អានតួអត្ថបទ
កម្ពុជា

កម្ពុជា​រក​ឃើញ​ជំងឺ​ផ្តាសាយ​បក្សី​កើត​លើ​មនុស្ស​ ៣​ករណី​ថ្មី​ ដែល​​២នាក់​​ស្លាប់​

ជំងឺ​ផ្តាសាយ​បក្សី​៣​ករណី​ ដែល​ឆ្លង​ទៅ​លើ​មនុស្ស ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សប្តាហ៍​នេះ ​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​ក្នុង​ចំណោម​ករណី​នោះ មាន​២​ករណី​បាន​ស្លាប់​រួច​ទៅ​ហើយ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា ករណី​ជំងឺ​ផ្តាសាយ​បក្សី​នៅ​តែ​ជា​ការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​កម្ពុជា ដែល​ក្នុង​នោះ​កុមារ​ គឺ​ជា​មុខ​សញ្ញា​គ្រោះថ្នាក់​ជាង​មនុស្ស​ធំ។ លោក​រដ្ឋ​មន្ត្រី​បាន​អំពាវនាវ​ដល់​ឪពុក​ម្តាយ​ អោយ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សុខភាព​កូនៗ​របស់​ពួក​គេ។

រូបភាព​នៃ​វីរុស​ H5N1(ពណ៌​ត្នោត) ដែលបង្ក​អោយ​មាន​​គ្រុន​ផ្តាសាយ​បក្សី​
រូបភាព​នៃ​វីរុស​ H5N1(ពណ៌​ត្នោត) ដែលបង្ក​អោយ​មាន​​គ្រុន​ផ្តាសាយ​បក្សី​ REUTERS
ផ្សាយពាណិជ្ជកម្ម

បុរស​អាយុ​ ៣៥ឆ្នាំ​​ម្នាក់ រស់​នៅ​ស្រុក​គង​ពិសី​ខេត្ត​កំពង់ស្ពឺ និង​កុមារី​អាយុ​១៥​ឆ្នាំ​ម្នាក់ ​មក​ពីស្រុក​ព្រៃ​កប្បាស​ខេត្ត​តាកែវ​ បាន​ស្លាប់​កាល​ពី​ថ្ងៃទី​២១​មករា​សប្តាហ៍​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី H5N1។ ករណី​ស្លាប់​ទាំងពីរ​បាន​ស្ថិ​ត​នៅ​ក្នុង​ចំណោម​៣​ករណី​នៃ​ការ​រក​ឃើញ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ ដែល​ឆ្លង​មក​លើ​មនុស្ស​នៅ​ក្នុង​ខែ​មករា​នេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ព័ត៌មាន​ខាង​លើ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា។

 

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​សរសេរ​ថា ករណី​ទី​៣​នោះ បាន​កើត​នៅ​លើ​​កុមារ​​អាយុ​​៨​​ឆ្នាំ ​​រស់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​នេះ។ ហើយ​​កុមារ​​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ។ ក្រោយ​ការ​តាម​ដាន​ប្រវត្តិ​អ្នក​ជំងឺ​ ទើប​គេ​ដឹង​ថា អ្នក​ជំងឺ​សុទ្ធ​តែ​មាន​ទំនាក់ទំនង ​ជាមួយ​ហ្វូង​សត្វ​ស្លាប ឬ​បក្សី​នានា មុន​នឹង​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ។

 
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នោះ លោក ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់​ថា មេរោគ​ផ្តាសាយ​បក្សី​ នៅ​តែ​ជា​ការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​គឺ​ជា​ករណី​ដែល​បាន​កើត​ចំពោះ​មនុស្ស ​នៅ​ក្នុង​ឆ្នាំ​នេះ ហើយថា​កុមារ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ងាយ​រងគ្រោះ​ជាងគេ។ លោក​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​បាន​អំពាវនាវ​អោយ​ឪពុកម្តាយ និង​អាណាព្យាបាល​ទាំងឡាយ​ មិន​អោយ​យក​ក្មេង​ទៅ​ជិត​ទី​កន្លែង​ចិញ្ចឹម​សត្វ​មាន់​ទា និង​សត្វស្លាប​នានា ហើយ​អោយ​ពួកគេ​ឧស្សាហ៍​លាង​ដៃ​កូនៗ​របស់​ពួកគេ។

សេចក្តី​ប្រកាស​ព័ត៌មាន ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ទាំង​៣​ករណី​ហើយ ដើម្បី​តាម​ដាន​និង​ស្រង់​យក​វត្ថុ​សំណាក ​ពី​ក្រុម​មនុស្ស​សង្ស័យ​ដែល​បាន​រស់​នៅ និង​ប៉ះពាល់​អ្នក​ជំងឺ។ រាប់​ទាំង​ករណី​ចុង​ក្រោ​យ​នេះ នៅ​កម្ពុជា​មាន​មនុស្ស​២៤​នាក់​ហើយ ​ដែល​បាន​ឆ្លង​មេរោគ​ផ្តាសាយ​បក្សី ហើយ​ក្នុង​ចំណោម​នោះ ២១​នាក់​បាន​ស្លាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ