អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

សំដី​ខ្សឹបខ្សៀវ​របស់​លោក​អូបាម៉ា ស្រាប់តែ​បែក​ការ​ណ៍នាំ​ឲ្យ​គេ​ផ្អើល

សំដី​ខ្សឹបខ្សៀវ​នេះ​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា ធ្វើ​ទៅ​សមភាគី រុស្ស៊ី ​លោក​មេដវេដេវ មុន​នឹង​ចាប់ផ្តើម​សន្និសីទ​សារព័ត៌មាន បូក​សរុប​តុល្យាការ​នៃ​កិច្ចចរចា រវាង​ប្រមុខ​រដ្ឋ​ទាំងពីរ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ “ជំនួបកំពូល​ស្តី​អំពី​សន្តិសុខ​នុយក្លេអ៊ែរ” នៅ ទីក្រុង​សេអ៊ូល។

លោក​អូបាម៉ាជួប​លោក​មេដវេឌេវ​នៅមុន​ជំនួប​កំពូល​ស្តីពី​នុយក្លេអ៊ែរ​នៅ​ទីក្រុង​សេអ៊ូល នៅថ្ងៃ​ចន្ទ​ទី ២៦​មីនា ២០១២
លោក​អូបាម៉ាជួប​លោក​មេដវេឌេវ​នៅមុន​ជំនួប​កំពូល​ស្តីពី​នុយក្លេអ៊ែរ​នៅ​ទីក្រុង​សេអ៊ូល នៅថ្ងៃ​ចន្ទ​ទី ២៦​មីនា ២០១២ © REUTERS
ផ្សាយពាណិជ្ជកម្ម

 

គួរ​និយាយថា ជំនួប​ទ្វេភាគី រវាង​លោក អូបាម៉ា និង លោក​មេដវេដេវ បាន​ពន្យារ​ទៅ អស់​៤០នាទី ក្នុង​លក្ខណៈ​បិទទ្វារ។ ក្នុង​ជំនួប​នេះ គូភាគី នៅតែ​ខ្វែង​គំនិត​គ្នា​ដដែល ជុំវិញ​បញ្ហា “ប្រព័ន្ធ​ខែល​មីស្ស៊ីល ប្រឆាំង​មីស៊្សីល“ ដែល​អាមេរិក​កំពុង​បង្កើត​ឡើង នៅលើ​ដែនដី ទ្វីបអឺរ៉ុប ជិត​ព្រំប្រទល់​រុស្ស៊ី ហេតុ​ដែល​តាមយោបល់​ម៉ូស្គូ គឺ​នឹង​បន្សោយ សក្តានុពល នៃ អាវុធ​បរមាណូ​រុស្ស៊ី បាន​ន័យ​ថា ជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​រុស្ស៊ី​តែម្តង។

ដើម្បី​ឲ្យ​ភាគី​រុស្ស៊ី​ស្ងប់ចិត្ត លោក​អូបាម៉ា បាន​និយាយ​ខ្សឹបៗ​ទៅ លោកមេដវេដេវ ៖ “ ចាំគាត់​ជាប់ឆ្នោត​ជាថ្មី ជា​ប្រធានាធិបតី​ស.រ.អា.នៅខែ​វិច្ឆិកាខាងមុខ​សិន ទើប​គាត់​មាន លំហ​ទូលាយ សម្រាប់​បត់បែន ក្នុង​បញ្ហា​នេះ។ សូម​លោក ពាំនាំ​រឿងនេះ​ទៅ​ជម្រាប លោកពូទីន ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ថ្មី​នៅ​រុស្ស៊ីផង”។ លោក​មេដវេដេវ ពី​ចំណែកខ្លួន បាន​សន្យា​ទៅ​លោក អូបាម៉ា​ថា គាត់​នឹង​ជម្រាប​ទៅ​លោកពូទីន ឲ្យ​បាន​ជ្រាប​អំពី​រឿងនេះ។ ប៉ុន្តែ សំដី​ខ្សឹបខ្សៀវ​នោះ របស់​លោកអូបាម៉ា ស្រាប់តែ​ឮដល់ ត្រចៀក​ពួក​អ្នកកាសែត មកពី​ប្រដាប់​បំពង​សំឡេង ត្រូវ​គេ​បើក​ឲ្យ​ដើរ តាំងពី​មុន​ដល់​ពេល​ផ្តើម សន្និសីទ​សារពត៌មាន​ម៉្លេះ។

សាច់រឿង​ដែលមាន​ត្រូវបាន​លើក​យកមក ចុះផ្សាយ​ថ្ងៃនេះ ដោយ​កាសែត​រុស្ស៊ី​មួយចំនួន។ កាសែត​ខ្លះ បែបយ៉ាង Izvestia ចុះផ្សាយ ទាំងស្រុង​តែម្តង ឃ្លា​ខ្សឹបខ្សៀវ​នោះជា​ភាសា​អង់គ្លេស ទាំង​អម​ទៅ​ដោយ​ការបកប្រែ​ក្នុង​វង់ក្រចក ជា​ភាសា​រុស្ស៊ី​ទៅផង។ ន័យ​នៃ​ឃ្លា​ទាំងនោះ គឺ​នៅ ត្រង់​ពាក្យ​ថា ”លំហ” ជា​កត្តាសំខាន់ សម្រាប់​ដោះស្រាយ​ឲ្យ​បានរួច បញ្ហា​ទាក់ទង នឹង ”ប្រព័ន្ធ​ខែល​មីស៊្សីល​ប្រឆាំង​មីស្ស៊ីល”។ កាសែត ចុះផ្សាយ គឺ ការបកស្រាយ​បី​បែប ដូចតទៅ ៖

ទី១- តាមមតិ​ប្រភព​ក្នុង​វិមាន​ក្រេមឡាំង លោកអូបាម៉ា ចង់​និយាយ​អំពី​លំហ​តូចចង្អៀត សម្រាប់ គាត់​ដំណើរការ ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ទៅ​ទល់​ខែ​វិច្ឆិកា​ឆ្នាំនេះ។

ទី២- លោកអូបាម៉ា ចង់​និយាយ​អំពី​ការចូលរួម​របស់​លោកមេដវេដេវ ក្នុង​ឋានៈ​ជា នាយក​រដ្ឋមន្ត្រី​ទៅហើយ ក្នុង​កិច្ចចរចា​ជុំវិញ រឿង​ប្រព័ន្ធ​ខែលនោះ។
ទី៣- លោក​អូបាម៉ា​សង្ឃឹមថា រុស្ស៊ី គង់​នឹង​ចូលរួម​ពុំខាន ក្នុង​ការបង្កើត​ប្រព័ន្ធ​នេះ ដោយរួម ជាមួយអាមេរិក ដើម្បី​ប្រឈម​ដូចគ្នា ទល់​នឹង​ការគំរាម​លើខ្លួន។
 

ប៉ុន្តែ​ក្នុង​ដំណាក់កាល​ឥឡូវ ការធ្លាយ​ចេញមក​នៃ សំដីខ្សឹបខ្សៀវនេះញ៉ាំងឲ្យកើតឡើងជារឿងអាស្រូវ ទៅហើយ នៅអាមេរិកផ្ទាល់។ តាមកាសែតរុស្ស៊ី ពួកបេក្ខជននៃគណបក្សសាធារណរដ្ឋ មាន លោក Mitt Romney ជាដើម នាំគ្នាចោទលោក អូបាម៉ា ខាងគណបក្សប្រជាធិបតេយ្យ ថា កំពុងក្បត់ នឹង ផលប្រយោជន៍របស់ ស.រ.អា.៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ