អានតួអត្ថបទ
អាមេរិក-ចិន

អាមេរិក​ព្រមាន​ចិនថា​ ចិនអាច​ឯកោ​​ ដោយសារ​សមុទ្រចិន​ខាងត្បូង​

នៅថ្ងៃសៅរ៍​៤មិថុនា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោកអាស្តុន ខាថឺ បាន​ព្រមាន​​​​ថា ចិន​អាច​រង​​ភាព​ឯកោ បើ​ចិន​នៅតែ​បន្ត​សកម្មភាព​ខ្លួន​នៅ​សមុទ្រចិន​ខាងត្បូង។ លោក​ខាថឺ​កំពុង​មានវត្តមាន​ ក្នុង​​​វេទិកា​​សន្តិសុខ​អាស៊ី-ប៉ាស៊ីហ្វិក​ នៅសឹង្ហបុរី។ ប្រមុខការពារ​ជាតិ​អាមេរិក​ក៏បាន​អំពាវនាវ​អោយ​មាន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ចិន​ផងដែរ។

ប្រមុខការពារជាតិ​អាមេរិក ​និង​ប្រមុខការពារជាតិ​ម៉ាឡេស៊ីTun Hussein ក្នុងវេទិកា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិកថ្ងៃ៤​មិថុនា​ឆ្នាំ២០១៦
ប្រមុខការពារជាតិ​អាមេរិក ​និង​ប្រមុខការពារជាតិ​ម៉ាឡេស៊ីTun Hussein ក្នុងវេទិកា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិកថ្ងៃ៤​មិថុនា​ឆ្នាំ២០១៦ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសៅរ៍នេះ ប្រមុខការពារជាតិ​អាមេរិក​បាន​ព្រមាន​ចិន​ថា សកម្មភាពរបស់ចិន​​នៅ​សមុទ្រចិន​ខាងត្បូង​ ​ធ្វើអោយ​ចិន​​ធ្លាក់​ក្នុង​ភាព​ឯកោ ខណៈ​គ្រប់គ្នា​ក្នុង​តំបន់​កាន់តែពួតដៃ​​សហការ​ ជិតស្និទ្ធ​នឹង​គ្នា។ ចិន​​ទាមទារ​​បូរណភាព​​​ដែនទឹកសមុទ្រចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង បង្កជា​ជម្លោះ​ជាមួយ​ប្រទេស​អាស៊ីជិតខាង ដូចជា​វៀតណាម​ ម៉ាឡេស៊ី ហ្វីលីពីន និង​ព្រុយណេ។ ចិនកំពុង​សង់​កោះ​សិប្បនិម្មិត​ បំពាក់​ព្រលានយន្តហោះ កំពង់ផែ ហើយ​ថែមទាំង​​​​ពង្រាយ​គ្រឿងសព្វាវុធ​នៅទីនោះ​ទៀតផង។

អាមេរិក​យល់ថា ចិន​គួរតែ​ប្រើវិធី​ការទូត ដោះស្រាយ​ជម្លោះ​បូរណភាព​ដែនទឹក​វិញ ជាជាង​ធ្វើសកម្មភាព​ទាំងនេះ ដែល​កាន់តែ​ធ្វើអោយ​ចិន​ធ្លាក់​ក្នុង​ភាព​ឯកោ។ ប៉ុន្មានខែ​ចុងក្រោយ​នេះ អាមេរិក​បាន​បញ្ជូន​កប៉ាល់​ចំបាំង​ខ្លួន​ជាច្រើនគ្រឿង ​ទៅ​ក្បែរ​ទីប្រជុំកោះ​ដែល​ចិន​កាន់កាប់។

លោក​អាស្តុ​ន ខាថឺ ធ្លាប់​ប្រាប់កាលពីខែមេសាថា ប្រទេស​អាស៊ី​ខ្លះបាន​សុំអោយ​អាមេរិក​ជួយការពារ​ខ្លួន ​ប្រឈម​នឹង​ចិន សុំអោយ​អាមេរិក​ចេញមុខ​ការពារ​ច្បាប់អន្តរជាតិ​ និង​គោលការណ៍ច្បាប់​មួយចំនួន​ក្នុង​តំបន់​។ ដើម្បី​កាត់បន្ថយ​ការប្រឈម​មុខ​ដាក់គ្នា​ ថ្ងៃសៅរ៍នេះ ប្រមុខការពារជាតិ​អាមេរិក​ បានឆ្លៀត​​​​ប្រកាស​ផងដែរ​ ថា​អាមេរិក​​ចង់​ពង្រីក​កិច្ចព្រមព្រៀង​យោធា​ជាមួយ​ចិន​។

លោកអាស្តុន ខាថឺ​ កំពុង​ចូលរួម​វេទិកា​សន្តិសុខ​​​អាស៊ី-ប៉ាស៊ីហ្វិក នៅ​សឹង្ហបុរី​ ដែល​​មាន​វត្តមាន​ចូលរួម​​របស់​​រដ្ឋមន្ត្រីការពារជាតិ​​ជាង​២០ប្រទេស។ ក្នុងជំនួបនេះ ប្រមុខការទូត​អាមេរិក​បាន​អំពាវនាវ​អោយ​មានកិច្ច​ប្រតិបត្តិការ​​​​យោធា​ធំធេង​ជាមួយចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ