អានតួអត្ថបទ
ម៉ាលី​

អតីត​នាយក​រដ្ឋមន្ត្រី​ ប៊ូបាកា​ កីតា​ ឈ្នះ​សម្លេងឆ្នោត​ប្រធានាធិបតី​ម៉ាលី​ជុំ​ទីមួយ​

យោងតាម​លទ្ធផល​ផ្លូវការ​នៃ​​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ប្រទេស​ម៉ាលី ជុំទីមួយ ដែល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ អតីត​នាយករដ្ឋមន្ត្រី​​ អ៊ីប្រាហ៊ីម ប៊ូបាកា​ កីតា បាន​ទទួល​ជោគជ័យ ដោយ​ទទួល​បាន​សម្លេង ៣៩,២ភាគរយ លើស​ពី​​គូ​ប្រជែង​លោក គឺ​លោក ​​ស៊ូម៉ៃឡា ស៊ីសសេ អតី​ត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​សម្លេង ១៩,៤ភាគរយ។ ដោយសារ​គ្មាន​សម្លេង​ច្រើន​ដាច់ខាត​ដូច​ដែល​សកម្មជន​របស់​លោក កីតា បាន​គិតទុកនោះ ​ការ​បោះ​ឆ្នោតជុំទីពីរ​ ​នឹង​ប្រព្រឹត្តទៅ​នៅ​​ថ្ងៃ​ទី ១១​សីហា​ខាង​មុខ​នេះ។

បេក្ខជន Soumaïla Cissé (ឆ្វេង) និង Ibrahim Boubacar Keïta នឹង​ប្រឈម​មុខ​គ្នា នៅ​ជុំទីពីរ នៅ​ថ្ងៃ​១១សីហា​ ខាងមុខ។
បេក្ខជន Soumaïla Cissé (ឆ្វេង) និង Ibrahim Boubacar Keïta នឹង​ប្រឈម​មុខ​គ្នា នៅ​ជុំទីពីរ នៅ​ថ្ងៃ​១១សីហា​ ខាងមុខ។ AFP PHOTO/SEYLLOU-GEORGES GOBET
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​ម៉ាលី​នៅ​ភាគ​ខាងត្បូង​ប្រទេស បាន​បោះ​ឆ្នោត​គាំទ្រ​​អតីត​នាយករដ្ឋមន្ត្រី​​ អ៊ីប្រាហ៊ីម ប៊ូបាកា​ កីតា អោយ​​ឈ្នះ​ក្នុង​ជុំទីមួយ ជាមួយ​​សម្លេង​ឆ្នោត​៣៩,២ភាគរយ។ ទន្ទឹម​នេះ​ដែរ គូប្រជែង​លោក កីតា គឺ​លោក ស៊ីសសេ​ បាន​ទទួល​ការគាំទ្រ​ជាមួយ​សម្លេង​១៩,៤ភាគរយ ពីប្រជាជននៅ​​ភាគ​ខាង​ជើង​ប្រទេស។

បេក្ខជន​​​ផ្សេងទៀត​​ដូច​ជា Dramane Dembélé មកពី​គណបក្ស​សម្ព័ន្ធប្រជាធិបតេយ្យ​ម៉ាលី ​​ទទួល​បាន​សម្លេងជិត ​៩,៦ភាគរយ ​ហើយ​​លោក ម៉ូប៊ីដូ ស៊ីឌីបេ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​​ម៉ាលី មួយ​រូប​​ផ្សេងទៀត​​​នោះ ​ទទួល​សម្លេង​​៤,៩ភាគរយ។
ដោយឡែក អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​ក្នុង​ការ​បោះ​ឆ្នោត​នេះ គឺ​ថា សម្លេង​ឆ្នោត​ដែល​មិនអាច​យក​ជាការ​បាន មាន​ដល់​ទៅ​ ៤សែន​​​៣​​ពាន់​សម្លេង។  បេក្ខជន​ស៊ីសសេ​ មាន​ការ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី ហើយ​បាន​​​សុំអោយ​មាន​វិធានការ​ច្បាស់លាស់​សំរាប់​ការ​បោះឆ្នោតជុំទីពីរ ដើម្បី​​ ​ទប់ស្កាត់​ការ​ក្លែងបន្លំ។

គួររំលឹក​ឡើងវិញ​ថា ប្រជាជន​ម៉ាលី​ដែល​ចូលរួម​បោះឆ្នោត​ប្រធានាធិបតី​ជុំទីមួយ​ កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន មាន​ប្រមាណ​ ៦លាន​​៩សែន​នាក់ ត្រូវ​នឹង​៥១,៥ភាគរយ ជា​ភាគរយ​​ដ៏​ខ្ពស់។ ការ​បោះឆ្នោតប្រធានាធិបតី​​កន្លងមក ភាគរយ​អ្នកបោះឆ្នោត​មាន​មិនហួស​​៣៨ភាគរយ​ឡើយ។  អនាគត​ប្រធានាធិបតី​ម៉ាលី​ដែល​នឹង​ត្រូវ​រើស​ចេញ​ពី​ការ​បោះឆ្នោត​ជុំទីពីរ នៅ​ថ្ងៃ​១១​សីហា​ខាងមុខ មាន​ភារកិច្ច​ចាំបាច់​បំផុត​ចំពោះ​មុខ គឺ​ត្រូវ​ធ្វើ​យ៉ាងណា ស្តារ​​សេដ្ឋកិច្ច​ប្រទេស​ និង​ធ្វើ​អោយ​ជនរួមជាតិ​​​រួបរួម​គ្នា​ឡើងវិញ។

​ចាប់​ពី​ខែ​មករា ​ឆ្នាំ ២០១២​មក ប្រទេស​ម៉ាលី​​​មាន​​ស្ថានភាព​នយោបាយ​និង​យោធា​មិន​នឹងនរ។  នៅ​ភាគ​ខាង​ជើង មាន​ការ​វាយប្រហារ​ពី​ក្រុមឧទ្ទាម​ទូអារ៉េក​ បន្ទាប់​មក​ទៀត ​មាន​​រដ្ឋប្រហារ​​​​កើតឡើង​ ហើយ​​​ឧក្រិដ្ឋជន​និង​ក្រុម​ជីហាដ​​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់កៃដា បាន​​កាន់កាប់​ភាគខាងជើង​ប្រទេស។

បារាំង​បាន​ផ្តួចផ្តើមគំនិត​ធ្វើ​អន្តរាគមន៍​យោធា​​ដោយ​មាន​ទ័ព​បារាំង​និង​ទ័ព​បរទេស​ផ្សេងទៀតចូលរួម បាន​រំដោះ​ម៉ាលី​ចេញ​ពី​កណ្តាប់ដៃ​ក្រុមឧទ្ទាម ដោយ​ជោគជ័យ។ រដ្ឋាភិបាល​បារាំង​​បាន​ដាក់សម្ពាធ​​រដ្ឋាភិបាល​អន្តរកាល​​ម៉ាលី អោយ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពីខែ​កក្កដា​មក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ