អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

នគរបាល​​បាន​​បាញ់​​សំលាប់​​យុវជន​​ស្បែកខ្មៅ​​ម្នាក់​​ទៀត​​

យុវជន​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​អាយុ​ ១២ ឆ្នាំ​ ត្រូវ​បាន​នគរបាល​បាញ់​សំលាប់​ កាល​ពីថ្មី​ៗ​នេះ​ នៅ​ទីក្រុង​គ្លីវើលែន​ (Cleveland) រដ្ឋ​អូហៃយោ (Ohio)។​ ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​កើតឡើង​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ ប៉ុន្តែ​ ព័ត៌មាន​ និង​រូបភាព​វីដេអូ​ទើប​តែ​បែកធ្លាយ​ កាល​ពី​ម្សិលមិញ។ អំពើហឹង្សានេះ​កាន់តែបង្កើនកំហឹងថែមទៀត​ ខណៈ​ដែល​ហ្វូង​មហាជន​កំពុង​តវ៉ា​ទូទាំង​សហរដ្ឋ​អាមេរិក​ ប្រឆាំង​នឹង​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​តុលាការ​ក្រុង ​Ferguson ​មិន​ចោទ​ប្រកាន់​ប៉ូលីស​ស្បែក​ស​បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ Michael Brown។

Tamir E. Rice ​​យុវជន​​ស្បែកខ្មៅ​​អាមេិក​​អាយុ​​១២​​ឆ្នាំ​ដែល​ត្រូវ​ប៉ូលិស​អាមេរិក​​បាញ់​សម្លាប់​​នៅ​​ក្រុង​ Cleveland ​រដ្ឋ​OHIO​
Tamir E. Rice ​​យុវជន​​ស្បែកខ្មៅ​​អាមេិក​​អាយុ​​១២​​ឆ្នាំ​ដែល​ត្រូវ​ប៉ូលិស​អាមេរិក​​បាញ់​សម្លាប់​​នៅ​​ក្រុង​ Cleveland ​រដ្ឋ​OHIO​ REUTERS/Cleveland Police Department
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​រូបភាព​វីដេអូ​របស់​កាមេរ៉ា​សុវត្ថិភាព​ ដែល​មាន​រយៈពេល​ ៨ ​នាទី​ យើង​ឃើញ​យុវជន​ Tamir Rice ​កាន់​កាំភ្លើង​ ដែល​គេ​គិត​ថា​ទំនង​ជា​កាំភ្លើង​ជ័រ​ ភ្ជង់​សំដៅ​ទៅ​មនុស្ស​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ។​ រួចហើយ​ យុវជន​នោះ​ដើរ​ចុះ​ឡើង​ម្នាក់​ឯង​នៅ​ក្នុង​សួនច្បារ​ មុន​នឹង​យក​កាំភ្លើងជ័រ​ដាក់​ជាប់​ចង្កេះ។​ បន្តិច​ក្រោយ​មក​ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ​ យើង​ឃើញ​រថយន្ត​នគរបាល​មួយ​គ្រឿង​បាន​មកដល់​កន្លែង​កើតហេតុ។


បើយោង​តាម​សំដី​របស់​នាយនគរបាល​ប្រចាំក្រុង​គ្លីវើលែន​ (Cleveland) ​បាន​អោយ​ដឹង​ថា​ ភ្នាក់ងារ​នគរបាល​ទាំងពីរ​នាក់​បាន​សើ្នសុំ​អោយ​យុវជន​ Tamir Rice ​លើក​ដៃ​ឡើង​លើ​ ប៉ុន្តែ​ យុវជន​នោះ​ពុំ​ព្រម​ស្តាប់​ ហើយ​ហាក់​ដូចជា​យក​ដៃ​រាវរក​វត្ថុ​អ្វី​មួយ​នៅ​ជាប់​ចង្កេះ ដែល​នេះ​ជា​ហេតុ​​ធ្វើ​អោយ​នគរបាល​បាញ់​ទៅ​លើ​យុវជន​នោះ​តែ​ម្តង។​ លោក​ Edward Toma ​នាយរង​នគរបាល​ប្រចាំ​ក្រុង​គ្លីវើលែន​ (Cleveland) ​បាន​បញ្ជាក់​ថា​ ភ្នាក់ងារ​នគរបាល​ដែល​បាន​បើក​ការ​បាញ់​ប្រហារ​នោះ​ឈ្មោះ​ Timothy Loehman ​អាយុ​ ២៦ ​ឆ្នាំ​ ជា​ភ្នាក់ងារ​ពុំទាន់​មាន​បទ​ពិសោធន៍​​គ្រប់គ្រាន់​ ដោយ​ទើប​តែ​ចូល​បំរើ​ការងារ​បាន​ត្រឹម​ ៨ ​ខែ​ប៉ុណ្ណោះ។​ ចំណែក​ ភ្នាក់ងារ​នគរបាល​​ម្នាក់​ទៀត​ ដែល​ជា​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ Frank Garmback អាយុ​ ៤៦ ​ឆ្នាំ​ ចូល​បំរើការ​តាំង​ពី​ឆ្នាំ​ ២០០៨ ​មក​ម៉្លេះ។

ឆ្លើយ​តប​សំនួរ​របស់​អ្នក​កាសែត​ នគរបាល​ក្រុង​ គ្លីវើលែន​ (Cleveland) ​បាន​អះអាង​ថា​ ពេល​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​បែប​នេះ​ ភ្នាក់ងារ​នគរបាល​ទាំងពីរ​ពុំអាច​មើល​ដឹង​ថា​ យុវជន​ Tamir Rice ​កាន់​កាំភ្លើង​ជ័រ​ ឬ​កាំភ្លើង​ពឹត​នោះ​ទេ។​ បន្ទាប់​ពី​ហេតុការណ៍​នេះ​ ភ្នាក់ងារ​នគរបាល​ទាំងពីរ​រូប​ត្រូវ​បាន​គេ​សាកសួរ​ និង​ត្រូវ​បាន​ព្យួរ​ពី​ការងារ​រយៈ​ពេល​បណ្តោះ​អាសន្ន​ ដោយ​រង់​ចាំ​ការ​ស៊ើប​អង្កេត​ចប់​សព្វ​គ្រប់។​ រូបភាព​វីដេអូ​ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​សំណាក់​គ្រួសារ​ជន​រងគ្រោះ។​

ការ​ស្លាប់​របស់​យុវជន​ស្បែកខ្មៅ​ Tamir Rice ​ដោយ​នគរបាល​ស្បែកស​ បាន​កើតឡើង​ ខណៈ​ពេល​ដែល​ទីក្រុង​ Ferguson ​ក្នុង​រដ្ឋ​ Missouri ​កំពុង​រំជើប​រំជួល​ដោយ​ការ​តវ៉ា​ពី​សំណាក់​ហ្វូង​បាតុករ​ ដែល​ខឹង​សម្បារ​នឹង​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​តុលាការ​។​ ក្រុម​ប្រឹក្សា​តុលាការ​បាន​សំរេច​មិន​ផ្តឹង​ផ្តល់​ភ្នាក់ងារ​នគរបាល​ស្បែកស​ ដែល​បាន​សំលាប់​យុវជន​ស្បែកខ្មៅ​ Michael Brown ​កាល​ពី​ខែសីហា​កន្លង​ទៅ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ