អានតួអត្ថបទ
ស្វីស

Forum សេដ្ឋកិច្ច​ពិភពលោក៖ គម្លាតថយចុះ​រវាង​ស្រី្ត និង​បុរស​នៅ​ក្នុង​ជីវិត​នយោបាយ​សម្រាប់​ឆ្នំា ២០១៣

គម្លាត​រវាង​ស្រ្តី និង​បុរស​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​មាន​ការ​ថយចុះ​ក្នុង​ឆ្នំា ២០១៣ នេះ​បើ​ផ្អែក​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ Forum សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃសុក្រ ទី២៥ តុលា។ គម្លាត​ថយចុះ​ក៏​ដោយសារ​តែ​មាន​ស្រ្តី​ភាគច្រើន​បាន​នំា​គ្នា​ចូល​ខ្លួន​ធ្វើ​នយោបាយ​ក្នុង​ឆ្នំា ២០១៣ នេះ។

Forum économique mondial
Forum économique mondial Reuters/ Christian Hartmann
ផ្សាយពាណិជ្ជកម្ម

កុំ​ឲ្យ​ចាញ់​បុរស និង​ចៀសវាង​​ឃ្លា​មួយ​ដែល​ថា ស្រ្តី​ជា​មេផ្ទះ វិល​ជុំ​វិញ​តែ​ចង្គ្រាន​នោះ មាន​ស្រ្តី​កាន់​តែ​ច្រើន​ឡើងៗ​បាន​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ។ យោង​តាម​របាយការណ៍​ប្រចំា​ឆ្នំា ២០១៣ ចេញ​ផ្សាយ​ដោយ Forum សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​កាល​ពី​ថ្ងៃ​សុក្រ ទី២៥ តុលា​ឲ្យ​ដឹង​ថា ក្នុង​ឆ្នំា ២០១៣ នេះ មាន​ស្រ្តី​ប្រមាណ​ជា ២១% បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ពោល​គឺ​មាន​ការ​កើន​បន្តិច បើ​ធៀប​នឹង​ឆ្នំា ២០១២ ដែល​មាន​តែ ១៩%។

របាយ​ការណ៍​ឆ្នំា ២០១៣ ដដែល​បាន​កត់សម្គាល់​ឃើញ​ថា មាន ៨៦ប្រទេស​ក្នុង​ចំណោម​ប្រទេស ១៣៣ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​គម្លាត​រវាង​ស្រ្តី និង​បុរស​ក្នុង​ឆាក​នយោបាយ ព្រម​ទាំង​បាន​ជួយ​លើក​តម្កើង​ស្ថានភាព​ទូទៅ​របស់​ស្រ្តី​ផង​ដែរ។ គួរ​រម្លឹក​ជូន​ថា Forum សេដ្ឋកិច្ច​ពិភពលោក​បាន​ចេញ​ផ្សាយ​របាយការណ៍​របៀប​នេះ​តំាង​ពី ៨ឆ្នំា​មក​ហើយ។ សម្រាប់​របាយការណ៍​ឆ្នំា ២០១៣ នេះ Forum សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្វើ​ការ​សិក្សា​ដោយ​ផ្អែក​លើ​ទិន្នន័យ​ផ្តល់​ដោយ​ប្រទេស​ចំនួន ១៣៦ប្រទេស​ស្តីពី​លទ្ធផល​នៃ​ការ​កាត់​បន្ថយ​គម្លាត​រវាង​បុរស និង​ស្រ្តី​នៅ​ក្នុង​វិស័យ​ចំនួន ៤ រួមមាន សុខភាព អប់រំ ការ​ចូលរួម​នៅ​ក្នុង​ជីវិត​នយោបាយ និង​សមភាព​សេដ្ឋកិច្ច។

មិន​ខុស​ពី​ឆ្នំា ២០១២ ទេ ប្រទេស​ដែល​បាន​រក្សា​ចំណាត់ថ្នាក់​របស់​ខ្លួន​នៅ​ដដែល​ក្នុង​ផ្នែក​កាត់​បន្ថយ​គម្លាត​រវាង​បុរស និង​ស្រ្តី​មាន អ៊ីស្លង់ ហ្វំាងឡង់ ន័រវែស និង​ប្រទេស​ស៊ុយអែត។ ជា​ការ​កត់សម្គាល់ ប្រទេស​អ៊ីស្លង់​បាន​រក្សា​ជា​ចំណាត់​ជា​ប្រទេស​ឈាន​មុខ​ទី១ តំាង​ពី ៥ឆ្នំា​មក​ហើយ ដោយ​បាន​កាត់បន្ថយ​គម្លាត​រវាង​បុរស និង​ស្រ្តី​រហូត​ដល់​ទៅ ៨០%។ រីឯ​ប្រទេស​បារំាង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៤៥ ក្នុង​ឆ្នំា ២០១៣ ទល់​នឹង​លេខ ៥៧ ក្នុង​ឆ្នំា ២០១២។ នៅ​អាស៊ី ជា​លើកទី១ ប្រទេស​ហ្វីលីពីន​បាន​ឡើង​ចំណាត់ថ្នាក់ទី៥ បន្ទាប់​ពី​ស្ថិត​ក្នុង​ចំណាត់ថ្នាក់ទី៨ កាល​ពី​ឆ្នំា ២០១២។ ចំណែក​ប្រទេស​ដែល​ស្ថិត​ក្រោម​គេ មាន​ឆាដ ជាប់​លេខទី ១៣៤ ប៉ាគីស្ថាន​ជាប់លេខ ១៣៥ និង​បន្ត​ដោយ​ប្រទេស​យេម៉ែន​ជាប់លេខ ១៣៦។

បើ​និយាយ​ជា​លក្ខណៈ​សកល មាន​តែ​គម្លាត​ទាក់ទង​នឹង​ការ​ចូលរួម​ក្នុង​នយោបាយ​ទេ ដែល​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ឆ្នំា ២០១៣ ដោយ​កើន​ពី ១៩% មក ២១%។ រីឯ​នៅ​ក្នុង​ផ្នែក ៣ទៀត រួមមាន សេដ្ឋកិច្ច អប់រំ និង​សុខភាព គឺ​គ្មាន​ផ្លាស់ប្តូរ​អ្វី​ទេ បើ​ធៀប​នឹង​ឆ្នំា ២០១២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ