អានតួអត្ថបទ
លីបង់-អ៊ីរ៉ង់

ស្លាប់យ៉ាងហោច​​២៣នាក់​​ ក្នុង​​ភេរវកម្ម​​ពីរផ្ទួនគ្នា​​​​ នៅមុខ​​ស្ថានទូត​​អ៊ីរ៉ង់​​ក្រុង​បេរូត​​

នៅប្រទេស​លីបង់ នៅថ្ងៃ​អង្គារ​នេះ មានមនុស្ស​យ៉ាងហោច​​២៣នាក់ បានស្លាប់ និង​ជិត​១៥០នាក់ទៀត​រងរបួស ​ក្នុង​ភេរវកម្ម​​​ផ្ទួនគ្នា​ពីរ នៅមុខ​ស្ថានទូតអ៊ីរ៉ង់​​ ក្នុង​ក្រុងបេរូត។ ​ទីប្រឹក្សា​វប្បធម៌​ជនជាតិ​អ៊ីរ៉ង់ ជាអ្នកការទូត​​ម្នាក់ផងដែរ ដែល​លឺថា​ស្លាប់​កាលពី​ដំបូង​នោះ នៅ​មានជីវិត​នៅឡើយទេ។ ក្រុមឧទ្ទាម​ជីហាដ​មួយក្រុម​​ដែល​ជាប់ពាក់ព័ន្ធ​នឹង​​បណ្តាញ​អ៊ីស្លាម​និកាយ​ស៊ុននីត​អាល់កៃដា បាន​ចេញមុខ​ប្រកាស​ថា ខ្លួន​បាន​បង្ក​អំពើ​ភេរវកម្ម​ទាំងនេះ។ ដោយឡែក អ៊ីរ៉ង់បាន​ចោទ​អ៊ីស្រាអែល ថា​បានផ្តួចផ្តើម​អំពើភេរវកម្ម​​នៅមុខស្ថានទូត​ខ្លួន។

ទិដ្ឋភាព​មុខស្ថានទូត​អ៊ីរ៉ង់​ក្រុងបេរូត បន្ទាប់ពី​មាន​​អំពើ​ភេរវកម្ម ​ថ្ងៃអង្គារ ១៩វិច្ឆិកា​នេះ
ទិដ្ឋភាព​មុខស្ថានទូត​អ៊ីរ៉ង់​ក្រុងបេរូត បន្ទាប់ពី​មាន​​អំពើ​ភេរវកម្ម ​ថ្ងៃអង្គារ ១៩វិច្ឆិកា​នេះ Hasan Shaaban. Reuters
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារនេះ នៅមុខ​ស្ថានទូត​អ៊ីរ៉ង់​ ក្នុង​ក្រុង​បេរូត ក្នុង​ភេរវកម្ម​ទីមួយ​ ជន​អត្តឃាត​មួយរូប​បាន​ជិះម៉ូតូ​មួយគ្រឿង ធ្វើអោយ​ម៉ូតូ​ផ្ទុះឡើង។ តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់​ពីការផ្ទុះ​ម៉ូតូ​នេះ ​​រថយន្តមួយគ្រឿង​​​នៅ​៣០ម៉ែត្រ​ពីនោះ បានផ្ទុះ​ឡើងផងដែរ។ យោងតាម​អ្នកទទួលខុសត្រូវ​សន្តិសុខ​ម្នាក់ អំពើ​ភេរវកម្ម​ទាំងពីរ​នេះ ប្រហែល​ជា​ចង់​វាយប្រហារ​ស្ថានទូត​អ៊ីរ៉ង់នេះតែម្តង។ ជាសំណាងល្អ លោក ហ្កាន់ដាន់ហ្វារ រ៉ូកុង អាបាឌី ជា​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​នៅលីបង់​ បាន​រួច​ផុតពី​គ្រោះថ្នាក់​នេះ។

ភេរវកម្ម​ថ្ងៃ​អង្គារនេះ បាន​កើតឡើង​នៅ​ក្នុង​សង្កាត់​ បៀ ហាសាន ភាគខាងត្បូង​ក្រុង។ ទីនោះ​សំបូរ​ដោយ​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត​រស់នៅ ហើយ​ក៏​ជា​ជម្រក​របស់​ក្រុមអេស្បូឡា​ស៊ីអ៊ីត​ផងដែរ។ ក្រុមអេស្បូឡា ជា​​ក្រុម​តស៊ូនៅស៊ីរី ជួយ​​ប្រធានាធិបតីស៊ីរី បាស្ហា អាល់ អាសាដ ប្រយុទ្ធ​ក្រុមឧទ្ទាម​ស៊ីរី។ ហើយ​ស៊ីរី​នេះទៀតសោត ជា​សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់។

អំពើភេរវកម្ម​ទាំងនេះ​ ជា​អំពើភេរវកម្ម​ទី៣ហើយ​ដែល​បាន​វាយ​ប្រហារ​ជម្រក​ក្រុមអេស្បូឡា។ ក្រុមឧទ្ទាម​ជីហាដ​មួយក្រុម​​​​ជាប់ពាក់ព័ន្ធ​នឹង​​បណ្តាញ​អ៊ីស្លាម​និកាយ​ស៊ុននីត​អាល់កៃដា បាន​ចេញមុខ​ប្រកាស​ក្នុង​គេហទំព័រ​ទ្វីតថឺ ថា ខ្លួន​បាន​បង្ក​អំពើ​ភេរវកម្ម​ទាំងនេះ។ ក្រុម​នេះបានព្រមាន​ថា ដរាបណា​ក្រុមអេស្បូឡា​​និកាយស៊ីអ៊ីត បន្ត​ការតស៊ូ​នៅ​ស៊ីរី នោះ​អំពើភេរវកម្ម​នឹងនៅតែ​បន្ត​កើតមាន​នៅលីបង់ជានិច្ច។ ​

​បារាំង​បានចេញមុខ​ថ្កោលទោស​អំពើភេរវកម្ម​ទាំងពីរ​នេះ។ បារាំង​បន្តគាំទ្រ​លីបង់​ក្នុង​ការ​បង្រួបបង្រួមជាតិ រវាង​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត និង​ស៊ីអ៊ីត។ ស៊ីរី​ក៏បាន​ថ្កោលទោស​អំពើ​ភេរវកម្ម​នេះដែរ។ ​រដ្ឋាភិបាល​ស៊ីរី​បាន​លើកឡើងថា ចំហាយ​ប្រេងដុល្លារ​​បាន​សាយភាយ​ចេញពីគ្រប់​សកម្មភាព​ភេរកម្ម​ដែល​វាយប្រហារ ​ស៊ីរី លីបង់ និង​អ៊ីរ៉ាក់។ តាមរយៈ​ការលើកឡើង​នេះ​ រដ្ឋាភិបាល​លោកអាសាដ ប្រហែល​​​ចង់សំដៅ​​ទៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត និង​កាតា ដែល​ជា​ប្រទេសគាំទ្រ​ក្រុមឧទ្ទាម។

ដោយឡែក អ៊ីរ៉ង់​បាន​ទំលាក់​ការទទួលខុសត្រូវ​ទៅ​លើអ៊ីស្រាអែល ដោយ​ចោទថា​ អ៊ីស្រាអែល​​​បាន​ផ្តួចផ្តើម​​អំពើភេរវកម្ម​នៅថ្ងៃ​អង្គារនេះ។ ប៉ុន្តែ​ អ៊ីស្រាអែល​បាន​បដិសេធ​ការចោទប្រកាន់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ