អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌​រក​​ឃើញ​​វត្ថុ​បុរាណ​មួយ​ចំនួន​ក្នុ​ង​គំនរ​ប្រាសាទ​បាសែត​

ក្រុម​ការងារ​នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​រក​ឃើញ​បដិមា​ឥត​ព្រះកេស​ចំនួន ៣​អង្គ និង​ព្រះកេស​ចំនួន ២ ក្នុង​អំឡុង​ពេល​កំពុង​ស្ទូង​ថ្ម ជួស​ជុល​ប្រាសាទ​បាសែត ក្នុង​ខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​ទី ១៥ និង​១៦​ឧសភា​នេះ​។ តាម​ការ​វាយ​តំលៃ​បឋម​ វត្ថុបុរាណ​ទាំង​នោះ ប្រហែល​ជា​កសាង​នៅ​ចុង​សតវត្ស​ទី ១១ ជាមួយ​នឹង​សំណង់​ប្រាសាទ​បាសែត​ដែរ​។

វត្ថុបុរាណដែល​ត្រូវបាន​រក​ឃើញ​នៅប្រាសាទបាសែត ក្នុងខេត្ត​បាត់ដំបង។
វត្ថុបុរាណដែល​ត្រូវបាន​រក​ឃើញ​នៅប្រាសាទបាសែត ក្នុងខេត្ត​បាត់ដំបង។ @MoCA
ផ្សាយពាណិជ្ជកម្ម

 

ក្រោយ​ពី​បាន​រក​ឃើញ​វត្ថុ​បុរាណ ដែល​មាន​ដង​ខ្លួន​បដិមា និង​ព្រះកេស ដែល​ដាច់​ពី​ដង​ខ្លួន​នោះ ក្រុម​ការងារ​នៃ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ធ្វើ​ពិធី​ប្រគល់ និង​ទទួល​វត្ថុ​បុរាណ​ទាំង​នោះ ជាមួយ​នឹង​មន្ទីរ​វប្បធម៌​ខេត្ត​បាត់​ដំបង់ ដើម្បី​យក​ដាក់​នៅ​ក្នុង​សារមន្ទីរ​ខេត្ត​តែ​ម្តង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ប្រាក់ ស៊ុនណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី ១៦​ឧសភា​។

នាយកដ្ឋាន​បេតិកភណ្ឌ នឹង​យក​វត្ថុ​បុរាណ​ទាំង​នោះ ទៅ​ធ្វើ​ការ​សិក្សា​លម្អិត​បន្ថែម​ទៀត ប៉ុន្តែ​បើ​តាម​ជំហាន​ដំបូង លោក​ប្រាក់ ស៊ុនណ្ណារ៉ា បាន​វាយ​តំលៃ​ថា វត្ថុ​បុរាណ​ទាំង​នោះ ប្រហែល​ជា​បាន​កសាង​ក្នុង​សតវត្ស​ទី ១១​ជាមួយ​នឹង​សំណង់​របស់​ប្រាសាទ​បាសែត ផ្ទាល់​តែ​ម្តង​។ វត្ថុ​បុរាណ​នេះ អាច​កសាង​ក្នុង​ចុង​រចនាបថ​ឃ្លាំង ដើម​រចនាបថ​បាពួន​។

សូម​រម្លឹក​បន្តិច​ថា ប្រាសាទ​បាសែត ជា​ប្រាសាទ​បុរាណ​ខ្មែរ ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​​ព្រះ​បាទ​សុរ្យវរ្ម័ន​ទី​១​។ ប្រាសាទ​បាសែត ជា​ស្ថាបត្យ​កម្ម​សតវត្ស​ទី​១១ សាង​ឡើង​ក្នុង​ឆ្នាំ​១០៣៦ និង ១០៤២​។ ប្រាសាទ​នេះ ស្ថិត​នៅ​លើ​ទី​ទួល​មួយ​ ដែល​មាន​ចំងាយ​ប្រមាណ ១៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ក្នុង​ភូមិ​បាសែត ឃុំ​តាប៉ុន ស្រុក​សង្កែរ ខេត្ត​បាត់ដំបង​។

បុរាណវិទូ បាន​ឲ្យ​ដឹង​ថា ការ​ដែល​វត្ថុ​បុរាណ​ទាំង​នេះ ត្រូវ​បាន​កប់​ជាមួយ​នឹង​គំនរ​ប្រាសាទ​បាក់​បែក ដោយសារ​តែ​មាន​បាតុភូត​គ្រោះ​ធម្មជាតិ ការ​បំផ្លាញ​ដោយ​សារ​សង្គ្រាម និង​ដោយសារ​មនុស្ស​។ ប៉ុន្តែបុរាណវិទូ បាន​ចាត់​ទុក​ថា កត្តា​ដែល​វត្ថុ​បុរាណ​ទាំង​នេះ កប់​រក​មិន​ឃើញ ក៏​ជា​ប្រយោជន៍​មួយ​ដែរ ព្រោះថា​ប្រសិន​បើ​នៅ​រាយប៉ាយ ប្រហែល​ជា​អាច​មាន​ឈ្មួញ​ទុច្ចរិត យក​ទៅ​លក់​ដូរ​នៅ​ក្រៅ​ប្រទេស​បាត់​ទៅហើយ​។

តាម​លោក​ប្រាក់ ស៊ុនណ្ណារ៉ា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម​ការងារ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ពេល​កំពុង​ប្រតិបត្តិការ​គម្រោង​ជួសជុល​ប្រាសាទ​។ ហើយ​ក្រោយ​ពី​បាន​រក​ឃើញ គេ​តែង​តែ​រាយការណ៍​ទៅកាន់​មន្ទីរ​វប្បធម៌​ខេត្ត ឬ​ បាន​បញ្ជូន​វត្ថុ​មាន​តំលៃ​ទាំង​នោះ ទៅ​ដាក់​នៅ​សារមន្ទីរជាតិ​។

គួរ​ជម្រាប​ជូន​ថា ក្នុង​គម្រោង​ជួសជុល​ប្រាសាទ​បាសែត​នេះ គឺ​ជា​ដំណាក់​កាល​ទី​២ ដែល​ជួសជុល​នៅ​កណ្តាល​ប្រាង្គ​ប្រាសាទ​បាសែត​។ គម្រោង​នេះ បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មាន​រយៈពេល​ពី​ចុង​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៦​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ