អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហរដ្ឋ​អាមេរិក​​ចង់​បន្ថយ​ចំនួន​ទាហាន ឱ្យ​ស្មើ​សម័យ​មុន​សង្គ្រាម​លោក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋ​អាមេរិក​ចង់​បន្ត​នយោបាយ​កាត់​បន្ថយ​ថវិកា​ផ្នែក​យោធា ! នេះ​ជា​ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​អាមេរិក នៅល្ងាចថ្ងៃ​ចន្ទ​ទី ២៤ កុម្ភៈ ដោយ​បាន​លើក​គម្រោង​ថវិកា​ ទិសដៅ​ឆ្នាំ​២០១៥ មក​បង្ហាញ។ ទិសដៅ​ថ្មី​ ដែល​មាន​ន័យ​តែមួយ​គឺ​រិត​ត្បិត​ថវិកា។ កងទ័ព​ជើង​ទឹក ជើង​អាកាស​ ចំនួន​ទាហាន ចំនួន​យន្តហោះ ឧទ្ធម្ភាគចក្រ ចំនួន​នាវាចម្បាំង​ នាវា​ផ្ទុក​យន្តហោះ​ ត្រូវ​កាត់​បន្ថយ​​ទាំង​អស់ លើក​លែង​តែ​កង​កម្លាំង​ពិសេស​​មួយ​ប៉ុណ្ណោះ​ដែល​​ត្រូវ​បង្កើន​បរិមាណ​តិចតួច។ ក្រសួងការពារជាតិ​​ គ្រោង​នឹង​បញ្ចុះ​ចំនួន​ទ័ព​ថ្មើរ​ជើង​ ឱ្យ​ធ្លាក់​មក​ទាប​បំផុត​មិនធ្លាប់​មាន​គិត​ចាប់ពី​ឆ្នាំ​១៩៤០​មក។

លោក Chuck Hagel រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​និង​ឧត្តមសេនីយ៍​ Martin Dempsey នៅ​មន្ទីរ​បញ្ចកោណ​ថ្ងៃ ២៤ កុម្ភៈ ២០១៤
លោក Chuck Hagel រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​និង​ឧត្តមសេនីយ៍​ Martin Dempsey នៅ​មន្ទីរ​បញ្ចកោណ​ថ្ងៃ ២៤ កុម្ភៈ ២០១៤ REUTERS/Mike Theiler
ផ្សាយពាណិជ្ជកម្ម

 

ទ័ព​ជើង​គោក​
ការ​កាត់​បន្ថយ​បរិមាណទ័ព​ ជា​ផល​វិបាក​នៃ​ការ​ត្បិត​ត្បៀត​ថវិកា ក៏​ប៉ុន្តែ​នេះ​ក៏​អាច​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​ថ្មី ​ជា​ទស្សនៈ​វិស័យ​ថ្មី​ត្រៀម​បើក​សករាជ​ក្រោយ​​សង្គ្រាម ៖ សង្គ្រាម​នៅ​អ៊ីរ៉ាក់ និង​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន ដែល​កង​ទ័ព​អាមេរិក​គ្រោង​នឹង​ដក​ចេញទាំង​អស់​នៅ​ចុង​ឆ្នាំ​២០១៤​នេះ។
បើ​តាម​គម្រោង​ ចំនួន​ទ័ព​អាមេរិក​នឹង​បញ្ចុះ​អស់​​ប្រមាណ​ ១សែន​នាក់ ​ពោល​គឺ​ពី ៥២០ ០០០ មក​នៅ​ត្រឹម​តែ ៤៥០​០០០​នាក់។ នេះ​គឺ​ជា​លើក​ទី​មួយហើយ ក្នុង​ប្រវត្តិ​យោធា​អាមេរិក ដែល​ចំនួន​ទ័ពអាមេរិក​មាន​តិច​ត្រឹម​កំរិត​នេះ បើ​គិត​ចាប់​ពី​ឆ្នាំ​១៩៤០​មក។ តាមការពិត​ក្រោយ​សង្គ្រាម​លោក​ភ្លាម​ ចំនួនទ័ព​អាមេរិក បាន​ធ្លាក់​ចុះ​ជា​លំដាប់​រហូត​ដល់​ឆ្នាំ​១៩៩៩ ហើយ​ទើប​​​ស្ទុះ​ឡើង​ខ្លាំង​មក​វិញ មុន​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​បន្តិច និង​មុន​សង្គ្រាម​នៅ​អាហ្វហ្កានិស្ថាន​និង​អ៊ីរាក់។ នៅ​ឆ្នាំ​២០១០ ចំនួន​ទាហាន​អាមេរិក​បាន​កើន​ឡើង​ដល់​កំរិត​កំពូល គឺ​ជាង​៥៦៦០០០​នាក់។

កាត់​បន្ថយ​លើ​គ្រប់​ផ្នែក

ក្រៅ​ពី​ផ្នែក​ទាហាន​ថ្មើរ​ជើង ទ័ព​បំរុងដែល​ត្រូវ​ការ​បំផុត​នៅលើ​សមរភូម​ប្រយុទ្ធ ដូច​យ៉ាង​កាល​សង្គ្រាម​នៅ​អ៊ីរ៉ាក់ ឬ​អាហ្វហា្កនីស្ថាន​ ក៏​ត្រូវ​កាត់​បន្ថយ​ជិត​ពាក់​កណ្តាល។ កងទ័ព​ជើង​ឆើត​នៃ​កងពល​ម៉ារីន ក៏​រង​ផល​ប៉ះពាល់​ នៃ​ការ​កាត់​បន្ថយ​ដូច​គ្នា។

ជាមួយ​នឹង​ផែនការ​​កាត់​បន្ថយ​កម្លាំង លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក ឆាក់ ហាហ្កែល ក៏​បាន​កំណត់​យុទ្ធសាស្ត្រថ្មី​ គឺ​ថា​មាន​កម្លាំង​តិច​ តែ​ខ្លាំង មាន​ការ​បំពាក់​បំប៉ន​ត្រឹមត្រូវ មាន​សមត្ថភាព​ខ្ពស់ ធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ការពារ​សុវត្ថិភាព​-បូរណភាព​ជាតិ​ ពិភពលោក​ និង​ត្រៀម​ជា​ស្រេច​ចេញ​ប្រយុទ្ធ​ តាម​កាលៈទេសៈ​តម្រូវ។ សម្ភារៈ​បរិក្ខារ យន្តហោះ​ នាវា​ចាស់ៗ អាច​នឹង​ត្រូវ​បញ្ជូន​ចូល​ឃ្លាំង​ទុក ដោយ​រក្សា​និង​ធ្វើ​ទំនើប​កម្ម​សម្ភារៈ​បច្ចេកវិទ្យា​ថ្មី មាន​កម្លាំង​ មាន​ប្រសិទ្ធិភាព​ លែង​ទាមទារ​ឱ្យ​មាន​ជោគជ័យ​ពីរ​បី​កន្លែង​ក្នុងពេល​តែ​មួយ ដូច​ពេល​មុន​ទៀត​ឡើយ។

យោធា​ជើង​ទឹក ចំនួន​នាវា​ផ្ទុក​យន្តហោះត្រូវ​រក្សា​ទុក​ក្នុង​បរិមាណ​ដដែល​​មែន ប៉ុន្តែនាវា​ចម្បាំង​ធុនស្រាល​នឹង​ត្រូវ​កំណត់​ត្រឹម ៣២​គ្រឿង (មិន​មែន៥២​ដូច​គម្រោង​ចាស់)។ យន្តហោះ​ស៊ើប​អង្កេត នឹង​ត្រូវ​ជំនួស​ដោយ​យន្តហោះ​គ្មានមនុស្ស​បើក Drone។

នេះ​បើ​និយាយ​អំពីផ្នែក​កម្លាំង​ទ័ព​ ! បើ​និយាយ​អំពី ថវិកា​សង្គម​វិញ ប្រាក់​បៀវត្ស​ដែលធ្លាប់​ដំឡើង​បំប៉ោង​តាំង​ពី​ឆ្នាំ​២០០១​មួយ ដូច​ជា​មិន​សូវ​មាន​កំណែទម្រង់​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ មាន​តែ​ការ​ប្រកាស​ដំឡើង​​ប្រាក់​បៀវត្ស ទាហាន​ ១% និងបញ្ចុះ​​ជំនួយ​សង្គម​ ផ្នែក​ផ្ទះ​សម្បែង​។

ចំណាយ​យោធា​ ​កើន​ឡើង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក

បើ​ផ្អែក​តាម​តួលេខ​ចុង​ក្រោយ​ គឺ​ពិត​ណាស់​ថា​មាន​ភាព​ក្រឡាប់​ចាក់​រវាង​ក្រុម​មហាអំណាច។ ថវិកា​ផ្នែក​យោធា​របស់​ក្រុម​ប្រទេស​ធំៗ​សំខាន់​ៗ​នៃ​អង្គការ​អូតង់​ ឬ​ណាតូ នឹង​បន្ថយ​ថយ​ចុះ​ នៅ​ឆ្នាំ​ខាង​មុខ ប៉ុន្តែ​ក្រុម​ប្រទេស​ភាគ​ខាង​ត្បូង​ និង​ខាង​កើត ប្រជុំ​គ្នា​បង្កើន​​ថវិកា​ផ្នែក​យោធា​នេះ ទៅ​តាមកំណើន​សេដ្ឋកិច្ច​លូត​លាស់​របស់​គេ​រៀង​ខ្លួនៗ។ ជាក់ស្តែង​ចិន​ បាន​បង្កើន​ថវិកាយោធា​ជិត​ទ្វេដង​គិត​ដល់​ឆ្នាំ​២០១៥ ។ ដោយ​គ្មាន​បូក​បញ្ចូល​ចិន​ ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ទំហំ​ថវិកា​យោធា​វ៉ា​ដាច់​ក្រុម​​ប្រទេស​អឺរ៉ុប​ទៅ​ហើយ នៅ​ឆ្នាំ​២០១៥។ រុស្ស៊ី​បាន​ក្លាយ​ជា​មហាអំណាច​ទីបី​នៅ​លើ​ពិភពលោក ដោយ​មាន​កញ្ចប់​ថវិកាកើន​ឡើង​ ៤៤% ក្នុង​រយៈពេល​តែ​បី​ឆ្នាំ។ ​តាំងពី​ឆ្នាំ​២០១៣​ មក​រុស្ស៊ី អាស៊ី ដើម​បូព៌ា បាន​ក្លាយ​ជា​អូស​ទាញ​ពិភពលោក​ក្នុង​ផ្នែក​ទីផ្សារ​យោធា។ សូម្បី​តែ​ប្រទេស​អាល់ហ្សេរី ដែល​កាលពី​ឆ្នាំ​២០០៩ ស្ថិត​នៅ​លំដាប់​ឆ្ងាយ​សោះ​ពេល​នេះ បាន​ចូល​ចំណោម​ប្រទេស​២០​ដំបូង​​ផ្នែក​កំណើន​ចំណាយ​យោធា។

ប៉ុន្តែ​សម្រាប់​អាមេរិក បើ​ទោះ​បី​ជា​មាន​ការ​រិត​ត្បិត កាត់​បន្ថយ​​ទាហាន យ៉ាង​ណា​ក៏​ដោយ ក៏​អាមេរិក ស្ថិត​លំដាប់​ទី​មួយ ឆ្ងាយ​ដាច់​ពី​គេ​ឯង​យ៉ាង​ខ្លាំង​ណាស់ ដោយ​ចំណាយ​ប្រមាណ​៥៨២​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៣ បើ​ប្រៀប​ទៅ​នឹង​ចិន ក្នុង​លំដាប់ទីពីរ​ពិភពលោក​ ដែល​មាន​ត្រឹម​ ១៣៩​ពាន់​លាន​ដុល្លារ។ កញ្ចប់​ថវិកា​យោធា​អាមេរិក ដែល​សភា​បានព្រមព្រៀង​អនុម័ត​ កាលពី​ខែ​ធ្នូ​កន្លងទៅ គ្រោង​នឹង​បញ្ចុះ​ ឱ្យ​ចំណាយយោធា ឱ្យ​មាន​លទ្ធភាព​ចាយ​វាយ​​យ៉ាង​ច្រើន ត្រឹម ៤៩៦​ពាន់​លាន នៅឆ្នាំ​២០១៥។ ដូច្នេះ​ឃើញ​ថា​ថវិកា​អាមេរិក​នៅ​ច្រើន​ជាង​គេ​ដដែល បើ​ទោះ​បី​ជា​អាមេរិក​កាត់​បន្ថយ​ថវិកា​យ៉ាង​ណា​​ក៏ដោយ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​អ្នក​ឯកទេស គេ​ត្រូវ​ការ​រង់ចាំ​ពេល​វេលា​យូរទៀត យ៉ាងណាស់​ (យ៉ាង​ឆាប់​នៅ​ឆ្នាំ​២០២១) ទើប​បណ្តា​ប្រទេស​ក្រៅ​បក្ស​សម្ព័ន្ធ​អូតង់​ នៅទូទាំង​ពិភពលោក អាច​វ៉ា​ក្រុម​មហា​អំណាច​ទាំង​២៨​របស់​​អូតង់​បាន៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ