទាន់​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​លទ្ធផល​លំអិត​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុមអ្នកស៊ើបអង្កេត​ក៏​បាន​បដិសេធ​មិន​បញ្ជាក់​ទេ​ថា តើ​មាន​ក្រុម ឬ​ចលនា​ណា​ផ្សេង​ដែល​បាន​ស៊ុមគ្រលំ ឃុបឃិត​ស្ថិត​នៅ​ពី​ក្រោយ​ជនសង្ស័យ​ទំាង​ពីរ​នាក់​នោះ ឬ​អត់។

ម្យ៉ាង​ទៀត​នៅ​ពេល​នេះ រដ្ឋអំណាច​កាណាដា​ក៏​នៅ​មិន​ដឹង​ថា តើ​បុរស​សង្ស័យ​ទំាង​ពីរ​នាក់​មាន​បាន​កំណត់​ថ្ងៃ​ជា​មុន​ដើម្បី​បង្ក​ភេរវកម្ម ឬ​អត់។ យ៉ាង​ណា​ក៏​ដោយ មេប៉ូលិស​កាណាដា​បាន​ព្យាយាម​ធានា​ប្រជាពលរដ្ឋ​ទូទៅ​ថា ទោះ​បី​ជា​ក្រុម​ជនសង្ស័យ​មាន​សមត្ថភាព និង​ឆន្ទៈ​ក្នុង​ការ​ប្រពឹត្តិ​ទង្វើ​ឧក្រិដ្ឋ​របស់​ខ្លួន​ក៏​ដោយ ក៏​គ្មាន​គ្រោះថ្នាក់​ភ្លាមៗ​ណា​មួយ​​អាច​នឹង​កើត​មាន​ឡើង​ចំពោះ​អ្នកដំណើរ​ទូទៅ បុគ្គលិក​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ ឬ​មួយ​ក៏​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ដែរ។

ជាមួយ​គ្នា​នេះ ប៉ូលិស​កាណាដា​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ អំពី​កិច្ចសហប្រតិបត្តិការ​ស្អិតរមួត​ជាមួយ​ក្រុម FBI អាមេរិកំាង​នៅ​ក្នុង​សំណុំរឿង​នេះ។ ចៅក្រម​កាណាដា​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី២៣ មេសា​នេះ​ថា គេ​នឹង​អាច​ដឹង​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ជុំវិញ​ជនសង្ស័យ​ទំាងពីរ​រូប​នា​ពេល​ខាងមុខ នៅ​ពេល​ដែល​បុរស​ទំាង​ពីរ​រូប​ចូល​ឆ្លើយ​បំភ្លឺ​នៅ​មុខតុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ