អានតួអត្ថបទ
កម្ពុជា

ឧបការី​រង​ការ​បរទេស​អាមេរិក នឹង​មក​កម្ពុជា​និយាយ​ពី​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល

នៅ​ថ្ងៃ​ទី​១ និង​ទី​២​មិថុនា​ដើម​ខែ​ក្រោយ​នេះ លោក​Scott Busby ឧបការី​រង​ក្រសួងការ​បរទេស​អាមេរិក​ដែល​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការងារ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិលមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​Scott Busby គ្រោង​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​ក្រៅ​រដ្ឋាភិបាលជា​មួយ​រដ្ឋាភិបាល​កម្ពុ​ជា។

ឧបការីរងការបរទេសអាមេរិក Scott Busby
ឧបការីរងការបរទេសអាមេរិក Scott Busby @Google
ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​អ្វី​ប្រែ​ប្រួល​នោះទេ នៅ​ថ្ងៃទី១ មិថុនា ដើម​សប្តាហ៍​ក្រោយ​នេះ លោក​Scott Busby ឧបការី​រង​ក្រសួងការ​បរទេស​អាមេរិក​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២​មិថុនា។

 
អ្វី​ជា​ការ​កត់សម្គាល់ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Scott Busby  គ្រោង​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​ពិភាក្សា​អំពី​សេចក្តី​ព្រាងច្បាប់​ស្តី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ជា​សេចក្តី​ព្រាងច្បាប់​ស្តី​ច្បាប់ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល។អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា បាន​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការធ្វើ​សកម្មភាព​របស់​ខ្លួន។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ ដោយ​បញ្ជាក់​ថា ច្បាប់​នេះ គឺ​បង្កើត​ឡើង ដើម្បី​លើក​កម្ពស់​កិច្ចសហ​ប្រតិ​បត្តិការ​ក្នុង​ភាព​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​តែប៉ុណ្ណោះ។

គួរ​កត់​សម្គាល់​ថា ការ​គ្រោង​ជួប​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង អង្គការ​មិន​មែន​រដ្ឋាភិបាល​ពី​សំណាក់​មន្ត្រី​ការ​បរទេស​ជាន់​ខ្ពស់​អាមេរិក​នេះ បាន​កើត​ឡើង បន្ទាប់​ពី​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​William Todd ត្រូវ​បាន​ក្រសួងការ​បរទេស​កម្ពុ​ជា ធ្វើការ​ក្រើន​រំលឹក​ពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ឯកអគ្គ​រដ្ឋទូត​ស្ថាន​ទូត​មួយ។ លោក​William Todd កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា បាន​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​ទិទៀន​អំពី​សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ។ ក្រសួងការ​បរទេស​កម្ពុជា បាន​ចាត់​ទុក​ថា ការ​រិះគន់​នោះ​ទេ មាន​លក្ខណៈ​ព្រហើន​ខ្លាំង។

លោក​ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី បាន​បញ្ជាក់​ថា ទោះ​បី​មាន​ការ​ជួប​ពិភាក្សា​គ្នារ​វាង​រដ្ឋា​ភិបាល​កម្ពុជា ជាមួយ​ឧបការី​រង​ក្រសួងការ​បរទេស​អាមេរិក​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ដំណើរការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​មិន​ថយ​ក្រោយ​នោះ​ឡើយ។ ជាមួយ​គ្នានេះ លោក​ផៃ ស៊ី​ផាន សង្ឃឹម​ថា សេចក្តី​ច្បាប់​ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អាច​នឹង​ត្រូវ​រដ្ឋាភិបាល​អនុម័ត​នៅ​ថ្ងៃ​សុក្រ សប្តាហ៍​ក្រោយ និង​បញ្ជូន​បន្ត​ទៅ​ឲ្យ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ