អានតួអត្ថបទ
អ៊ុយក្រែន

សភា​អ៊ុយក្រែន​សុំ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​អោយ​កាត់ទោស​​​លោក​យ៉ានូកូវិច​

នៅ​ថ្ងៃ​អង្គារ​នេះ​ សភា​អ៊ុយក្រែន​បាន​សុំ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្រុង​ឡាអេ អោយ​កាត់ទោស​ប្រធានាធិបតីធ្លាក់ពីតំណែង វិចទ័រ​ យ៉ានូកូវិច។ សភា​អ៊ុយក្រែន​​​បាន​បោះឆ្នោត​ដោយសម្លេង​ភាគច្រើន សម្រេច​​អោយសវនាការ​​កាត់ទោស​​​លោកយ៉ានូកូវិច ធ្វើឡើង​​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ។ សំណូមពរ​នេះ​ធ្វើឡើង ក្រោយពេល​​​មានការបង្ក្រាប​ហិង្សា​លើ​ក្រុមបាតុករ​ នៅ​ទីក្រុងគៀវ កាលពីសប្តាហ៍​មុន​​ សម្លាប់​មនុស្ស​៨២នាក់។

ប្រធានាធិបតី​ធ្លាក់ីពី​តំណែង​ ​​វិចទ័រ យ៉ានូកូវិច នៅក្រុងគៀវ កាលពីខែធ្នូុ។
ប្រធានាធិបតី​ធ្លាក់ីពី​តំណែង​ ​​វិចទ័រ យ៉ានូកូវិច នៅក្រុងគៀវ កាលពីខែធ្នូុ។ AFP PHOTO/ POOL / BATKIVSCHCHYNA PARTY PRESS-SERVICE / ANDREW KR
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​នេះ សភា​អ៊ុយក្រែន បាន​​សុំតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រុងឡាអេ​ អោយ​កាត់ទោស​លោក​វិចទ័រ យ៉ានូកូវិចដែល​សភា​បានទំលាក់​ចេញពីតំណែង កាលពី​ថ្ងៃ​​សៅរ៍​សប្តាហ៍​មុន។ យោងតាម​សភា​អ៊ុយក្រែន លោក​យ៉ានូកូវិច គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​បទឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ។ សភាអ៊ុយក្រែន​ក៏បាន​សុំតុលាការ​ក្រុងឡាអេ អោយ​កាត់ទោស​​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​មួយចំនួនទៀត ដែល​បាន​ដាក់បញ្ជា​អោយ​មាន​ការ​បង្ក្រាប​ក្រុមបាតុករ​​ផងដែរ ក្នុងពេល​​៣ខែ​មកនេះ។

សភា​បានបរិហារ​​​ថា ​ជាង​៣ខែ​មកនេះ កង​កម្លាំង​​អ៊ុយក្រែន​ទទួល​បញ្ជា​​អោយ​​​​ប្រើ​កម្លាំង​បាយ និង​អាវុធ​ប្រឆាំង​បាតុករ​ដែល​មក​តវ៉ា​​តាមបែបផែន​សន្តិភាព ធ្វើអោយ​​មនុស្ស​ជាង​១០០នាក់ ជាជនជាតិ​អ៊ុយក្រែន និង​ជនបរទេស ត្រូវ​រងការ​សម្លាប់។ មនុស្ស​ជាង​២ពាន់នាក់​រងរបួស ក្នុង​នោះ៥០០នាក់​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ។

នៅថ្ងៃ​អង្គារ​នេះ ​​​តំណាង​សហភាព​អឺរ៉ុប លោកស្រីកាថឺរីន អាស្ហតុន ដែល​កំពុង​ទស្សនកិច្ច​អ៊ុយក្រែន បាន​សុំអោយ​​រុស្ស៊ី​ដែល​មិនទទួលស្គាល់​អាជ្ញាធរ​អ៊ុយក្រែន​ថ្មី​នោះ ទុក​ដោយ​អ៊ុយក្រែន​ជ្រើសរើស​ផ្លូវដើរ​ដោយ​ខ្លួនឯង និង​បាន​សុំអោយ​អ៊ុយក្រែន​រក្សា​អោយបាន​នូវ​បូរណភាព​ទឹកដី។ ​ដោយឡែក ​ការបង្កើត ​រដ្ឋាភិបាល​អ៊ុយក្រែន​ថ្មី ​ដែល​ត្រូវ​ធ្វើ​​នៅថ្ងៃ​អង្គារ​នេះ​ ​​ត្រូវ​បាន​លើកពេល​​ទៅ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​វិញ។ នៅថ្ងៃ​អង្គារ​នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​មុនអាណត្តិ ថ្ងៃ​២៥​ឧសភា​​ខាងមុខ បាន​ចាប់ផ្តើម​ហើយ។​ បេក្ខជន​ចង់​ឈរឈ្មោះ ត្រូវ​មក​ចុះឈ្មោះ​​អោយ​បាន​​យ៉ាងយូរ ថ្ងៃ​៣០មិនា ខាងមុខ។ អតីត​ជើងឯក​កីឡា​ប្រដាល់ លោក វិតាលី គ្លីតឆ្កូ ​ដែល​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​ដ៏ល្បីឈ្មោះ​ បាន​ប្រកាស​ឈរឈ្មោះ ជាបេក្ខជន។ ​រីឯ​អតីត​នាយករដ្ឋមន្ត្រី​ លោកស្រី​ទីម៉ូឆេនកូ បាន​ប្រាប់​​​​​​ថា​ ​មិន​កាន់តំណែង​​ទៀតទេ ហើយ​លោកស្រី​នឹង​ទៅ​ព្យាបាល​ជំងឺ​នៅ​អាល្លឺម៉ង់៕ ​

​រុស្ស៊ី​​ជំទាស់​នឹង​​​ការរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​​​ខែ​ឧសភា​នេះ ព្រោះថា យោងតាម​​កិច្ច​ព្រមព្រៀង​​​ស្រោចស្រង់វិបត្តិ​អ៊ុយក្រែន ដែល​ក្រុមប្រឆាំង​ បានចុះ​ហត្ថលេខា​ជាមួយ​លោក​យ៉ានូកូវិច កាលពី​​​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ការបោះឆ្នោត​​នេះ​ អាច​ធ្វើទៅ​បាន លុះត្រា​​មាន​កំណែ​ទម្រង់​​រដ្ឋធម្មនុញ្ញ​​ជាមុនសិន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ