អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោក​ បារាក់​ អូបាម៉ា​ ត្រៀម​ផ្តល់​សិទ្ធិ​ដល់​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​ ៥ ​លាន​នាក់​

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មាន​បំណង​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​ចំនួន​ ជា​ប្រយោជន៍​ដើម្បី​ផ្តល់​សិទ្ធិ​ដល់​ជន​បរទេស​ចំនួន​ ៥ ​លាន​នាក់​ ដែល​ពុំ​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ។ ​ការ​ប៉ុន​ប៉ង​របស់​លោក​លោក​ អូបាម៉ា ​អាច​បង្ក​អោយ​មាន​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​តំណាង​គណបក្ស​សាធារណរដ្ឋ​ ដែល​កំពុង​គ្រប់​គ្រង​សភា​ និង​ព្រឹទ្ធសភា។​

លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​ នៅ​អូស្ត្រាលី​ថ្ងៃទី ១៤ វិច្ឆិកា ២០១៤
លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិក​ នៅ​អូស្ត្រាលី​ថ្ងៃទី ១៤ វិច្ឆិកា ២០១៤ REUTERS
ផ្សាយពាណិជ្ជកម្ម

 

បើ​តាម​ការ​ផ្សាយ​របស់​កាសែត​ New York Times ​លោក​ប្រធានាធិបតី​ បារាក់​ អូបាម៉ា​ ចង់​ជំរុញ​អោយ​មាន​អោយ​មាន​ដំណោះ​ស្រាយ​ជាក់​លាក់​មួយ​លើ​សុំណុំរឿង​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​មួយ​នេះ​អោយ​បាន​ចប់​សព្វ​គ្រប់​នៅ​ដំណាច់​ឆ្នាំ​នេះ។​ បើ​តាម​វិទ្យា​ស្ថាន​នយោបាយ​ទេសន្តរ​ប្រវេសន៍​ (Migration Policy Institute) ​បាន​អោយ​ដឹង​ថា​ សព្វថ្ងៃ​នេះ​ មាន​ជន​អន្តោរ​ប្រវេសន៍​ខុស​ច្បាប់​គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​ចំនួន​ ១១ លាន​ ៧​ សែន​នាក់​កំពុង​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។​ ភាគច្រើន​នៃ​ជន​ទាំង​នោះ​ជា​ជនជាតិ​ម៉ិកស៊ិក។

បើ​តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពី​សេតវិមាន​បាន​អោយ​ដឹង​ថា​ ផែនការ​របស់​លោក​ អូបាម៉ា​ គឺ​ចង់​ផ្តល់​លិខិត​ស្នាម​អនុញ្ញាត​អោយ​ជន​អន្តោរ​ប្រវេសន៍​អាច​ធ្វើ​ការងារ​ស្រប​ច្បាប់​ និង​ទទួល​បាន​កិច្ច​ការពារ​ចៀង​វាង​ការ​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក។​ គំរោង​នេះ​ផ្តោត​លើ​ជន​ ដែល​គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ ​ប៉ុន្តែ​មាន​កូន​កើត​នៅ​លើ​ទឹក​ដី​អាមេរិក។​ កុមារ​ទាំង​នោះ​ខ្លះ​មាន​សញ្ជាតិ​អាមរិក​ ខ្លះ​ទៀត​មាន​ត្រឹម​តែ​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ (Green Card) ​តែ​ប៉ុណ្ណោះ។ ​ចំនួន​ពិត​ប្រាកដ​ណា​មួយ​របស់​ជន​អន្តោរ​ប្រវេសន៍​ ដែល​អាច​ទទួល​បាន​ដំណោះ​ស្រាយ​ថ្មី​នេះ​ អាស្រ័យ​លើ​លក្ខណៈ​វិនិច្ឆ័យ​ជាពិសេស​ចំនួន​ឆ្នាំ​រស់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។

យោង​តាម​សំដី​របស់​លោក​ Josh Earnest ​អ្នក​នាំ​ពាក្យ​ប្រចាំ​សេតវិមាន​បាន​អោយ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​អ្វី​ត្រូវ​បាន​សំរេច​ឡើយ។​ ក្រុម​ការងារ​លើ​សំណុំ​រឿង​នេះ​នឹង​ដាក់​អនុសាសន៍​ជូន​លោក​ អូបាម៉ា​ ក្រោយ​ត្រលប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​ចុង​សប្តាហ៍​នេះ។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះភ្លាម​ ខាង​គណបក្ស​សាធារណ​រដ្ឋ​បាន​ប្រកាស​ជំហរ​ប្រឆាំង​ដាច់​ខាត​។​ បើ​តាម​លោក​ John Boehner ​តំណាង​រាស្រ្ត​គណបក្ស​សាធារណ​រដ្ឋ​ និង​ជា​ប្រធាន​សភា​បាន​អោយ​ដឹង​ថា​ ប្រសិន​បើ​រដ្ឋបាល​លោក​ អូបាម៉ា​ ហ៊ាន​សំរេច​សំណុំ​រឿង​នេះ​តែ​ឯង​នោះ​ ខាង​សភា​ និង​ព្រឹទ្ធសភា​នឹង​បង្ក​ព្យុះភ្លៀង​ ដោយ​គំរាម​មិន​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ ដែល​អាច​ធ្វើ​អោយ​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ជាប់​គាំង​ដំណើរ​ការ​ដូច​កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០១៣។​ សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​គណបក្ស​សាធារណ​រដ្ឋ​កំពុង​គ្រប់​គ្រង​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធសភា​ ក្រោយ​ពី​បាន​ឈ្នះ​ឆ្នោត​ពាក់​កណ្តាល​អាណ្ណត្តិ​កាល​ពី​ថ្មីៗ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ