អានតួអត្ថបទ

Twitter នឹងលែង​​ទទួល​ផ្សាយ​ពាណិជ្ជកម្ម នូវ​សារ​ផ្សព្វផ្សាយ​នយោបាយ

បណ្តាញសង្គម Twitter បានប្រកាសនៅថ្ងៃទី​៣១តុលានេះ ថាខ្លួន​នឹងលែងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម នូវសារនានា​ ដែលមាន​លក្ខណៈនយោបាយ​ទៀតហើយ។ លោកអគ្គនាយកTwitter បានលើកឡើងថា សារដែលមានលក្ខណៈនយោបាយ​ បើសិនជាបានទទួលការគាំទ្រពីមនុស្សទូទៅ គឺវាអាស្រ័យលើខ្លឹមសារ និងគុណតម្លៃនៃសារនយោបាយនោះ ពោលគឺ​មិនមែន​​ដោយការយកប្រាក់មកទិញ​ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបទៅមហាជននោះទេ។

អគ្គនាយក​​Twitter លោក Jack Dorsey នៅចំពោះមុខ​ព្រឹទ្ធសភា​អាមេរិក។ រូបថតឯកសារ ថ្ងៃទី​៥ កញ្ញា ២០១៨​
អគ្គនាយក​​Twitter លោក Jack Dorsey នៅចំពោះមុខ​ព្រឹទ្ធសភា​អាមេរិក។ រូបថតឯកសារ ថ្ងៃទី​៥ កញ្ញា ២០១៨​ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

Twitter នឹង​ឈប់​លក់​សេវាកម្ម នៃការផ្សព្វផ្សាយសារដែលមានលក្ខណៈនយោបាយ តទៅទៀតហើយ។ លោក Jack Dorsey ស្ថាបនិក និងជាអគ្គនាយក Twitter បានពន្យល់ថា សារនយោបាយ​នីមួយៗ អាច​រីកសាយភាពខ្លាំង​​ ក៏ដោយសារតែមាន​ចំនួន​មនុស្សច្រើន ដែលចុះឈ្មោះតាមដាន​គណនីដែលបង្ហោះសារទាំងនោះ។ ដូច្នេះ ការចំណាយ​ប្រាក់ ដើម្បី​​អាច​ទទួលបាន​​អ្នកចុះឈ្មោះច្រើន នៅក្នុងគណនីរបស់ខ្លួន ​វាគឺ​ជារឿង​មិន​ត្រឹមត្រូវទេ​ ​ព្រោះ​ថា​វាបានធ្វើឲ្យបាត់បង់ នូវ​​ជម្រើស​របស់​មនុស្ស ដែល​​ចង់​ឬ​មិនចង់ អានសារនយោបាយ​ទាំងនោះ។ លោកបន្ថែមថា ការសម្រេចចិត្ត​របស់អ្នកប្រើប្រាស់ ក្នុងការ​​គាំទ្រ​ឬមិនគាំទ្រ តាមដាន​ឬ​មិនតានដាន​ នូវ​​​សារនយោបាយ​ណា​​មួយ គឺវាមិនអាច​ត្រូវ​បានបំពុល ឬបង្វែរ​ដោយ​ការចំណាយ​ប្រាក់​នោះ​ឡើយ​។​​​

គួរកត់សំគាល់ថា ការគោលជំហររបស់Twitter ទាក់ទិននឹងបញ្ហានេះ គឺវាមាន​ភាពផ្ទុយស្រលះ ពីFacebook ដែលជាបណ្តាញសង្គមពេញនិយមបំផុត ទូទាំងសកលលោក។ លោក Mark Zuckerberg ស្ថាបនិក និងជាអគ្គនាយកFacebook បាន​ឆ្លើយការពារ សេវាកម្ម​បង់ប្រាក់ ដើម្បីធ្វើ​ការផ្សព្វផ្សាយសារនយោបាយ​នៅលើFacebookថា​ បើទោះបីសារនោះ មានភ្ជាប់ដោយ​ភាសាកុហក បោកប្រាស់​ ឬព័ត៌មានមិនពិតក៏ដោយ ក៏​Facebook នៅតែបន្តផ្សព្វផ្សាយវា ព្រោះវាជាសេរីភាពនៃការបញ្ចេញមតិ។

លោក Jack Dorsey អគ្គនាយក Twitter បានឆ្លើយទៅ​អគ្គនាយកFacebook វិញថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ននេះ បណ្តាញសង្គមទាំងអស់​ត្រូវ​តែបង្ហាញជំហរ ​ដល់​អ្នកប្រើប្រាស់ ថាខ្លួនពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីកសាយភាព​ នូវព័ត៌មានក្លែងក្លាយ ឬក៏សារនយោបាយ​ ដែលពន្យុះអំពើហិង្សាជាដើម។ ក្នុងនាមជាម្ចាស់បណ្តាញសង្គម យើងមិនអាចគ្រាន់តែនិយាយ​អះអាងថានឹងព្យាយាមធ្វើ តែផ្ទុយទៅវិញមានបណ្តាញសង្គមខ្លះ យកប្រាក់ពីគេហើយអនុញ្ញាតឲ្យគេផ្សាយ​ព័ត៌មានពិតឬកុហក តាមតែអំពើចិត្ត។

សូមបញ្ជាក់ថា នៅតាមបណ្តាញសង្គមទាំងអស់​រួមមានTwitter Facebook ឬ Youtube គឺគណនីនិមួយៗ សុទ្ធតែអាចចំណាយប្រាក់ ដើម្បីទទួលបាន​អ្នកចុះឈ្មោះច្រើន ឬក៏អាចលោតចេញញឹកញាប់ជាងគេ​​ នៅខាងលើគេ ដើម្បីទាក់ទាញ​អ្នកប្រើប្រាស់។ សេវាកម្មនេះ ជាទូទៅ ត្រូវបាន​ប្រើដោយអ្នកនយោបាយ ឬ ម្ចាស់គណនីមួយចំនួន ដែល​ត្រូវការប្រជាប្រិយភាព​ខ្លាំង ក្នុងគោលបំណងណាមួយ។

អ្នកជំនាញ​បាន​អបអរ ចំពោះការសម្រេចរបស់Twitter ដែលបិទចោលសេវាកម្មនេះ ទាក់ទិននឹងសារនយោបាយ​។ តែយ៉ាងណាអ្នកជំនាញ​ អះអាងថា បញ្ហាចោទចំបងបង្អស់គឺនៅលើបណ្តាញ Facebook និង Youtube ដែល​បណ្តាញទាំងពីរនេះ មានអ្នកប្រើប្រាស់ច្រើន ហើយ សារនយោបាយ ឬក៏វីដេអូ​ផ្សព្វផ្សាយ​បោកបញ្ឆោត ពន្យុះហិង្សា បំភ្លៃការពិតជាដើម សំបូរ និង រីកសាយភាយ យ៉ាងពោ​ពាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ