អានតួអត្ថបទ
កម្ពុជា

​ឈើ​ខុស​ច្បាប់​ជាង​៧​ម៉ឺន​ម៉ែត្រ​គូប​រក​ឃើញ​​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​​បទ​ល្មើស​ជាង​៤​ខែ​​​

គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​​ បាន​បញ្ជូន​របាយការណ៍​នៃ​ប្រតិបត្តិការ​បង្ក្រាប​ព្រៃ​ឈើ​ ដែល​ផ្តើម​​តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៦ ទៅ​កាន់​រដ្ឋាភិបាល​ហើយ កាល​ពី​ថ្ងៃ​ទី ១៨​មេសា​។ ក្នុង​របាយការណ៍​នោះ បាន​បង្ហាញ​ថា បាន​រក​ឃើញ​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​បាន​ប្តឹង​ឈ្មួញ​រក​ស៊ី​ចំនួន ៥៧​ករណី ទៅ​តុលាការ​។ ក្រោយ​ពី​ទទួល​​របាយការណ៍ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ចាត់​លោក​ឧបនាយក​រដ្ឋមន្ត្រី ប៊ិន ឈិន ឲ្យ​ដឹក​នាំ​កិច្ច​ប្រជុំ ដើម្បី​កំណត់​ការងារ​បន្ត​។

យុទ្ធនា​ការបង្ក្រាប​ការ​កាប់​ព្រៃ​ឈើ​មួយ ​ដោយកង​កម្លាំង​ចម្រុះ​។
យុទ្ធនា​ការបង្ក្រាប​ការ​កាប់​ព្រៃ​ឈើ​មួយ ​ដោយកង​កម្លាំង​ចម្រុះ​។ (រូបថត៖​សុវណ្ណារ៉ា)
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ លោក​អេង ហ៊ី បាន​ប្រាប់​វិទ្យុបារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ នៅ​តាម​ក្រុមហ៊ុន និង​ទី​តាំង​ស្តុក​ឈើ គេបាន​រក​ឃើញ​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​បាន​កសាង​សំណុំ​រឿង​តាម​ការ​រាយការណ៍​របស់​បណ្តា​ខេត្ត ទៅ​កាន់​តុលាការ បាន​ចំនួន ៥៧​ករណី​។​ ហើយ​ពេល​នេះ​ អយ្យការ​អម​តុលាការ កំពុង​តែ​រៀបចំ​ដីកា​កោះ​ហៅ​ ទៅ​តាម​សមត្ថកិច្ច​របស់​ខ្លួន​។ 

តាម​លោក​អេង ហ៊ី ក្រោយ​ពេល​គណៈកម្មការ​បាន​ដាក់​របាយការណ៍​ទៅ​កាន់​រដ្ឋាភិបាល​ហើយ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ចាត់​តាំង​លោក​ឧបនាយករដ្ឋ​មន្ត្រី ប៊ិន ឈិន មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​រៀប​ចំ​ដឹក​នាំ​កិច្ច​ប្រជុំ ដើម្បី​កំណត់​ពី​ការងារ​បន្ត​ទៀត​។ កិច្ច​ប្រជុំ ដែល​លោក​អេង ហ៊ី មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ​។

តាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​បង្ក្រាប​ និង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ដែល​បាន​ធ្វើ​ឡើង​ក្នុង​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ រួម​មាន​តាម​ខេត្ត​កំពង់​ចាម ត្បូង​ឃ្មុំ ក្រចេះ ស្ទឹង​ត្រែង រតន​គិរី និង​ខេត្ត​មណ្ឌល​គិរី បាន​រក​ឃើញ​ថា ខេត្ត​ដែល​រង​បទ​ល្មើស​ព្រៃឈើ​ច្រើន​ជាង​គេ គឺ​ខេត្ត​មណ្ឌលគិរី​។ យ៉ាង​ណាក៏​ដោយ អ្នក​នាំ​ពាក្យ​គណៈកម្មការ​នេះ ហ៊ាន​អះអាង​ថា ក្រោយ​ពេល​ប្រតិបត្តិ​ការ​បាន​បញ្ចប់ ស្ថាន​ភាព​បទ​ល្មើស​ព្រៃ​ឈើ​នា​នា គឺ​បាន​ស្ងប់ស្ងាត់​ទាំង​ស្រុង មិន​មាន​ការ​កាប់​ឈើ ឬ​ដឹក​ឈើ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ​។ លើស​ពី​នេះ អ្នក​ប្រព្រឹត្ត​បទ​ល្មើស ក៏​បាន​យក​ឧបករណ៍ និង​ចាក​ចេញ​ពី​ក្នុង​ព្រៃ​អស់​រលីង​។

លោក​អេង ហ៊ី បាន​បញ្ជាក់​ថា ទោះ​បី​ជា​គណៈកម្មការ​ជាតិ​បង្ក្រាប​ និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ អស់សុពលភាព​ក៏​ដោយ ប៉ុន្តែ​លោក​ហ៊ាន​ធានា​ថា​បទ​ល្មើស​ព្រៃ​ឈើ នឹង​មិន​កើត​ឡើង​ទៀត​ទេ​។ មិន​កើតឡើង ព្រោះ​រាជរដ្ឋាភិបាល នឹង​មាន​វិធាន​ការ​បន្ត ឲ្យ​ថ្នាក់​ខេត្ត​ នៅ​តែ​អនុវត្ត​។ ហើយ​យោង​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ប្រកាស​ឲ្យ​ឈើ ដែល​រឹប​អូស​បាន ប្រគល់​ទៅ​ក្រសួង​អប់រំ​នោះ ក៏​ជា​ផ្នែក​មួយ អាច​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​បាន​ផង​ដែរ​។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​មីនា​កន្លង​ទៅ​ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រមុខ​ដឹក​នាំរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​បញ្ជា​ឲ្យ​ប្រគល់​ឈើ​ទាំង​អស់ ដែល​រឹប​អូស​បាន​ពី​ការ​កាប់​ឈើ​ខុស​​ច្បាប់ ទៅ​ឲ្យ​ក្រសួង​អប់រំ ​ប្រើ​ប្រាស់​កសាង​សាលា​រៀន សាងសង់​ផ្ទះ​ឲ្យ​គ្រូ​បង្រៀន និង​ច្នៃ​ជា​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ ក្នុង​ប្រព័ន្ធ​អប់រំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ