អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន-បេឡារុស

ជំនួបកំពូល​នៃ”សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី”

រសៀល​ថ្ងៃ​នេះ ក្នុង​វិមាន​ក្រេមឡាំង​នៅ​ម៉ូស្គូ​បើក​ធ្វើ​ជំនួប​កំពូល​នៃ​អង្គការ ​“សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី”​ ក្រោម​ប្រធានបទ​ស្តី​អំពី “អនាគត​នៃ​ដំណើរ​សមាហរ័ណកម្ម​ក្នុង​លំហ​សហគមន៍​រដ្ឋឯករាជ្យ”។ ក៏​ប៉ុន្តែ​សម្រាប់​រដ្ឋ​ខ្លះ​ដែល​ចូល​រួម គឺ​មាន​ក្តី​កង្វល់​រៀងៗ​ខ្លួន​ទេ​តើ៖ អ៊ុយក្រែន​ចង់​ឲ្យ​រុស្ស៊ី​បញ្ចុះ​ថ្លៃ​ឧស្ម័ន​ខ្ពស់​ជ្រុល​ដែល​រុស្ស៊ី​លក់​ឲ្យ​ខ្លួន ចំណែក​បេឡារុស គឺ​សង្ឃឹម​ឲ្យ​រុស្ស៊ី​ជួយ​ការពារ​ខ្លួន ទល់​នឹង​ការ​កំញើញ​បន្តឹង​ថែម​ទៀត ទណ្ឌកម្ម​ពី​ខាង​សហភាពអឺរ៉ុប ក្រោយ​ពី​បេឡារុស​ហ៊ាន​ប្រហារ​មែន ជីវិត​ពលរដ្ឋ​ខ្លួន​ពីរនាក់​ដែល​ជាប់​ទោស​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម។

ជំនួបកំពូលនៃ”សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី”
ជំនួបកំពូលនៃ”សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី”
ផ្សាយពាណិជ្ជកម្ម

ជា​បឋម អំពី “សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី” ដែល​ប្រសូត​មក​ក្នុង​ឆ្នាំ​២០០១ ហើយ​ដែល​បច្ចុប្បន្ន​មាន​៥ប្រទេស ជា​សមាជិក​ពេញសិទ្ធិ គឺ កាហ្សាកស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី បេឡារុស និង​តាហ្ស៊ិគីស្ថាន។ ចំណែក​៣ប្រទេស​ទៀត ពោល​គឺ អ៊ុយក្រែន អារមេនី ម៉ុលដាវី ជា​សមាជិក​សង្កេតការណ៍។ វា​ជា​អង្គការ​សេដ្ឋកិច្ច​អន្តរជាតិ​តាំង​គោលដៅ​បង្កើត​ឡើង​ជា​ព្រំប្រទល់​គយ​រួម ជា​នយោបាយ​សេដ្ឋកិច្ច​ក្រៅប្រទេស​រួម​សម្រាប់​ទីផ្សារ​រួម​របស់​ខ្លួន។ មុន​នឹង​ចេញ​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​២ថ្ងៃ​នៅ​រុស្ស៊ី គឺ​ដើម្បី​ចូលរួម​ក្នុង​ជំនួប​កំពូល​ថ្ងៃ​នេះ​ផង និង​ដើម្បី​ធ្វើ​កិច្ចចរចា​ជាមួយ​ថ្នាក់ដឹកនាំ​រុស្ស៊ី​នៅ​ថ្ងៃ​ស្អែក​ផង ជុំវិញ​បញ្ហា​តម្លៃ​ឧស្ម័ន លោក​ប្រធានាធិបតី​អ៊ុយក្រែន Viktor Yanukovich បាន​ថ្លែង​ទៅ ITAR-TASS ថា អ៊ុយក្រែន​មិន​អាច​បង់​តទៅ​ទៀត​ឡើយ ថ្លៃ​ឧស្ម័ន​ខ្ពស់​ម្ល៉ឹងៗ​ដែល​រុស្ស៊ី​លក់​ឲ្យ​ខ្លួន។

ជា​ការ​កត់សម្គាល់​ក្នុង​ត្រីមាសទី១​ឆ្នាំ​នេះ ឧស្ម័ន​ដែល​រុស្ស៊ី​លក់​ទៅ​អ៊ុយក្រែន គឺ​ថ្លៃ ៤១៦ដុល្លារ​ក្នុង១.០០០ម។ តាម​យោបល់​លោក​ប្រធានាធិបតី Viktor Yanukovich ថ្លៃ​ដែល​ត្រឹមត្រូវ គឺ​មិន​ត្រូវ​លើស​ពី ២៥០ ដុល្លារ​ឡើយ​ក្នុង ១.០០០ម។ តាម​សំដី​គាត់ ដោយ​មក​ពី​ថ្លៃ​ខ្ពស់​យ៉ាង​នេះ អ៊ុយក្រែន​បង់ខាត​ក្នុង​១ឆ្នាំៗ​ដល់​ទៅ ៣.៧០០លាន​ដុល្លារ។ ម៉ូស្គូ​តែង​ឆ្លើយ​ថា ខ្លួន​ត្រៀម​បញ្ចុះ​ថ្លៃ​ឧស្ម័ន បើ​អ៊ុយក្រែន​សុខចិត្ត​ច្របាច់​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​ខ្លួន Naftogaz ឲ្យ​ចូល​ជាមួយ​ក្រុមហ៊ុន​យក្ស​រុស្ស៊ី Gazprom ក្នុង​ន័យ​ឲ្យ​រុស្ស៊ី​លេប​តែ​ម្តង ឬ​មួយ​សុខចិត្ត​ចូល​មក​ក្នុង ”សហភាព​គយ” ដែល​ដំណើរការ​តាំង​ពី​ថ្ងៃទី១ មករា ឆ្នាំ២០១២​នេះ​មក ដោយ​មាន​រុស្ស៊ី បេឡារុស និង កាហ្សាកស្ថាន ជា​សមាជិក​ទៅ​ហើយ។ ប៉ុន្តែ​អ៊ុយក្រែន​ប្រកែក ពីព្រោះ​ខ្លួន ចាត់​ទុក​ជា​អាទិភាព គឺ​បង្កើត​ជា”តំបន់​នៃ​ពាណិជ្ជកម្ម​សេរី” ជាមួយ សហភាពអឺរ៉ុប​ដើម្បី​ក្នុង​អនាគត​ក្លាយ​ទៅ​ជា​សមាជិក​សហភាព​នេះ​តែ​ម្តង។

ចំណែក​បេឡារុស​ដែល​ប៉ុន្មាន​ថ្ងៃ​មុន បាន​ប្រតិបត្តិ​មែន ទោស​ប្រហារ​ជីវិត​លើ​ពលរដ្ឋ​ខ្លួន ២នាក់ គឺ​ញ៉ាំង​ឲ្យ​មាន​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង ពី​ខាង​សហភាព​អឺរ៉រុប​ដែល​ព្រមាន​ថា នឹង​មួល​ខ្ចៅ​បន្តឹង​ទណ្ឌកម្ម​ថែម​ទៀត ទៅ​លើ​របប​គ្រប់គ្រង​ផ្តាច់ការ​នៃ​លោក​ប្រធានាធិបតី Alexandre Loukachenko។ បេឡារុស ជា​ប្រទេស​តែ​មួយ​គត់​នៅ​អឺរ៉ុប​ដែល​បន្ត​បាញ់​សម្លាប់​មែន អ្នកទោស​ណា​ដែល​ជាប់​ទោស​ប្រហារ​ជីវិត។ រីឯ​ពលរដ្ឋ​២នាក់​នោះ ត្រូវ​បាន​តុលាការ​កាត់ទោស​បែប​នេះ គឺ​ចំពោះ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​មេត្រូ​ទីក្រុង Minsk កាល​ពី​ឆ្នាំ​មុន ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​១៥នាក់ និង​របួស​ជាង ៣០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ