អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​ក្រុងGaziantep​​តួកគី៖​ លោក​អ៊ែរដូហ្កាន​សង្ស័យ​លើ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅតួកគី ​​តួលេខ​អ្នកស្លាប់​ក្នុង​​ភេរវកម្មក្រុងហ្កាស្យានតេប Gaziantep ភាគអាគ្នេយ៍ ​យប់​ថ្ងៃសៅរ៍​ម្សិលមិញ បានកើន​ដល់​៥០នាក់។ ភេរវកម្ម​យប់មិញ កើតឡើង ​ក្នុង​ពិធី​​អាពាហ៍ពិពាហ៍​​សហហគមន៍​គួដឌីស្ថាន ​កើតឡើង​​តែ​​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយ​នាយករដ្ឋមន្ត្រី​តួកគី​ប្រកាស​ថា តួកគី​ចង់​​ចូលរួម​ដោះស្រាយ​វិបត្តិ​ស៊ីរី​ អោយ​កាន់តែ​​សកម្ម​​ជាងមុន។

ឡានសង្គ្រោះ​ទៅដល់​កន្លែង​ភេរវកម្ម​នៅ​​Gaziantep យប់ថ្ងៃ​២០សីហា ២០១៦។
ឡានសង្គ្រោះ​ទៅដល់​កន្លែង​ភេរវកម្ម​នៅ​​Gaziantep យប់ថ្ងៃ​២០សីហា ២០១៦។ AFP
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​​អ៊ែរដូហ្កាន សង្ស័យថា ក្រុម​ជីហាត​រដ្ឋអ៊ីស្លាមជា​អ្នកបង្ក​ភេរវកម្មនេះ។ លោក​អ៊ែរដូហ្កាន​បាន​ឆ្លៀត​​បញ្ចូល​​ក្រុម​​លោក​ហ្គូឡិន ដែល​តួកគី​ចោទថា ជា​មេក្លោង​​រដ្ឋប្រហារ​មិនបាន​​សម្រេច​ថ្ងៃ​១៥កក្កដា ទៅក្នុង​ប្រភេទ​តែមួយ​ជាមួយ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម។ លោកអ៊ែរដូហ្កាន​ថា​ គ្មានអ្វីខុសគ្នា​រវាង​ក្រុម​លោក​ហ្គូឡិន ក្រុម​បក្ស​ការងារ​គួដឌីស្ថាន​ហៅកាត់​ថា PKK និង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាមទេ។

ហេតុផល​នាំ​អោយ​​ប្រធានាធិបតី​តួកគី​​​សង្ស័យ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម

ប៉ុន្មានខែ​ចុងក្រោយ​នេះ ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​បាន​បង្កើន​ការវាយប្រហារ​នៅ​​តួកគីច្រើន។ ជាក់ស្តែង​​​​ យើងឃើញ​​មាន​ភេរវកម្ម​នៅ​អាកាសយានដ្ឋាន​អ៊ីស្តង់ប៊ូល កាលពីខែមិថុនា​ ដែល​បាន​សម្លាប់​មនុស្ស​៤៤នាក់។ ត្បិតថា ភេរវកម្ម​នេះ​រួមទាំង​ភេរវកម្ម​ផ្សេងៗទៀត មិនត្រូវបាន​​ក្រុម​រដ្ឋអ៊ីស្លាម​ប្រកាស​​ផ្លូវការ​ថា ជា​ស្នាដៃ​ក្រុមខ្លួន ក៏​ក្រុមនេះ​មិនបាន​បដិសេធ​ការ​ចោទ​ប្រកាន់​​ដែរ។​

មូលហេតុ​មួយទៀត ​ភេរវកម្ម​នៅតួកគី​យប់មិញ​ កើតឡើង​នៅ​ភាគអាគ្នេយ៍ នៅ​ក្រុង​ហ្កាស្យានតេប ជាប់ព្រំដែន​ជាមួយ​ស៊ីរី។ ​​ជនភៀសខ្លួន​ស៊ីរី ដែល​គេច​ហិង្សា​សង្គ្រាមជាង៥ឆ្នាំ​មកនេះ ក៏បាន​​នាំគ្នា​ភៀស​​ចូល​​កាត់តាម​ក្រុង​ហ្កស្យានតេប ណៅ​តួកគី​​នេះដែរ។ ក្រៅពី​មាន​ជនភៀសខ្លួន និង​ក្រុមប្រឆាំង​គួដឌីស្ថាន ​តំបន់​ហ្កាស្យានតេប​​ក៏​អាច​​​​សំបូរ​​​ក្រុមជីហាត​ច្រើន​ផ្តុំគ្នា​នៅ​ដែរ។ នេះហើយ​ជា​បញ្ហា​ក្តៅ។

អ្នកកាសែត​មួយរូប​​ដែល​បាន​ទៅដល់​ហា្កស្យានតេប ប្រាប់​ថា ​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​មាន​សកម្មជន​​ខ្លួន​ខ្លះៗ នៅ​ហ្កាស្យានតេប​។ ​ ម្ល៉ោះហើយ ទើប​លោក​អ៊ែរដូហ្កាន​ហ៊ាន​សង្ស័យ​ក្រុម​ភេរវជន​​រដ្ឋអ៊ីស្លាម ថា​ធ្វើភេរវកម្ម​យប់មិញនេះ។

មូលហេតុ​សំខាន់​មួយទៀត​គឺថា ​ភាគអាគ្នេយ៍​តួកគីសំបូរ​សហគមន៍​គួដឌីស្ថាន​រស់នៅ។ នៅ​ស៊ីរី​ក្បែរនោះ កងកម្លាំង​គួដឌីស្ថាន ជា​មិត្ត​អាមេរិក បាន​ប្រយុទ្ធ​​ស្វិតស្វាញ​ប្រឆាំង​ក្រុម​ជីហាត​​រដ្ឋអ៊ីស្លាម។ ដូច្នេះ សហគមន៍​គួដឌីស្ថាន​ជា​សត្រូវ​សំខាន់​របស់​​ក្រុមភេរវជន​​រដ្ឋអ៊ីស្លាម​​ដែរ។ ទាំងនេះ​សុទ្ធតែ​ជាមូលហេតុ​ដែល​អាច​អោយគេ​ចោទ​ក្រុមរដ្ឋអ៊ីស្លាម​ ថា​បង្កភេរវកម្ម​​យប់មិញ​នេះ។

លោកអ៊ែរដូហ្កាន​លើកឡើងដែរ​​ថា ​ភេរវកម្ម​យប់មិញ ធ្វើឡើង​ក្នុងទិសដៅ​ធ្វើអោយ​សហគមន៍​​​ជាតិ​ពិន្ធុ​ផ្សេងៗ​នៅ​តួកគី ជួបភាព​តានតឹង​នឹងគ្នា។

ភេរវកម្ម​នៅ​ហ្កាស្យាតេប​ ក៏អាច​មា​នហេតុផល​​ពាក់ព័ន្ធនយោបាយ​​​​ស៊ីរី​​ដែរ
ថ្ងៃសៅរ៍​ម្សិលមិញ ​​ប៉ុន្មាន​ម៉ោង​មុនភេរវកម្ម​​ ​​នាយករដ្ឋមន្ត្រី​តួកគី ប៊ីណាលី យីលឌីរីម បាន​​ប្រកាស​ថា តួកគី​ចង់​​ដើរតួនាទី​កាន់តែ​សកម្ម​ក្នុង​ដំណោះស្រាយ​ជម្លោះ​ស៊ីរី។

តួកគី​តែង​មា​នជំហរ​ប្រឆាំង​លោក​អាសាដ​ នៅ​ស៊ីរី ជានិច្ច។ តែ​ម្សិលមិញ ​នាយករដ្ឋមន្ត្រី​​យីលឌីរីម ​​​​​ហាក់​ចង់​លំអៀង​ទៅ​រក​លោកអាសាដ​វិញ។ លោក​យីលឌីរីម ​លើកឡើង​ថា ​ទោះជា​​តួកគី​មិនពេញចិត្ត​លោក​អាសាដ ក៏បច្ចុប្បន្ន​នេះ លោក​អាសាដ​ជា​តួអង្គ​សំខាន់មួយ​ក្នុង​សង្គ្រាមស៊ីរី ហើយ​តួកគិ​ប្រហែល​អាច​​និយាយ​ជាមួយ​លោក​អាសាដ ពី​​នយោបាយ​អន្តរកាល​ស៊ីរី។

ពាក្យ​ទាំងនេះ អាច​អោយ​គេគិតថា តួកគី​កំពុង​លំអៀង​ទៅរក​លោក​អាសាដ ​​ហើយ​អាច​នឹង​គាំទ្រ​លោក​អាសាដ​វិញក៏ថាបាន។ ដោយសារ​ប្រទេស​លោក​ខាងលិច​រិះគន់​ការបោស​សម្អាត​​រដ្ឋប្រហារ​តួគកី តួកគី​បាន​ងាក​ទៅ​​ផ្សះផ្សា​គ្នា​ជាមួយ​រុស្ស៊ីវិញ ដើម្បី​ទទួលបាន​ការ​គាំទ្រ​​ពី​រុស្ស៊ី រឿង​តួកគី​ខឹង​លោក​ហ្គូឡិន។ តែ​រុស្ស៊ី​ខុសពី​តួគកី រុស្ស៊ី​គាំទ្រ​លោក​អាសាដ។ ដូច្នេះ ​ពេលនេះ ​តួកគី​ក៏អាច​គាំទ្រ​លោក​អាសាដតា​មរុស្ស៊ីដែរ។

ក្រុមឧទ្ទាម​ស៊ីរី ក៏ដូចជា​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម សុទ្ធ​តែ​ស្អប់​លោក​អាសាដ។ ដូច្នេះ ក្រុម​រដ្ឋអ៊ីស្លាម រឺ​ក៏ក្រុមភេរវជន​ណាមួយ​ អាចធ្វើភេរវកម្ម​ម្សិលមិញនេះឡើង ដោយសារ​​ខឹង​នឹង​ជំហរ​ថ្មី​របស់​តួកគី ​ដោយសារ​​​នាយករដ្ឋមន្ត្រី​តួកគី​លើកឡើង​ថា ចង់​ពិភាក្សា​ជាមួយ​លោក​អាសាដនេះឯង។    

សប្តាហ៍នេះ ភាគអាគ្នេយ៍​និង​ភាគខាងកើត​​តួកគី​រងភេរវកម្ម​ដល់ទៅ៣ សម្លាប់​មនុស្ស​១៤នាក់។  អាជ្ញាធរ​តួកគី​ទំលាក់​កំហុស​លើ​ក្រុមប្រដាប់អាវុធ​បក្ស​ការងារ​គួដឌីស្ថាន​ PKK។ រដ្ឋាភិបាល​​តួកគី​ក៏មិនខុស​ពី​រដ្ឋាភិបាល​ស៊ីរី ​រឺ​ក៏​​អ៊ីរ៉ង់​​​​ដែរ គឺតួកគី​​មិនពេញចិត្ត​នឹង​ក្រុមប្រដាប់​អាវុធ​​គួដឌីស្ថាន​ដែលចង់​អោយ​សហគមន៍​គួដឌីស្ថាន​គ្រប់គ្រង​នយោបាយ​​តួកគី​ ​​​ចង់​​​​ផ្តាច់ទឹកដី​​​​​ពីតួកគី​។

តួកគី​លូកដៃ​ផ្ទាល់​ក្នុ​ងបញ្ហា​គួដឌីស្ថាន​នៅស៊ីរី ហើយ​ទំនង​​ជាកំពុង​ចរចា​ជាមួយ​លោក​អាសាដ​រឿងនេះ។ ថ្មីៗនេះ ​តួកគី​ ស៊ីរី អ៊ីរ៉ង់ និង​រុស្ស៊ី ក៏​ប្រហែលជា​​បាន​ព្រមព្រៀង​គ្នា​ដោយ​សំងាត់ ទាក់ទង​បញ្ហា​គួដឌីស្ថាន​នេះ​។

ដោយឡែក បូកផ្សំ​​​ភាព​តានតឹង​ជាមួយ​ក្រុម​គួដឌីស្ថាន ​និង​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម ​ស្ថានការណ៍​​​​​​​​នៅ​តួកគី​​ពេលនេះ កំពុង​​​ផុយស្រួយ ពិសេស​ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​ថ្ងៃ​១៥​កក្កដាតែម្តង។ ​ពេលនេះ ​តួកកី​​​កាន់តែ​​ងាយ​រងគ្រោះ​​ដោយ​ភេរវកម្ម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ