អានតួអត្ថបទ
ចិន-ជប៉ុន

ភាពតានតឹង​បាន​កើត​ឡើង​ជា​ថ្មី​រវាង​ជប៉ុន និង​ចិន​ជុំវិញ​ទីប្រជុំកោះ​សេនកាគុ

ជា​ថ្មី​ម្តង​ទៀត ភាព​តានតឹង​បាន​កើត​មាន​រវាង​ចិន និង​ជប៉ុន​ជុំវិញ​ទីប្រជុំកោះ​សេនកាគុ។ នៅ​ថ្ងៃ​អង្គារ ទី២៣ មេសា​នេះ និង​បើ​យោងតាម​ឆ្មំាសមុទ្រ​ជប៉ុន មាន​នាវាឃ្លំាមើល​របស់​ចិន​ចំនួន ៨គ្រឿង​បាន​បើក​ចូល​ក្នុង​ដែនទឹក​ក្បែរ​ទីប្រជុំ​កោះ​សេនកាគុ។ លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Shinzo Abe បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ជនជាតិ​ចិន​ព្យាយាម​ឡើង​ទៅ​លើ​ទីប្រជុំកោះ​សេនកាគុ​នោះ ជប៉ុន​នឹង​ប្រើ​កម្លំាង​ដើម្បី​បណ្តេញ​ពួក​គេ​ចេញ​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ ភាព​តានតឹង​ថ្មី​នេះ​បាន​ផ្ទុះ​ឡើង ចំ​ពេល​ដែល​មាន​សមាជិក​សភា​ជប៉ុន​ប្រមាណ​ជា ១៧០នាក់​បាន​នំា​គ្នា​ទៅ​ទស្សនា​វិហារ Yasukuni ក្នុង​ទីក្រុង​តូក្យូ។

វត្តមាន​នាវាចម្បំាង​ចិន​នៅ​ក្នុង​ដែនទឹក​ក្បែរទីប្រជុំកោះ​សេនកាគុ ថ្ងៃ​ទី២៣ មេសា ឆ្នំា ២០១៣
វត្តមាន​នាវាចម្បំាង​ចិន​នៅ​ក្នុង​ដែនទឹក​ក្បែរទីប្រជុំកោះ​សេនកាគុ ថ្ងៃ​ទី២៣ មេសា ឆ្នំា ២០១៣ Reuters
ផ្សាយពាណិជ្ជកម្ម

តាម​ពិត​ទៅ វត្តមាន​យន្តហោះចម្បំាង នាវាចម្បំាង ឬ​មួយ​ក៏​នាវា​ឃ្លំាមើល​របស់​ចិន​នៅ​ក្នុង​ដែនទឹក​ក្បែរ​ទីប្រជុំកោះ​សេនកាគុ​ពេល​នេះ មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ មិន​ភ្ញាក់ផ្អើល​ព្រោះ​ថា ចិន​ធ្លាប់​តែ​បាន​ធ្វើ​ជា​រឿយៗ​កន្លង​មក ពិសេស តំាង​ពី​ក្រោយ​រដ្ឋាភិបាល​ជប៉ុន​បាន​ទិញ​យក​កោះ​មួយ​ចំនួន​ពី​ប្រជាជន​ខ្លួន​មក​ធ្វើ​ជា​សម្បត្តិ​របស់​រដ្ឋ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច​នា​ពេល​នេះ គឺ​វត្តមាន​នាវា​ចិន​ដ៏​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​រហូត​ដល់​ទៅ ៨គ្រឿង​នៅ​ពេល​នេះ។ ជា​ទូទៅ នាវា​របស់​ចិន​ស្ថិត​នៅ​ម្តុំ​នោះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​នឹង​ដក​ថយ​ចេញ​ទៅ​វិញ។ តែ​យ៉ាង​ណា​ក៏​ដោយ មិន​អាច​ធ្វើ​ឲ្យ​ជប៉ុន​ឈរ​ឱបដៃ​មើល​បាន​ទេ។

« យើង​ប្រឆំាង​ដាច់ខាត​នឹង​ទង្វើ​របស់​ចិន » នេះ​ជា​ប្រតិកម្ម​របស់​​លោក Yoshihide Suga អ្នកនំាពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចំា​ទីក្រុងតូក្យូ​ក៏​ត្រូវ​បាន​ក្រសួង​ការបរទេសជប៉ុន​កោះហៅ​ឲ្យ​ចូល​ជួប​ដែរ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​រដ្ឋសភា​ជប៉ុន លោក​នាយករដ្ឋមន្រ្តី Shinzo Abe ត្រូវ​បាន​ក្រុមសមាជិក​សភា​ចោទ​សួរ​ជុំវិញ​សំណួរ​ដែល​ថា បើ​មាន​ជនជាតិចិន​នំា​គ្នា​ឡើង​លើ​ទីក្រុងកោះ​សេនកាគុ​នោះ តើ​អ្វី​ទៅ ជា​វិធានការ​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ ?។ លោក Shinzo Abe បាន​ឆ្លើយ​ភ្លាម​ថា វា​ជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ជប៉ុន​ត្រូវ​តែ​ប្រើ​កម្លំាង​បណ្តេញ​ពួក​ទំាង​នោះ​ចេញ។ ដោយឡែក​ក្នុង​ថ្ងៃ​នេះ​ដែរ មាន​ចលនា​អ្នកជាតិនិយម​ជប៉ុន​មួយ​ក្រុម​បាន​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បញ្ជូន​ទូកនេសាទ​ចំនួន ៩គ្រឿង​ទៅ​កាន់​តំបន់​ក្បែរ​ទីប្រជុំកោះ​សេនកាគុ​ដើម្បី​ចូលរួម​ការពារ​បូរណភាព​ទឹកដី​របស់​ជប៉ុន។

គួរ​បញ្ជាក់​ជូន​ថា វត្តមាន​នាវា​ចិន​ដ៏​ច្រើន​សម្បើម​នៅ​ក្នុង​ដែនទឹក​ក្បែរ​ទីប្រជុំកោះ​សេនកាគុ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​មាន​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​ជប៉ុន​ប្រមាណ​ជា ១៧០នាក់​នៅ​ក្នុង​វិហារ Yasukuni ក្នុង​ទីក្រុង​តូក្យូ។ វិហារ Yasukuni ដែល​មាន​ដាក់​តំាង​រូបថត​សព​ទាហាន​ជប៉ុន​ប្រមាណ​ជា ២,៥លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​ដើម្បី​បុព្វហេតុជាតិ​ក្នុង​សម័យ​សង្រ្គាមលោក។ ក៏​ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ចិន និង​កូរ៉េ​ក្តៅក្រហាយ​ខ្លំាង​នោះ​នៅ​ត្រង់​ថា ក្នុង​ចំណោម​រូបថត​សាកសព​ទាហាន​ជប៉ុន​ទំាង​នោះ មាន ១៤រូប​ត្រូវ​បាន​តុលាការ​អន្តរជាតិ​កាត់ទោស​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម នៅ​ក្រោយ​សង្រ្គាម​លោក​លើកទី២។

នៅ​ថ្ងៃ​ចន្ទ ទី២២ មេសា​ម្សិលមិញ កូរ៉េ​ខាងត្បូង​ក៏​បាន​សម្រេច​​លុបចោល​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ខ្លួន​ទៅកាន់​ទីក្រុង​តូក្យូ ដើម្បី​ប្រឆំាង​នឹង​ដំណើរទស្សនកិច្ច​របស់​មន្រ្តី​ជាន់ខ្ពស់​ជប៉ុន ៣រូប ទៅ​កាន់​​វិហារ Yasukuni កាល​ពីចុងសប្តាហ៍​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ