អានតួអត្ថបទ
តួកគី-អាល្លឺម៉ង់

ទំនាក់ទំនង​​តួកគី-អាល្លឺម៉ង់​​ចាប់ផ្តើម​ធូរស្រាល​​​​ ក្រោយ​តួកគីលើកចេញ​បម្រាម​ប្រឆាំង​អាល្លឺម៉ង់

តួកគី​ឈប់​ហាមឃាត់​តំណាងរាស្ត្រ​អាល្លឺម៉ង់ ចូលទស្សនកិច្ច​មូលដ្ឋានយោធាតួកគី​ Incirlik ទៀតហើយ។ ថ្ងៃព្រហស្បតិ៍នេះ តួកគី​បានលើកចេញ​នូវការហាមប្រាម​នេះ បង្ហាញ​ថា ទំនាក់ទំនង​តួកគី-អាល្លឺម៉ង់​ចាប់ផ្តើម​ធូរស្រាល​វិញហើយ។ ​​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ​​​​មានភាព​តានតឹង​​កន្លងមក ដោយសារ​តែ​​​អាល្លឺម៉ង់​ទទួលស្គាល់​អំពើ​ប្រល័យពូជសាសន៍​លើ​ប្រជាជន​អាមេនី។

មូលដ្ឋានយោធា​ Incirlik នៅ​ភាគខាងត្បូង​តួកគី
មូលដ្ឋានយោធា​ Incirlik នៅ​ភាគខាងត្បូង​តួកគី REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

ប្រមុខការទូត​អាល្លឺម៉ង់​ លោក ​Frank-Walter Steinmeier បានសំដែង​ការ​ពេញចិត្ត​ ចំពោះ​រដ្ឋាភិបាល​តួកគី​ដែល​បាន​លើកចេញ​នូវ​បម្រាម​​ប្រឆាំងអាល្លឺម៉ង់។ ជា​បម្រាម​​​​​មិនអោយ​តំណាងរាស្ត្រ​អាល្លឺម៉ង់ ឈានជើង​ចូល​មូលដ្ឋានយោធា Incirlik នៅភាគខាងត្បូង​តួកគី។ ​​ទាហាន​អាល្លឺម៉ង់​កំពុង​តែ​ស្ថិតនៅ​មូលដ្ឋានយោធា​មួយនេះ ក្នុង​ក្របខណ្ឌ​បេសកកម្ម​កំចាត់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ដើមបូព៌ា។

តួកគី​បានចេញ​​បម្រាមប្រឆាំង​អាល្លឺម៉ង់​​​ ក្រោ​យពេល​សភា​អាល្លឺម៉ង់​ទទួលស្គាល់ កាលពី​ខែមិថុនា ​ថា​ក្នុង​ជំនាន់​អាណាចក្រ​អូតូម៉ង់ ឆ្នាំ១៩១៥ ​​ប្រជាជន​អាមេនី​បាន​រងគ្រោះ​ដោយ​អំពើ​​ប្រល័យ​ពូជសាសន៍។ តួកគី​​ព្រម​​អោយ​តំណាងរាស្ត្រ​អាល្លឺម៉ង់​បានទស្សនកិច្ច​​មូលដ្ឋាន​យោធា​តួកគីវិញមែន តែ​​ការ​អនុញ្ញាត​នេះ​ក៏​មានបង្កប់​​លក្ខខណ្ឌ​ដែរថា បើ​អាល្លឺម៉ង់​ចង់​ធូរស្រាល​ជាមួយ​តួកគីវិញ ​អាល្លឺម៉ង់​ត្រូវឈប់​​ប៉ះពាល់​តួកគី​​។

កាលពិសប្តាហ៍មុន ​​ប្រមុខការទូត​អាល្លឺម៉ង់ និង​ប្រមុខដឹកនាំ​មែរគែល បាន​ខំបន្ធូរ​ជំហរ​តានតឹង​ជាមួយ​តួកគី ដោយបាន​លើកឡើងថា សេចក្តីសម្រេច​របស់​សភា​អាល្លឺម៉ង់ ចំពោះ​ការសម្លាប់រង្គាល​ប្រជាជន​អាមេនី​កន្លងមកនោះ ​ក៏​គ្មានលក្ខណៈ​បែបបង្ខំ រឺ​តានតឹងអ្វីដែរ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់​ចង់សំដៅ​ថា សេចក្តី​សម្រេច​នេះ គ្មាន​អ្វីធ្ងន់ធ្ងរ​ទេ។ ​

ទាក់ទង​នឹង​បញ្ហាជនភៀសខ្លួន​នៅ​អឺរ៉ុប ដែល​អាល្លឺម៉ង់​កំពុង​ចូលរួម​ដោះស្រាយ​វិញ តួកគី​ធ្លាប់​គំរាម​កាត់ផ្តាច់​កិច្ចព្រមព្រៀង​ស្តីពី​ជន​ភៀសខ្លួន ​​​ដែល​សម្រេច​កន្លងមក ​ជាមួយ​អឺរ៉ុប បើ​អឺរ៉ុប​មិន​មិន​ព្រមលើកលែង​​​​ទិដ្ឋាការ​​ដើរហើរ​ដល់​​ប្រជាជន​តួកគីទេនោះ។ ​

ដោយឡែក ​អាល្លឺម៉ង់​បាន​សំដែង​ការមិនសប្បាយចិត្ត​ចំពោះ​​អាជ្ញាធរតួកគី ដែល​​​បាន​ដកហូត កាលពី​ថ្ងៃចន្ទ​ នូវ​​បទសម្ភាស ​របស់​ក្រុមវិទ្យុទូរទស្សន៍​អាល្លឺម៉ង់​មួយក្រុម ដែល​បាន​សម្ភាស​រដ្ឋមន្ត្រី​ក្រសួងកីឡា​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ