អានតួអត្ថបទ
ប៉ារ៉ាហ្កាយ

រដ្ឋប្រហារ​ស្របច្បាប់​នៅ​ប៉ារ៉ាហ្កាយ?

វិបត្តិ​ដីធ្លី ​នៅក្នុង​ប្រទេស​ប៉ារ៉ាហ្កាយ​បាន​ប្រែក្លាយ​ទៅជា​វិបត្តិ​នយោបាយ ដែល​ឈាន​ទៅដល់​ផ្លាស់ប្តូរ​មុខ​ប្រធានាធិបតី ក្នុង​រយៈពេល​បីថ្ងៃ។ កាលពីថ្ងៃ​សុក្រ សភា​បាន​បោះឆ្នោត​ដកទំនុកចិត្ត​ពីប្រធានាធិបតី​ចាស់ គឺ​លោក Fernado Lugo និង​ជ្រើសតាំង​លោក​Federio Franco ដែល​ជា​អនុប្រធានាធិបតី​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប៉ារ៉ាហ្កាយ​វិញ។ ប្រទេស​ជិតខាង ប៉ារ៉ាហ្កាយ នៅ​ទ្វីប​អាមេរិក​ខាងត្បូង បាន​បដិសេធ​មិន​ទទួលស្គាល់​ប្រធានាធិបតី​ថ្មី​ប៉ារ៉ាហ្កាយ និង​ចាត់ទុក​ថា ប្រធានាធិបតី​ចាស់​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពីអំណាច។

លោក​Federio Francoប្រធានាធិបតី​ប៉ារ៉ាហ្កាយថ្មី ដែល​ក្រុមប្រទេស​អាមេរិកឡាទីន​ចោទ​ថា​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​​ទម្លាក់​ប្រធានាធិបតី​ចាស់
លោក​Federio Francoប្រធានាធិបតី​ប៉ារ៉ាហ្កាយថ្មី ដែល​ក្រុមប្រទេស​អាមេរិកឡាទីន​ចោទ​ថា​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​​ទម្លាក់​ប្រធានាធិបតី​ចាស់ © REUTERS
ផ្សាយពាណិជ្ជកម្ម

 

លោកអតីត​ប្រធានាធិបតី Fernado Lugo ដែលនៅសល់​តែ​មួយឆ្នាំ​ទៀត​នឹង​អស់​អាណត្តិនោះ ក៏​បាន​និយាយ​ដែរ​ថា គាត់​ជាជនរងគ្រោះ​នៃ​រដ្ឋប្រហារ និង​បាន​អំពាវនាវ​នៅថ្ងៃអាទិត្យនេះ ឲ្យ​អ្នកគាំទ្រ​គាត់​ចុះតាមថ្នល់​ធ្វើ​ការតវ៉ា​ដោយ​សន្តិភាព។

ប៉ុន្តែ សម្រាប់​លោក​ Federio Franco ប្រធានាធិបតី ថ្មី​របស់​ប៉ារ៉ាហ្កាយ គ្មាន​រដ្ឋប្រហារ នៅប៉ារ៉ាហ្កាយទេ ប៉ុន្តែ គ្រាន់តែ​មាន​​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស ដែល​ស្រប​តាម​រដ្ឋធម្មនុញ្ញ​តែ​ប៉ុណ្ណោះ។ កាលពីថ្ងៃ​សុក្រ សភា​ប៉ារ៉ាហ្កាយ​បាន​បោះឆ្នោត​ទម្លាក់​ ប្រធានាធិបតី ចាស់ លោក​Fernado Lugo ចេញពី​អំណាច ដោយមូលហេតុ​ថា គាត់​មិន​បាន​បំពេញ​មុខនាទី​ជាប្រធានាធិបតី និង​បាន​បណ្តោយ​ឲ្យ​ជម្លោះដីធ្លី ក្នុង​ប្រទេស​ប្រែក្លាយ​ទៅជា​បាតុកម្ម​ហិង្សា រវាង​ប៉ូលិស និង​កសិករ រហូត​ដល់​បង្ក​ឲ្យ​មាន​អ្នកស្លាប់​១៧នាក់ កាល​ពី​សប្តាហ៍។

ការផ្លាស់ប្តូរ​មុខ​ប្រធានាធិបតី​នៅប៉ារ៉ាហ្កាយ​នេះ​មិនត្រូវ​បាន​ប្រទេស​ជិតខាង​ស្វាគមទេ។ ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ វេណេហ្សុយអេឡា និង​អេក្វាទ័រ​បាន​ប្រកាស​ភ្លាមៗ មិន​ទទួល​ស្គាល់​ប្រមុខ​ដឹកនាំ​ថ្មី​របស់​ប៉ារ៉ាហ្កាយ។ ប្រធានាធិបតី​អាហ្សង់ទីន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់ខ្លួន​ចូល​ប្រទេស​វិញ ទម្រាំ​ដល់​មាន​សណ្តាប់ធ្នាប់​នយោបាយ នៅ​ប៉ារ៉ាហ្កាយ ចំណែករដ្ឋាភិបាល​​ប្រេស៊ីល​ចាត់ទុក​ព្រឹត្តិការណ៍​នៅ​ប៉ារ៉ាហ្កាយ គឺ​ជារដ្ឋប្រហារ ព្រោះ​ប្រធានាធិបតី​ចាស់​មិន​ត្រូវ​បាន​គេ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ការពារខ្លួន។

ក្រុមអ្នកជំនួញ​នៅប៉ារ៉ាហ្កាយ​បាន​វាយតម្លៃថា លោក​Federio Franco ដែល​ទើបស្បថ​ចូល​ធ្វើ​ជា​ប្រធានាធិបតី​ប៉ារ៉ាហ្កាយ​ថ្មី មាន​សមត្ថភាព​ដោះស្រាយ​បញ្ហាប្រទេស។ លោក​Federio Franco បាន​ទទួល​ការគាំទ្រ​ពី​អ្នកនៅ​ក្នុង​ស្រុក ប៉ុន្តែ គេ​នៅរង់ចាំ​មើល​ថា តើ​ លោក​Federio Franco ត្រូវ​ចរចា​យ៉ាងម៉េច​ជាមួយ​ក្រុមប្រទេស​អាមេរិកឡាទីន ដើម្បី​កុំ​ឲ្យ​ដាក់​សម្ពាធ​មកលើ​ខ្លួន។ ការទទួលស្គាល់​ពី​ក្រុមប្រទេស​អាមេរិកឡាទីន​សំខាន់​សម្រាប់​ប៉ារ៉ាហ្កាយ​ព្រោះ​បើមិនដូច្នោះទេ ប៉ារ៉ាហ្កាយ​នឹង​ត្រូវ​គេ​ដាក់​ឲ្យ​នៅឯកោ ទាំង​នៅក្នុង​ឆាកនយោបាយ និង​សេដ្ឋកិច្ចតំបន់ គឺ​ដោយ​ត្រូវ​គេ​ផាត់ចេញ​ពី​ស្ថាប័នប្រចាំទ្វីប ​ដូចជា UNASUR ឬ​ចេញ​ពី​ក្នុង​ក្រុមប្រទេស​នៃទីផ្សាររួមខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ