អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​តុលាការ​​ពិសេស​​​​ក្រុងឡាអេ​​ បើក​សវនាការ​​កាត់ទោស​​កំបាំង​មុខ​ជនសង្ស័យ​​ធ្វើឃាត​​អតីត​​នាយករដ្ឋមន្ត្រី​​លីបង់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​ពិសេស​ក្រុងឡាអេ ប្រទេស​ហូឡង់ បាន​បើក​សវនាការ​កាត់ទោស​បុរស​​៤នាក់ ជាសមាជិក​ក្រុម​ឧទ្ទាម​អេស្បូឡា។ ពួកគេ​ជាប់ចោទ​ពីបទ​បង្ក​ភេរវកម្ម​ ​ធ្វើឃាត​អតីតនាយករដ្ឋមន្ត្រី​លីបង់ រ៉ាហ្វ៊ិក ហារីរី កាលពី​​ខែកុម្ភៈ ឆ្នាំ២០០៥ នៅក្រុងបេរូត។ ​អំពើភេរវកម្ម​​ក្រុង​បេរូត ​ថ្ងៃ​១៤កុម្ភៈ​ឆ្នាំ២០០៥ ​ក៏បាន​សម្លាប់​មនុស្ស​២២នាក់ផ្សេងទៀត​​ដែរ។ នៅលីបង់​ថ្ងៃព្រហស្បតិ៍​នេះ​ដែរ មនុស្ស​២នាក់​បានស្លាប់ និង​១៥នាក់​ទៀតរបួស ក្នុង​ភេរវកម្ម​បំផ្ទុះរថយន្ត​មួយ នៅ​​មុខ​ទីស្នាក់ការ​រដ្ឋាភិបាល​លីបង់ មួយកន្លែង នៅហ៊ែរមេល ភាគខាងកើត​ប្រទេស។ ទីនោះ​ជាជម្រក​របស់​ក្រុមអេស្បូឡា។​

ជនសង្ស័យ​ទាំង៤រូប​ ជាប់ចោទ​ថា​បានធ្វើឃាត​អតីតនាយករដ្ឋមន្ត្រី​លីបង់ ហារីរី ជាសមាជិក​​ក្រុមឧទ្ទាម​​អេស្បូឡា។
ជនសង្ស័យ​ទាំង៤រូប​ ជាប់ចោទ​ថា​បានធ្វើឃាត​អតីតនាយករដ្ឋមន្ត្រី​លីបង់ ហារីរី ជាសមាជិក​​ក្រុមឧទ្ទាម​​អេស្បូឡា។ REUTERS/Special Tribunal for Lebanon
ផ្សាយពាណិជ្ជកម្ម

១- តាមធម្មតា​ តុលាការ​ក្រុងឡាអេ​បើកសវនាការ​កាត់ទោស​តែ​រឿងដែលពាក់ព័ន្ធ​បទឧក្រិដ្ឋ​សង្គ្រាម រឺ​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្ស​ជាតិទេ។ ហេតុអ្វីបានជា​នៅថ្ងៃនេះ​ តុលាការ​ក្រុងឡាអេ ​​បើកសវនា​ការ​កាត់ទោស​ជនជាប់ចោទ​ពីបទ​ភេរវកម្ម​ទៅវិញ?

នេះ​ជាលើកទី១​ហើយ ក្នុង​ប្រវត្តិសាស្ត្រ​ច្បាប់ ដែល​​​តុលាការ​អន្តរជាតិ​ក្រុងឡាអេ បើកសវនា​ការ​កាត់ទោស​ជនជាប់ចោទ​ ទាក់ទង​​​អំពើភេរវកម្ម​នយោបាយ។ ​​​តុលាការ​ឡាអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ជាតុលាការ​ពិសេស​សម្រាប់​ប្រទេស​លីបង់ ជាតុលាការ​​​អង្គការ​សហប្រជាជាតិ​ ស្របតាម​សេចក្តី​លេខ​ ​១៧៥៧ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ដែល​បាន​បោះឆ្នោត​កាលពី​ឆ្នាំ២០០៧។ តុលាការ​នេះ​កើតឡើង ដោយ​មានការយល់ព្រមពី​រដ្ឋាភិបាល​លីបង់ កើតឡើង​ក្រោយ​ភេរវកម្ម​សម្លាប់​លោក ហារីរី អតីត​នាយករដ្ឋមន្ត្រី​លីបង់។ គួរបញ្ជាក់ថា ប្រសិន​បើ​គ្មានការ​យល់ព្រម​ពី​រដ្ឋាភិបាល​លីបង់​​ទេ នោះតុលាការ​ឡាអេ​គ្មានសិទ្ធិ​សម្រេច​កាត់ទោស​​ជនឧក្រិដ្ឋ​​ដោយខ្លួនឯង​​ឡើយ។ ​
អ្វី​ដែល​ពិសេស​សម្រាប់​តុលាការ​ឡាអេនៅពេលនេះដែរ​ គឺថា​ តុលាការ​ឡាអេ​គ្មាន​សិទ្ធិ​​ដាក់ទោស​​ប្រហារជីវិត រឺ​ក៏​ដាក់ទោស​ជនឧក្រិដ្ឋ​អោយធ្វើការក្នុង​ជំរំ​លត់ដំ​នោះទេ។

២-តុលាការឡាអេ​កាត់ទោស​ភេរវកម្ម​​នៅ​លីបង់ បង្កើតឡើង​ដោយ​មានការ​យល់ព្រម​ពី​រដ្ឋាភិបាល​លីបង់។ អញ្ចឹង​មានន័យថា រដ្ឋាភិបាល​លីបង់​ខ្លួនឯង​ផ្ទាល់​គ្មានសមត្ថភាព​ស៊ើបអង្កេត​ភេរវកម្ម​ទេ​ រឺក៏យ៉ាងម៉េច បាន​ជា​រហូត​ដល់ថ្នាក់​ត្រូវ​ឆ្លងកាត់​តុលាការ​អន្តរជាតិ​បែបនេះទៅវិញ ?

នេះ​ជារឿង​រ៉ាវ​ស្មុគស្មាញ​សម្រាប់​រដ្ឋាភិបាល​ក្រុងបេរូត។ យើងឃើញថា​ ជន​ជាប់ចោទ​​ទាំង​៤នាក់ នៅពេលនេះ​ ជាសមាជិក​ក្រុម​ឧទ្ទាម​អ៊ីស្លាម​អេស្បូឡា។ ជនទាំង៤នាក់​នេះ គ្មាន​វត្តមាន​ក្នុង​សវនាការ​​ថ្ងៃនេះ​ទេ។ ជនទាំង៤នាក់ នៅតែ​គេច​ខ្លួនបាត់​ដដែល។ ក្រុមឧទ្ទាម​អេស្បូឡា បាន​បដិសេធ​មិនប្រគល់​​សមាជិក​ខ្លួន​ទាំង៤នាក់នេះអោយ​​តុលាការ​ក្រុងឡាអេ​កាត់ទោស​ទេ។ ហើយ​នៅមាន​សមាជិក​អេស្បូឡា​ទី៥ទៀត ដែល​បានទទួល​ដីកា​ចាប់ខ្លួន ពីបទ​បង្កភេរវកម្ម​ធ្វើឃាត​អតីតនាយករដ្ឋមន្ត្រី​ហារីរីនេះដែរ។ តែ​សមាជិក​អេស្បូឡា​ទាំង៥នាក់ នៅតែ​បន្តគេច​ពី​សំណាញ់ច្បាប់។ ក្រុមអេស្បូឡា បដិសេធ​តាំងតែ​ពីដំបូងទី​ម្ល៉េះ ថា​ខ្លួន​មិនបានបង្ក​អំពើភេរវកម្ម​កាលពី​ខែកុម្ភៈ​ឆ្នាំ២០០៥នោះទេ។ ហើយ​បាន​ទំលាក់​កំហុស​លើអ៊ីស្រាអែល​ទៅវិញទេ។

អ្វី​ដែល​​ស្មុគស្មាញ​​​​នោះ​ គឺថា​ប្រទេស​លីបង់​​កំពុង​រ​ង​ការប្រេះស្រាំ បែកបាក់​​ជា២បក្សពួក រវាង​សកម្មជន​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត បែបយ៉ាង​កូនប្រុស​របស់​អតីតនាយករដ្ឋមន្ត្រី​ដែល​ត្រូវគេធ្វើឃាត ហារីរី​នោះ និង​អ្នកកាន់និកាយ​ស៊ីអ៊ីត ដូចជា​ពួកឧទ្ទាម​អេស្បូឡា​នេះឯង។ ​​និកាយ​សាសនា​ទាំងពីរនេះ ធ្លាប់​​ធ្វើសង្គ្រាម​ប្រយុទ្ធ​គ្នាដល់ទៅ​​១៥ឆ្នាំ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ​១៩៩០។​ ក្រោយ​លោក​រ៉ាហ្វ៊ិក ហារីរី ត្រូវ​បាន​ស្លាប់​ក្នុង​ភេរវកម្មភ្លាម​​​ គ្រួសារ​លោក​ហារីរី បានចោទ​រដ្ឋាភិបាល​ស៊ីរីដែលគាំទ្រ​ដោយ​ក្រុម​អេស្បូឡា​​​ ​ថា​ជាអ្នកធ្វើឃាត​​លោកហារីរី។ គួររំលឹកថា ដោយសារ​​​រឿងរ៉ាវសម្លាប់​លោកហារីរី នៅ​ឆ្នាំ២០០៥​នោះ កងទ័ពស៊ីរី​ដែល​មានវត្តមាន​នៅលីបង់ ដើម្បី​ទប់ស្កាត់​ប្រធានាធិបតី​អេមីល ឡាហ៊ូត មិនអោយ​បន្ត​អាណត្តិ​ខ្លួន​បានយូរអង្វែង​នោះ ត្រូវបាន​ដក​ចេញ​ពី​ទឹកដី​លីបង់ តាមការអំពាវនាវ​របស់​បារាំង​និង​អាមេរិក។

ក្នុង​រឿង​ឃាតកម្ម​លោកហារីរី​នេះ សកម្មជន​និកាយ​ស៊ុននីតដែល​គាំទ្រ​លោកហារីរី​ បាន​ចោទ​ទៅ​លើ​ក្រុមអេស្បូឡា ហើយ​ចោទ​​ទៀត​ថា ក្រុមអេស្បូឡា​នេះ​ក៏បាន​បង្កភេរវកម្ម​សម្លាប់​អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាលពី​ចុងឆ្នាំ២០១៣​កន្លងទៅដែរ។ ដោយឡែក​ ក្រុមអេស្បូឡា និកាយ​ស៊ីអ៊ីត ​ចោទ​អ៊ីស្រាអែល​ ថា​ជាអ្នកនៅពីក្រោយ​អំពើ​ភេរវកម្ម​​សម្លាប់​លោក​ហារីរី។ ​រដ្ឋាភិបាលលីបង់​បច្ចុប្បន្ន​ ​​ដឹកនាំ​ដោយ​​​នាយករដ្ឋមន្ត្រី​ណាជីប មីកាទី ជាអ្នកកាន់​និកាយ​ស៊ុននីត។ ដូច្នេះ រាល់​ការបែកបាក់​និកាយ​សាសនា​ និង​ការ​ចោទ​ប្រកាន់​​ស្មុគស្មាញ​ទាំងអស់នេះ មិនអាច​អោយ​រដ្ឋាភិបាលលីបង់​ស៊ើបអង្កេត​ភេរវកម្ម​បាន​ស្រួល​នោះឡើយ ទើបបាន​ជា​សុំអោយ​មាន​តុលាការ​អន្តរជាតិ​ឡាអេ​កាត់ទោស​ដូច្នេះ។ សវនាការ​តុលាការ​ក្រុងឡាអេ ក៏ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​នយោបាយ​លីបង់​ផងដែរ។

៣-​សវនាការ​កាត់ទោស​កំបាំង​មុខ​ថ្ងៃ​នេះ គឺ​ដើម្បីវាយប្រហារ​ក្រុមអេស្បូឡា រឺក៏យ៉ាងណា ព្រោះថា ជនជាប់សង្ស័យ​ទាំង៤នាក់ រួម​ទាំង​ជនទី៥​នោះ គឺ​សុទ្ធ​តែ​ជាសមាជិក​ក្រុម​អេស្បូឡា និកាយ​ស៊ីអ៊ីត?

ការកកើត​តុលាការ​ក្រុងឡាអេ បានបង្ក​ភាព​ចម្រូងចម្រាស​នៅលីបង់។ ក្រុមអេស្បូឡា​ចោទ​​តុលាការ​នេះថា ចេញ​មកពី​ការឃុបខិត​រវាង​​អ៊ីស្រាអែល​និង​អាមេរិក ប្រឆាំង​សមាជិក​ក្រុម​អេស្បូឡា។ ទោះបែបនេះ​ក្តី ​លោកនរម៉ាន់ ហ្វារែល ជា​រដ្ឋអាជ្ញាទូទៅ​ក្នុងតុលាការឡាអេ​​​ ប្រាប់​ថា សវនាការ​ថ្ងៃ​នេះ​មិនមែនប្រឆាំង​ក្រុមអេស្បូឡា​​ទេ តែ​គឺ​ប្រឆាំង​​នឹង​ទង្វើ​ដែល​ចោទ​លើ​ជន​ជាប់ចោទ​ទាំងនេះ។

ក្រុមអេស្បូឡា​ធ្លាប់​បាន​ស្នើ​ផ្តល់ភស្តុតាងដល់​តុលាការ​ឡាអេ ​បញ្ជាក់ថា អ៊ីស្រាអែល​បាន​បង្កភេរវកម្ម​សម្លាប់​អតីតនាយករដ្ឋមន្ត្រី​លីបង់។ ការ​ស៊ើប​អង្កេតរបស់​តុលាការ​​ ​នៅ​​បន្តធ្វើ​នៅឡើយ​ ថ្វីបើ​មានសវនាការ​ថ្ងៃ​នេះក្តី។ ដោយឡែក​ ដោយ​ក្រុម​អេស្បូឡា​ចោទ​អ៊ីស្រាអែល ហើយ​​​គ្រួសារ​លោកហារីរី​ចោទ​លើ​រដ្ឋាភិបាល​ស៊ីរី​នោះ ជនសំខាន់ៗ​មួយចំនួន​ប្រហែល​​អាចពាក់ព័ន្ធ​​នឹង​​​អំពើភេរវកម្មធ្វើឃាត​លោក​ហារីរី​នេះដែរ។ ទោះជា​តុលាការ​ក្រុងឡាអេ​​សម្រាប់លីបង់​ បាន​បង្កើតច្រើនឆ្នាំ​មកហើយ ដើម្បី​រកចម្លើយច្បាប់​សម្រាប់អំពើភេរវកម្ម​ ​ភេរវកម្ម​ជាច្រើន​​​នៅតែ​បន្ត​​ញាំញី​លីបង់​ដដែលជា​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ