អានតួអត្ថបទ
អ៊ីស្រាអែល

លោក​នាយករដ្ឋមន្រ្តី Benyamin Netanyahu ប្រកាស​រៀបចំ​បោះឆ្នោត​សភា​មុន​អណត្តិ

នៅ​ថ្ងៃ​ពុធ ទី៩ តុលា​ម្សិលមិញ លោក​នាយករដ្ឋមន្រ្តី Benyamin Netanyahu បាន​ប្រកាស​ពី​ការ​រំលាយ​សភា និង​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់ ពោល​អាច​នឹង​រៀបចំ​នៅ​ដើមឆ្នំា ២០១៣ ខាង​មុខ។ តាម​ធម្មតា ការ​បោះឆ្នោត​សភា​នៅ​អ៊ីស្រាអែល​គ្រោង​នឹង​រៀបចំ​នៅ​ក្នុង​ខែ​តុលា ឆ្នំា ២០១៣។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ឡើយ។

លោក​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benyamin Netanyahu
លោក​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benyamin Netanyahu REUTERS/Ronen Zvulun
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សង្កថា​រយៈពេល​ខ្លី​មួយ លោក​នាយករដ្ឋមន្រ្តី Benyamin Netanyahu បាន​លើក​ឡើង​នូវ​មូលហេតុ​ដែល​ជម្រុញ​ឲ្យ​លោក​រំលាយ​រដ្ឋសភា និង​រៀបចំ​ការ​បោះឆ្នោត​មុន​កាលកំណត់ គឺ​ស្ថានភាព​សេដ្ឋកិច្ច និង​សន្តិសុខ​របស់​ប្រទេស។ សម្រាប់​លោក Benyamin Netanyahu គេ​ត្រូវ​តែ​មាន​ជម្រើស​នៅ​ក្នុង​ការ​កំណត់​ថវិកាជាតិ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​ដូច​ដែល​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។ និយាយ​ពី​បញ្ហា​សន្តិសុខ​វិញ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​លើក​ឡើង​អំពី​ការ​ចំណាយ​លើ​ការ​សាងសង់​ប្រព័ន្ធ​មីស្ស៊ីល ប្រឆំាង​មីស្ស៊ីល ឬ​មួយ​ក៏​ការ​សាងសង់​របងសន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំប្រទល់​ដែន​ជា​មួយ​ប្រទេស​អេហ្ស៊ីប​ជា​ដើម។

នៅ​ក្នុង​បរិបទ​នេះ លោក Benyamin Netanyahu បាន​យល់​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​កំពុង​ស្ថិត​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នា​ពេល​បច្ចុប្បន្ន មិន​អាច​និយាយ​ចុះសម្រុង​គ្នា​ក្នុង​ការ​កំណត់​ថវិកាជាតិ​សម្រាប់​ឆ្នំា ២០១៣ បាន​ទេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ និង​ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​គ្រប់​គណបក្ស​ដែល​ពាក់ព័ន្ធ​មក លោក Netanyahu ក៏​បាន​ប្រកាស​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាលកំណត់ ពោល​ក្នុង​រង្វង់​ដើមឆ្នំា ២០១៣ ខាង​មុខ។ ការ​រៀបចំ​បោះឆ្នោត​សភា​ដែល​តាម​ធម្មតា នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​ខែ​តុលា ឆ្នំា ២០១៣។

បើ​គេ​និយាយ​ជា​លក្ខណៈ​នយោបាយ ការ​សម្រេចចិត្ត​របស់​លោក Benyamin Netanyahu ពេល​នេះ មិន​បាន​ធ្វើ​ឲ្យ​លោក​ខាតបង់​អ្វី​ទេ គឺ​មាន​តែ​ចំណេញ។ ចំណេញ​ព្រោះ​លោក​នាយករដ្ឋមន្រ្តី​បាន​ដឹង​យ៉ាង​ច្បាស់​ថា គណបក្ស Likoud របស់​លោក និង​ខ្លួន​លោក​ផ្ទាល់ ត្រូវ​បាន​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ផ្តល់​ជ័យជំនះ​តំាង​ពី​ប៉ុន្មាន​ខែ​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ