អានតួអត្ថបទ
ជនភៀសខ្លួន

ទូកដឹកជនភៀសខ្លួន​រាប់រយនាក់​ក្រឡាប់​ក្បែរ​កោះក្រិក​ សាកសព​ជនភៀសខ្លួន​១០៤នាក់​ផ្សេងទៀត​ទើលើ​ឆ្នេរ​លីប៊ី​

ទូកដឹក​ជនភៀសខ្លួ​នរាប់រយនាក់​បាន​ក្រឡាប់​លិច​ នៅ​ថ្ងៃ​សុក្រ៣មិថុនា​​ នៅសមុទ្រ​មេឌីទែរ៉ាណេ​ ​​ក្បែរកោះ​មួយ​របស់​ក្រិក។ សាកសព​​ជនរងគ្រោះ​​យ៉ាងហោច​៤នាក់​ត្រូវបាន​គេស្រង់ឡើង។ ប្រតិបត្តិការ​​សង្គ្រោះ​​បានបន្ត​ធ្វើ និង​បាន​ជួយ​ជនរងគ្រោះ៣៤០នាក់អោយ​​​រួចផុតពី​គ្រោះថ្នាក់។ ​​នៅឆ្នេរZouara ភាគខាងលិច​លីប៊ី​វិញ គេ​បានរកឃើញ​សាកសព​ជនភៀសខ្លួន​១០៤នាក់ ដែល​អាច​​​​រងគ្រោះ​លិចទូក​កាលពី​សប្តាហ៍មុន។

ជនភៀសខ្លួន​កំពុង​ត្រដរត្រដួស​លើទូក នៅ​ឆ្នេរ​លីប៊ី ថ្ងៃ២៥ឧសភា​ មុន​ប្រតិបត្តិការ​សង្គ្រោះ​របស់​កងកម្លាំង​អ៊ីតាលី
ជនភៀសខ្លួន​កំពុង​ត្រដរត្រដួស​លើទូក នៅ​ឆ្នេរ​លីប៊ី ថ្ងៃ២៥ឧសភា​ មុន​ប្រតិបត្តិការ​សង្គ្រោះ​របស់​កងកម្លាំង​អ៊ីតាលី Marina Militare/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

យោងតាម​អង្គការអន្តោប្រវេសន៍​​អន្តរជាតិ​ MOI ទូកដឹកជន​ភៀសខ្លួន​រាប់រយនាក់​ដែល​ក្រឡាប់​លិច នៅ​សមុទ្រមេឌីទែរ៉ាណេ ក្បែរកោះ​ក្រិក នៅថ្ងៃសុក្រ៣មិថុនា​នេះ ជាទូក​​ធ្វើដំណើរ​មកពី​អាហ្វ្រិក ហើយ​ដឹក​ជនភៀសខ្លួន​យ៉ាងហោច​​​៧០០នាក់​។ ក្រុមប៉ូលិស​កំពង់ផែ​ក្រិក​​មិនបាន​បញ្ជាក់​​​តួលេខ​នេះទេ តែ​​លើកឡើងថា នៅ​លើទូក​ មាន​មនុស្ស​រាប់រយនាក់។

កងល្បាត​ដែន​សមុទ្រ​អ៊ីតាលី​បានទទួលដំណឹង​អាសន្ន​​ពី​កប៉ាល់​រកស៊ី​មួយគ្រឿង កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ ប្រាប់​ថា មាន​កប៉ាល់​ជនភៀសខ្លួន កំពុង​ជួប​បញ្ហា​ នៅ​តំបន់​​​ចន្លោះ​ដែនទឹក​ក្រិក​និង​អេហ្ស៊ីប។ ប៉ូលិស​កំពង់ផែ​ប្រាប់ថា ​នឹង​បញ្ជូន​ជនភៀសខ្លួន​​ ​ដែល​រួចផុត​ពី​គ្រោះថ្នាក់​ក្រឡាប់ទូក​នេះ បែងចែក​ចំនួន​​ទៅ​អ៊ីតាលី និង​​អេហ្ស៊ីប អោយ​ស្របតាម​ច្បាប់​សមុទ្រ​ចែងពី​ការ​សង្គ្រោះ។

ប៉ូលិស​​​ក្រិក​ទើប​តែ​បាន​ចាប់​ទូក​មួយគ្រឿង ដឹកជន​ភៀសខ្លួនស៊ីរី អាហ្វហ្កានីស្ថាន​ និង​​ប៉ាគីស្ថាន​ កាលពី​ថ្ងៃ​២៧​ឧសភា​​ប៉ុណ្ណោះ។ ​ការលិចទូក​ថ្ងៃសុក្រ​នេះ អាចបញ្ជាក់ថា ក្រុម​ជួញដូរ​ជនភៀសខ្លួន​ ប្រហែល​ជា​ចង់​បើកបរ​ទូក​គេចពី​កងកម្លាំង​អង្គការ​អូតង់ ដែលឃ្លាំយាម​ នៅ​​តំបន់ចន្លោះ​ឆ្នេរតួកគី ​និង​ឆ្នេរក្រិក។ គិតតាំងពីដើមឆ្នាំ​២០១៦មក ជនភៀសខ្លួន​​ជិត៤០០នាក់ ក្នុងនោះ​មានកុមារ​ច្រើនសន្ធឹកសន្ធាប់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​លិចទូក​ផ្សេងៗ។  

កាលពី​ថ្ងៃ២០មិនា កិច្ចព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប​និង​តួកគី​ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​​​ការ​ជួញដូរ​ជនភៀសខ្លួន បានចូលជាធរមាន ។ កិច្ចព្រមព្រៀង​​​ចែង​តំរូវអោយ​តួកគី​ពង្រឹង​ការ​ប្រឆាំង​​​ការ​ជួញដូរ​ជនភៀសខ្លួន ​​ចាប់ពី​ឆ្នេរសមុទ្រ​តួកគី​ទៅ។ ជាការ​ផ្តោះប្តូរ​ សហភាព​អឺរ៉ុប​​ជួយ​គាំទ្រ​នយោបាយ​និង​ហិរញ្ញវត្ថុ​អោយ​តួកគី។ ​ តាំងពី​កិច្ចព្រមព្រៀង​ចូលជាធរមាន​និង​មានការ​ពង្រាយ​កងកម្លាំង​ល្បាតមក ការឆ្លងទូក​ដឹក​ជនភៀសខ្លួន​មកអឺរ៉ុប បាន​​​ធ្លាក់ចុះ​ជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ