អានតួអត្ថបទ
រុស្ស៊ី-ចិន

កិច្ចសន្យា​ពាណិជ្ជកម្ម​ចំនួន ២៧ ក្នុង​ទឹកប្រាក់ ១៥.០០០លាន​ដុល្លារ

នេះ​ជា​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang រយៈពេល ៥ថ្ងៃ​នៅ​រុស្ស៊ី ដែល​ឈាន​ដល់​ទីបញ្ចប់ នៅ​ថ្ងៃ​ចន្ទ ទី៣០ មេសា​នេះ។ ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នេះ ដោយ​រួម​ជា​មួយ​សមភាគី​រុស្ស៊ី លោក Igor Shuvalov គាត់​បាន​សម្ពោធ “វេទិកាចិន-រុស្ស៊ី​ខាង​បញ្ហា​វិនិយោគ និង​ពាណិជ្ជកម្ម”។ គាត់​ក៏​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំកំពូល​រុស្ស៊ី​ទាំង​៤នាក់។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang និង​លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ
លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang និង​លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​សម្ពោធ​វេទិកា​នោះ ដែល​ចូលរួម​ដោយ​ពួក​អ្នកតំណាង​មជ្ឈដ្ឋាន Business ចិន និង​រុស្ស៊ី​ចំនួន ១.២០០នាក់ លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បាន​ថ្លែង​សុន្ទរកថា ក្រោម​ចំណង​ជើង​ថា “ លើក​សហប្រតិបត្តិការ​ចិន-រុស្ស៊ី ខាង​វិនិយោគ និង​ពាណិជ្ជកម្ម​ឲ្យ​ឡើង​ដល់​កំពស់​ថ្មី” ទាំង​សង្កត់​ធ្ងន់​ថា ទំនាក់ទំនង​ចិន-រុស្ស៊ី​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ រីក​ផុសផុល​សម្បើម​ដល់​កម្រិត​ដែល​មិន​ធ្លាប់​មាន ហើយ​វា​ចាក់​ឫស​កាន់​តែ​ជ្រៅ​ទៅៗ​លើ​គ្រប់​វិស័យ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ តាម​ប្រសាសន៍​លោក Li Keqiang រុស្ស៊ី និង​ចិន​គ្រោង​បង្កើន​ដូច​គ្នា ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​ក្នុង​ឆ្នាំ​មុន មាន​ទឹកប្រាក់ ៨៣.០០០លាន​ដុល្លារ ឲ្យ​ទៅ​ទល់​ឆ្នាំ២០១៥ ឡើង​ដល់ ១០០.០០០លានដុល្លារ ហើយ​ទៅ​ទល់​ឆ្នាំ​២០២០ ឲ្យ​ស្ទុះ​ដល់​២០០.០០០លានដុល្លារ​តែម្តង។

អំពី​កិច្ចសន្យា​ពាណិជ្ជកម្ម​ដែល​មាន​ចុះ​ចំនួន ២៧ច្បាប់ ក្នុង​ទឹកប្រាក់​សរុប​១៥.០០០លាន​ដុល្លារ លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន​បង្ហើប​ឲ្យ​ដឹង​ថា វា​ប៉ះ​ជា​អាទិ៍​លើ​វិស័យ​ថាមពល វិស័យ​ផលិត​គ្រឿងចក្រ ផលិត​គ្រឿង​អេឡេចត្រូនិក។ល។ លោក​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​ទី១ Igor Shuvalov ពី​ចំណែក​ខ្លួន​គូស​បញ្ជាក់​ថា ចិន​ជាប់​ចំណាត់ថ្នាក់​ទី១ ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​បរទេស​របស់​រុស្ស៊ី ដោយ​ធ្លាក់​ទៅ​លើ​ចំណែក​ចិន គឺ​ដល់​ទៅ​ជាង១០% នៃ​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​រុស្ស៊ី។ អំពី​សាច់រឿង​វេទិកា​ដែល​ប្រព្រឹត្ត​ទៅ គាត់​លើក​ឡើង​ថា ឧទាហរណ៍​ជាក់ស្តែង​នៃ​សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធិភាព​លើ​វិស័យ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ គឺ​ការ​បង្កើត​ឡើង​ជា “មូលនិធិវិនិយោគ​ចិន-រុស្ស៊ី”៖ ដែល​ពី​ខាង​រុស្ស៊ី ចូល​រួម គឺ “មូលនិធិ​រុស្ស៊ី​ខាង​វិនិយោគ​ត្រង់​ផ្ទាល់” ហើយ​ពី​ខាង​ចិន គឺ​សាជីវកម្ម​ចិន​ខាង​វិនិយោគ” China Investment Corporation “ ហៅ​កាត់​ថា CIC។ បច្ចុប្បន្ន មូលនិធិ​រួម​នេះ មាន​ទឹកប្រាក់ ៤.០០០លានដុល្លារ។ គោលដៅ គឺ​សម្រាប់​ជំរុញ​ដល់​ការ​បញ្ចូល​វិនិយោគ​ទៅ​ក្នុង​គម្រោងរួម​នៃ​សហប្រតិបត្តិការ​ចិន-រុស្ស៊ី។

ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​នៅ​រុស្ស៊ី ពី​ថ្ងៃទី២៦​ដល់ទី​៣០ មេសា លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ត្រូវ​បាន​ទទួល​ជួប​ដោយ​លោក​មេដវេដេវ ប្រធានាធិបតី​ជិត​ផុតអាណត្តិ។ បន្ទាប់​មក គាត់​បាន​ជួប​ចរចា ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ពូទីន ដែល​១សប្តាហ៍​ទៀត​នឹង​ឡើង​កាន់​តំណែង ជា​ប្រធានាធិបតី​ថ្មី ព្រម​ទាំង​បាន​ជួប​ប្រស្រ័យ​ជាមួយ​លោក​ប្រធាន​សភា​ឌូម៉ា និង​លោកស្រី​ប្រធាន​ព្រឹទ្ធសភា​រុស្ស៊ី។ ក្នុង​ជំនួប​ទាំង​នេះ តែង​គូស​បញ្ជាក់ ដោយ​មិន​រំលង​ឡើយ ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​មហា​ប្រទេស​ចិន និងរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ